នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​របស់​ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្ត​កោះកុង និង​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធជន​ក្រីក្រ
PrinterEmail
ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ព្រឹក​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​សាលា​ខេត្ត​កោះកុង មាន​ប្រារព្ធ​ពិធី​ប្រកាស​ចូល​កាន់​តំណែង របស់​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ខេត្ត​កោះកុង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ៊ុន ឆាលី អភិបាល​ខេត្ត​ស្តីទី តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម ប៊ុន លើត អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កោះកុង និង​ឯកឧត្តម​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ព្រម​ទាំង​ថ្នាក់​ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​មួយ​ចំនួន​ផង​ដែរ ។

          លោក ឃួន ឡានិច ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​បុគ្គលិក បាន​អាន​អនុក្រឹត្យ ស្តីពី​ការ​តែង​តាំង លោក នព្វ ឡេង អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​ចូល​និវត្តន៍ ជា​ទីប្រឹក្សា​ក្រសួង និង​ប្រកាស​ស្តី​ពី​ការ​តែង​តាំង​លោក គង់ រឿង ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ខេត្ត​កោះកុង ជំនួស​វិញ ។

          បន្ទាប់​ពី​ការ​ប្រគល់​ត្រា និង​សេចក្តី​ប្រកាស ដោយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា រួចមក លោក គង់ រឿង ប្រធាន​មន្ទីរ​ដែល​ទើប​តែង​តាំង​ថ្មី បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត ដោយ​ខិត​ខំ​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត ប្រាជ្ញា​ស្មារតី ដើម្បី​បន្ត​និរន្តរ​ភាព​ដឹក​នាំ និង​គ្រប់គ្រង​លើ​ការងារ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ក្នុង​ខេត្ត​កោះកុង ឲ្យ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​បន្ថែម​ទៀត ស្រប​តាម​យុទ្ធ​សាស្ត្រ និង​កម្មវិធី​ការងារ​របស់​ក្រសួង​ដែល​បាន​ដាក់​ចេញ ក៏​ដូច​ជា​គោល​នយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ជា​ប្រមុខ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ ដើម្បី​សំដៅ​ផ្តល់​សេវា​សង្គម​កិច្ច​ជូន​ដល់​ប្រជា​ពលរដ្ឋ ជា​ពិសេស ជន​ក្រីក្រ និង​ងាយ​រង​គ្រោះ ។

          ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ថ្មី​របស់​ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្ត​កោះកុង នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​លោក នព្វ ឡេង និង​លោក គង់ រឿង ដែល​ទទួល​បាន​មុខ​តំណែង​ថ្មី​នា​ថ្ងៃ​នេះ និង​ថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ខេត្ត​កោះ​កុង ដែល​កន្លង​មក អនុវត្ត​បាន​យ៉ាង​ល្អ​នូវ​រាល់​ផែនការ​ការងារ​ដែល​ថ្នាក់​ក្រសួង ក៏​ដូច​ជា ថ្នាក់​ខេត្ត​ប្រគល់​ជូន ដោយ​សម្រេច​បាន​នូវ​សមិទ្ធ​ផល និង​ស្នាដៃ​យ៉ាង​ច្រើន​ជា​បន្ត​បន្ទាប់ ។

          ឯកឧត្តម​បណ្ឌិតរដ្ឋមន្រ្តី​មាន​ប្រសាសន៍​ទៀត​ថា អង្គភាព​មួយ​អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​ជោគ​ជ័យ និង​សម្រេច​បាន​នូវ​សមិទ្ធផល​ល្អ​ៗ​បាន គឺ​ត្រូវ​មាន​ការ​ចូល​រួម​សហការ​គ្នា មិនមែន​បុគ្គល​តែ​ម្នាក់ឯង​អាច​សម្រេច​ការងារ​របស់​អង្គភាព​មួយ​បាន​នោះ​ទេ ដូច្នេះ​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​សហការ​គ្នា​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ជា​ពិសេស​ត្រូវ​មាន ការ​ឯក​ភាព និង​សាមគ្គីភាព​ផ្ទៃ​ក្នុង ដែលនេះ​គឺ​ជា​កត្តា​កំណត់​ជោគជ័យ​មួយដ៏​សំខាន់ ។

          តមក​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្ត​កោះកុង ដែល​ទើប​តែងតាំង​ថ្មី​នេះ ត្រូវ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន ឲ្យ​ទទួល​បាន​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត ជាពិសេស​ត្រូវ​បន្ត​កិច្ច​សហការ​ល្អ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន មន្ទីរ ក៏​ដូច​ជា​អង្គភាព​នានា​ជុំវិញ​ខេត្ត​ផង​ដែរ ។ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ក្នុងការ​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច ឲ្យ​ទទួល​​បាន​ជោគជ័យ​នា​ពេល​កន្លង​មក ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​អញ្ជើញ​បំពាក់​គ្រឿង ឥស្សរិយ​យស មេដាយ​ការងារ​ជូន​ដល់​ថ្នាក់​ដឹ​កនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ខេត្ត​កោះកុង ទាំងអស់​សរុប​ចំនួន ១២ រូប ផង​ដែរ ។

          ដោយឡែក​នៅព្រឹក​ថ្ងៃ​ដដែល ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក៏​បាន​អញ្ជើញ​ប្រគល់​ផ្ទះ ៣​ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​រ​បស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ជូន​ដល់​អតីត​យុទ្ធជន​ក្រីក្រ ចំនួន ៣​គ្រួសារ ស្ថិត​ក្នុង​ភូមិ​ស្មាច់​មាន​ជ័យ សង្កាត់​ស្មាច់​មានជ័យ ក្រុង​ខេមរ​ភូមិន្ទ ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ជាប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា បាន​គិតគូរ​យ៉ាង​យកចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ ជាពិសេស​បងប្អូន​អតីតយុទ្ធជន​កម្ពុជា​យើង ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុ​ភូមិ ។

          ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​ពាំនាំ​នូវ​អង្ករ ៥០​គីឡូក្រាម និង​សំភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​មួយ​ចំនួន ជូន​ដល់​អតីត​យុទ្ធជន​ក្រីក្រ​ទាំង ៣​គ្រួសារ ដែល​បាន​ទទួល​ផ្ទះ​ថ្មី​នា​ថ្ងៃ​នេះ និង​បាន​ចែក​ជូន​លោក​យាយ លោក​តា ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ចំនួន ២៥​នាក់ ម្នាក់​ៗ​សារុង​១ និង​ថវិកា ១​ម៉ឺនរៀល ។ តមក​​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​អញ្ជើញ​កាត់​ខ្សែ​បូ ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធជន ដើម្បី​ជានិមិ្មត​រូបក្នុងការ​ប្រគល់​ផ្ទះ​ទាំង ៣​ខ្នង ក្នុង​ខេត្ត​កោះកុង​នេះ​ផង​ដែរ ៕

 

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend