នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​អង្គការ​សង្គ្រោះ​ជន​អស់​សង្ឃឹម ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ
PrinterEmail
ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          កាលព្រឹក​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៣ ឯកឧត្តម​​បណ្ឌិត អ៊ិត សំហេង ​រដ្ឋមន្រ្តី​​ក្រសួង​​សង្គមកិច្ច អតីត​​យុទ្ធជន និង​​យុវនីតិ​សម្បទា ​អនុញ្ញាត​ឲ្យ​​លោកស្រី ម៉ារី អិន្យ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​​​អង្គការ​​​សង្គ្រោះ​​​ជន​​អស់​​​សង្ឃឹម ចូល​ជួប​​​សម្តែង​​​ការ​​​គួរ​​​សម និង​​ពិភាក្សា​​​ការ​ងារ នៅ​​ទីស្តី​​ការ​​ក្រសួង ។

          លោកស្រី ម៉ារី អិន្យ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល នៃ​អង្គការ​សង្គ្រោះ​ជន​អស់​សង្ឃឹម មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​​ឯកឧត្តម​​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ជាពិសេស សម្តេច​​កិត្តិ​​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​​កាក​បាទ​ក្រហម​កម្ពុជា ដែល​ជានិច្ចកាល​តែងតែ​យក​ចិត្ត​ទុក​ដាក់​​ខ្ពស់​​ចំពោះ​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ជា​ពិសេស ជន​ក្រីក្រ និង​ងាយ​រងគ្រោះ ជាក់ស្តែង​កាល​​ពី​ពេល​ថ្មី​ៗ​​កន្លង​​ទៅ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​​ចុះ​សួរ​​សុខ​​ទុក្ខ​​​កុមារ​​កំព្រា ជន​​ចាស់​ជរា និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ ដែល​ស្នាក់​នៅ​ក្នុង​អង្គការ​របស់​លោកស្រី ព្រម​ទាំង​​បាន​​ផ្តល់​នូវ​អំណោយ​យ៉ាង​ច្រើន​​ប្រកប​ដោយ​​ទឹកចិត្ត​មនុស្ស​​ធម៌ និង​ក្តី​​អាណិត​អាសូរ​ក្រៃ​លែង ។

          មាន​ប្រសាសន៍​នៅក្នុង​​ជំនួប​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​​ក្រសួង​​សង្គមកិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​​សម្បទា បាន​ថ្លែង​នូវ​ការ​កោត​សរសើរ ចំពោះ​​លោកស្រី ម៉ារី អិន្យ ដែល​ជា​ជន​ជាតិ​បរទេស ប៉ុន្តែ​មាន​ចិត្ត​អាណិត​​ស្រឡាញ់​​ប្រជាជន​កម្ពុជា ជា​ពិសេស តាមរយៈ​សកម្មភាព​​របស់​​អង្គការ​​សង្គ្រោះ​ជនអស់​សង្ឃឹម គឺ​បាន​បង្ហាញ​​ពី​ការ​​ខិតខំ​ប្រឹង​ប្រែង បើទោះ​បី​ជា​លោក​ស្រី​មាន​អាយុ ៧៨​ឆ្នាំ ហើយ​ក្តី តែ​លោកស្រី​នៅតែ​ស្វះ​ស្វែង​រក​មូល​និធិ​​ពី​​សប្បុរស​ជន​នៅ​ក្រៅ​ប្រទេស ដើម្បី​ជួយ​ឧបត្ថម្ភ​​គាំទ្រ​រាល់​​សកម្មភាព​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជា​ជន​​អស់​​សង្ឃឹម ជន​ចាស់​ជរា កុមារ​កំព្រា អ្នក​ផ្ទុក​មេរោគអេដស៍ និង​​កុមារ​ដែល​ត្រូវ​គេបោះបង់​ចោល ឲ្យ​រស់នៅ​​សមរម្យ និង​ទទួល​បាន​ការ​ថែ​ទាំសុខភាព និង​ការ​សិក្សា​រៀន​សូត្រ បាន​យ៉ាង​ល្អ​ប្រសើរ ធ្វើ​ឲ្យ​ជន​អស់​​សង្ឃឹម​​ទាំង​​នោះ បែរ​ជា​មាន​សង្ឃឹម​វិញ បន្ទាប់​ពី​បាន​​មក​ស្នាក់នៅ​ក្នុង​មណ្ឌល​​សង្គ្រោះ​​ជន​អស់​សង្ឃឹម​របស់​លោកស្រី ។

          ឯកឧត្តម​​​បណ្ឌិត​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ទៀត​ថា  រាជរដ្ឋាភិបាល​ក្រោម​​ការ​​ដឹកនាំ​​ប្រកប​ដោយ​​គតិ​បណ្ឌិត​​របស់ ​សម្តេច​​អគ្គ​​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​នៃ​​ព្រះរាជា​​ណា​ចក្រ​កម្ពុជា ជានិច្ចកាល​​តែងតែ​យក​​ចិត្ត​ទុក​ដាក់​​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជាពិសេស​​កុមារ​​កំព្រា កុមារ​ពិការ ជន​ងាយរង​គ្រោះ អ្នកផ្ទុក​មេរោគ​អេដស៍ ដោយ​ធ្វើយ៉ាង​ណា​បង្ខិត​សេវា​សាធារណៈ ឲ្យ​​ទៅ​​​​គៀក​​នឹង​ប្រជាពលរដ្ឋ សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ភាព​ងាយ​រងគ្រោះ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

          ទន្ទឹម​នឹង​នោះ​​​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ក៏​បាន​អំពាវ​នាវ​ដល់​លោកស្រី ម៉ារី អិន្យ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក៏ដូច​ជា​​គណៈ​កម្មការ​នាយក នៃ​អង្គការ​សង្គ្រោះ​ជន​អស់​សង្ឃឹម បន្ត​​កិច្ច​សហការ​ល្អ​ជាមួយ​ក្រសួង​សង្គមកិច្ច ក្នុង​ការ​​រៀប​ចំ​មណ្ឌល​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​បន្ថែម​ទៀត ស្រប​ទៅ​តាម​បទដ្ឋាន​របស់​ក្រសួង​ដែល​បាន​កំនត់ ។

          តមក​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​​ក្រសួង​​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​ប្រគល់​ព្រះរាជ​​ក្រឹត្យ របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​​សព្វ​ព្រះរាជ​ហរទ័យ ប្រោស​ព្រះរាជ​ទាន​នូវ​សញ្ជាតិ​ខ្មែរ ជូនដល់​លោកស្រី ម៉ារី អិន្យ ដើម្បី​​ជា​​ការ​លើក​​ទឹក​ចិត្ត​ចំពោះ​សកម្មភាព​មនុស្សធម៌​ដ៏ថ្លៃថ្លា​របស់​លោកស្រី ក្នុង​កិច្ច​ការពារ​ជន​រងគ្រោះ នៅ​ទូទាំង​ប្រទេស​​កម្ពុជា ក្នុង​រយៈពេល​កន្លង​មក ៕

         

 

 

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend