ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អញ្ជើញ​ចែក​អង្ករ ដែល​ជា​អំណោយ​របស់​អង្គការ​ត្រង់ស្វ៊ម​អេស្សា ជូនដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ
PrinterEmail
ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          អង្ករចំនួន ១០តោន និង​អំបិលអ៊ីយ៉ូត​ចំនួន ៤០០​គីឡូក្រាម ដែល​ជា​អំណោយ​របស់​អង្គការ​ត្រង់ស្វ៊ម​អេស្សា ត្រូវ​បាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ខណ្ឌ​ចំការមន ចំនួន ៤០០​គ្រួសារ នៅព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៣ ស្ថិត​ក្នុង​វត្ត​ទួលទំពូង សង្កាត់​ទួលទំពូង១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ​របស់​អង្គការ​ត្រង់ស្វ៊ម​អេស្សា និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ។

          លោក សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ប្រសាសន៍​ថា មន្ទីរ​បាន​សហការ​ជាមួយ​សាលា​ខណ្ឌ​ចំការមន ធ្វើការ​ជ្រើសរើស​យក​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ងាយរង​គ្រោះ មក​ទទួល​អំណោយ​នា​ថ្ងៃ​នេះ ដែល​មកពី​សង្កាត់​ចំនួន ៥ ក្នុង​ខណ្ឌ​ចំការមន ដោយ​ក្នុង ១​សង្កាត់ ៨០​គ្រួសារ ក្នុង​នោះ​មាន ៖ សង្កាត់​ទន្លេ​បាសាក់ សង្កាត់​ផ្សារដើមថ្កូវ សង្កាត់​បឹងកេងកង​៣ សង្ក់ាត​ទំបន់ទឹក និង​សង្កាត់​បឹងត្របែក ។

          លោក​បណ្ឌិត លី អើរ៉ុនស៊ីថាន អគ្គនាយក​អង្គការ​ត្រង់ស្វ៊មអេស្សា មានប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា អង្គការ​របស់​លោកបាន​ចាប់ផ្តើម​ដំណើរ​ការ​កម្មវិធី​របស់​ខ្លួន​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជនពិការ អស់​រយៈពេល ១៤​ឆ្នាំ កន្លង​មក​ហើយ ជាក់​ស្តែង ក្នុង ១ឆ្នាំៗ អង្គការ​បាន​ផ្តល់​នូវ​អំណោយ​ជាអង្ករ ថ្នាំ​ពេទ្យ ជូនដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាច្រើន នៅតាម​បណ្តា រាជធានីខេត្ត ទូទាំង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ នៅកម្ពុជា ។

          មានមតិ​សំណេះ​សំណាល​នៅក្នុង​ឱកាស​នោះដែរ ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា បានថ្លែង​អំណរ​គុណ​ដល់​អង្គការ​ត្រង់ស៊្វមអេស្សា និង​សប្បុរសជន​នានា ដែលបាន​ឧបត្ថម្ភ​ជា​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​សកម្មភាព​នេះ​ពិតជា​បាន​រួមចំណែក​យ៉ាង​ខ្លាំង ជួយដល់​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា ស្របតាម​គោលនយោបាយ និង​កម្មវិធីការងារ​របស់​ក្រសួង ។

          ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រី​ មានប្រសាសន៍​ទៀតថា នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មិនថា​អ្នកកាន់​ព្រះពុទ្ធ​សាសនា គ្រឹស្ថ​សាសនា ឬ​ឥស្លាមសាសនា​ទេ គឺយើង​ទាំងអស់​គ្នា​រស់នៅ​ជាមួយ​គ្នាបាន​យ៉ាង​សុខុដុម្យ​រម្មនា ព្រោះ​សាសនា​ទាំង​អស់​នេះ ត្រូវ​បានកកើត​ជាថ្មី​ឡើង​វិញ​នៅថ្ងៃ​តែមួយ គឺ​ថ្ងៃរំដោះ​ជាតិ​ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ៧​មករា ឆ្នាំ​១៩៧៩ ដែលមុន​ថ្ងៃនេះ គឺ​សាសនា​ទាំងអស់​នេះ​ត្រូវបាន​លុប​បំបាត់​ទាំង​ស្រុង ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​បន្ត​ទៀតថា រាជរដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​ដ៏ឈ្លាសវៃ​ប្រកប​ដោយគតិ​បណ្ឌិត​របស់ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា តែងតែ​បានយក​ចិត្តទុក​ដាក់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រី និង​ងាយរង​គ្រោះ និង​បាន​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​នៅពេលមាន​គ្រោះ​មហន្តរាយ កើតឡើង​ជាយថា​ហេតុ  ដោយ​បាន​ផ្តល់​ជា​ស្បៀង និង​សំភារ​ប្រើប្រាស់​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ដោយ​មិនប្រកាន់​បក្សពួក ឬនន្និការ​នយោបាយ​អ្វី​ឡើយ និយាយ​រួម គឺ​មិន​ទុក​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​យើងណា​ម្នាក់ ស្លាប់​ដោយអត់​អាហារ​នោះទេ ។

          តមក​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏បាន​អញ្ជើញ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រក្នុង​ខណ្ឌចំការមន ទាំង ៤០០​គ្រួសារ ដោយក្នុង ១​គ្រួសារ​ៗ ទទួលបាន​អង្ករ ១​បាវ ចំនួន ២៥​គីឡូ អំបិល​អ៊ីយ៉ូត ចំនួន ១គីឡូ និង​ថវិកា ១​ម៉ឺន រៀល​ផងដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend