កុមារ​កំព្រា និង​កុមារ​ពិការ ដែល​ស្នាក់​នៅក្នុង​បុរី​ទារក និង​កុមារ​ជាតិ ទទួល​បាន​អំណោយ​ពី​សប្បុរស​ជន ក្នុង​ឱកាស​ទិវា​កុមារ​អន្តរ​ជាតិ ១​មិថុនា
PrinterEmail
ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ក្នុង​ឱកាស​អបអរសាទរ​ទិវា​កុមារ​អន្តរ​ជាតិ ១ មិថុនា ឯកឧត្តម សំហេង បុរស អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​កិច្ច​ការ​​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​អនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​លោកជំទាវ បាន​អញ្ជើញ​ដឹកនាំ​យុវជន​ក្រសួង​សង្គមកិច្ច និង​យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ចុះ​សាក​សួរសុខ​ទុក្ខ​កុមារ​កំព្រា និង​កុមារ​ពិការ នៅ​បុរី​ទារក និង​កុមារ​ជាតិ កាល​ពី​រសៀល​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០១៣ ។

          យោង​តាម​របាយការណ៍​របស់​លោកស្រី ម៉ក់ ផាន់ណា ប្រធាន​បុរីទារក និង​កុមារ​ជាតិ បាន​គូស​បញ្ជាក់​ថា កុមារ​ដែល​ស្នាក់នៅ​ក្នុង​បុរី​នេះ សរុប​មាន​ចំនួន ១១៣​នាក់ ដែល​ភាគច្រើន​ជាកុមារ​កំព្រា​ដែល​ឳពុក​ម្តាយ​បាន​ស្លាប់​ចោល​ក្នុង​សម័យ​សង្គ្រាម និង​ជា​កុមារ​ពិការ ត្រូវបាន​ឪពុក​ម្តាយ​បោះបង់​ចោល​ផង​ដែរ ។

          មាន​មតិ​សំណេះ​សំណាល​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម សំហេង បុរស អគ្គ​នាយក នៃ​អគ្គនាយក​ដ្ឋាន​កិច្ចការ​រដ្ឋបាល និង​ហិរញ្ញវត្ថុ និង​ជា​អនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​រាជ​រដ្ឋាភិបាល ថ្នាក់​ដឹកនាំ​ក្រសួង​សង្គមកិច្ច និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ជា​និច្ច​កាល​​ តែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ របស់​ប្អូន​ៗ​ក្មួយ​ៗ​កុមារ​ដែល​ស្នាក់​នៅ​ក្នុង​បុរី​ទារក និង​កុមារ​ជាតិ​ទាំងអស់​ផង​ដែរ ។

          ក្នុង​នាម​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម សំហេង បុរស ក៏​បាន​ថ្លែង​អំណរគុណ​ដល់​សប្បុរស​ជន​នា​នា ជា​ពិសេស ចំពោះ​ប្អូន​ៗ យុវជន​ដែលជា​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ចូល​រួម​ជា​ថវិកា​ផ្ទាល់​ខ្លួន​របស់​ប្អូន​ៗ ដើម្បី​ឧបត្ថម្ភ​ដល់​កុមារ ក្នុង​បុរី​ទារក និង​កុមារ​ជាតិ​នេះ បើ​ទោះបី​ជាប្អូន​ៗ​មិនទាន់​មាន​ការងារ​ធ្វើ និង​គ្មាន ប្រាក់​ខែ​ក៏​ដោយ ប៉ុន្តែ​នេះ​គឺ​ជា​ទឹកចិត្ត​សប្បុរស​ធម៌​របស់​ប្អូន​ៗ ក្នុង​នាម​ជា​កូន​ខ្មែរ​ដូច​គ្នា ។

          ឯកឧត្តម​បាន​មាន​ប្រសាសន៍​ទៀត​ថា អំណោយ​ដែល​នាំយក​មក​ប្រគល់​ជូន​ដល់​បុរី​ទារក និង​កុមារ​ជាតិ នា​ពេល​នេះ​បាន​មក​ពី​សប្បុរស​នា​នា ដែល​ជា​ថ្នាក់​ដឹក​នាំ ក៏​ដូចជា​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​យុវជន​ក្រសួង​សង្គម​កិច្ច ដែល​ក្នុង​នោះ​រួម​មាន៖ អង្ករ ៤​បាវ មី​យើង ៣​កេស ទឹក​ក្រូច ១៨​កេស ទឹកសុទ្ធ ១៨​កេស នំ ស្ករ​គ្រាប់ និង សំភារៈ​សិក្សា​មួយ​ចំនួន​ផង​ដែរ ។

          តមក​ក៏មាន​ការ​សម្តែង​សិល្បៈ​របាំ ជូន​គណៈ​អធិបតី និង​ប្អូនៗ​កុមារ​ផងដែរ ដែល​សម្តែង​ដោយ​និសិ្សត​មកពី​សកល​វិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ និង​មាន​ការ​រាំ​ច្រៀង​លេង​កំសាន្ត​ជាមួយ​ប្អូន​ៗ​កុមារ​កំព្រា​នៅក្នុង​បុរី​ទារក និង​កុមារ​ជាតិ​ផង​ដែរ ។

          ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម សំហេង បុរស និង​លោក​ជំទាវ ក៏​បាន​ឧបត្ថម្ភ​ដល់​បុរី​ទារក និង​កុមារ​ជាតិ នូវ​ថវិកា ចំនួន ១​លាន​រៀល ឧបត្ថម្ភ​ដល់​បុគ្គលិក​បម្រើ​ការ​ក្នុង​បុរី​ទារក និង​កុមារ​ជាតិ​ទាំង​អស់ សរុប ៥៦​​នាក់ ក្នុង​ម្នាក់​ៗ​ថវិកា ៤ម៉ឺន​រៀល និង​កុមារ​សរុប ១១៣នាក់ ក្នុង​ម្នាក់​ៗ ថវិកា ៥​ពាន់រៀល​ផងដែរ ។

          តមក​ឯកឧត្តម សំហេង បុរស ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ការ​ថែ​ទាំ និង​ការ​រស់​នៅ របស់​កុមារ​តាម​បន្ទប់​នីមួយ​ៗ ផង​ដែរ និង​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ និង​អរគុណ​ដល់​បុគ្គលិក​ដែល​បាន​មើល​ថែទាំ​ទារក និង​កុមារ បាន​យ៉ាង​ល្អ​ប្រកប​ដោយការ​អត់​ធ្មត់​ខ្ពស់ ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend