នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី អញ្ជើញ​ទទួល​ជួបសម្តែង​ការ​គួរ​សម និង​ពិភាក្សា​​ការងារ ជាមួយ​​គណៈ​ប្រតិភូ​សមាគម​អន្តរ​ជាតិ​ផ្នែក​អវៈ​យវៈ​សិប្ប​និមិត្ម និង​រណប
PrinterEmail
ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          រសៀល​ថ្ងៃទី​១៦ ខែ​កកក្កដា ឆ្នាំ​២០១៣ នៅ​ទីស្តីការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​សមាគម​អន្តរជាតិ​ផ្នែក​អវៈ​យវៈ​សិប្ប​និម្មិត និង​រណប ដែល​ដឹកនាំ​ដោយ​លោក​ស្រី សែនដ្រា ស៊ិចស្តុន តំណាង​ឲ្យ​មូល​និធិ​សមាគម​អន្តរជាតិ​ផ្នែក​អវយវៈសិប្ប​និម្មិត និង​រណប ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ ។

          លោក​ស្រី សែនដ្រា ស៊ិចស្តុន មាន​ប្រសាសន៍ថា សមាគម​អន្តរជាតិ​ផ្នែក​អវៈ​យវៈ​សិប្ប​និម្មិត និង​រណប បាន​ផ្តល់​ការ​ទទួល​ស្គាល់​នូវ​ការ​កម្រិត​សិក្សា និង​សញ្ញា​បត្រ​នៃ​វគ្គ​បណ្តុះ​បណ្តាល​របស់​សាលា​អវៈ​យៈ​សិប្ប​និម្មិត និង​រណប​កម្ពុជា ហើយ​បាន​ផ្តល់​សញ្ញាបត្រ​ដល់​និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​វគ្គ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ លើសពី​នេះ​ទៅ​ទៀត សមាគម​អន្តរជាតិ​ផ្នែក​អវៈ​យវៈ​សិប្ប​និម្មិត និង​រណប ក៏​កំពុង​ធ្វើការ​ជាដៃគូ​ជាមួយ​នឹង​ភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​របស់​សហរដ្ឋ​អាមេរិច ដើម្បី​បន្ត​ផ្តល់​ថវិកា​ដល់​និស្សិត​តាម​រយៈ​អាហារូបករណ៍​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​ពួកគេ​បាន​ចូល​សិក្សា​ក្នុង​កម្ម​វិធី ដែល​ទទួល​ស្គាល់​ដោយ​សមាគម​របស់​លោកស្រី ។

          លោកស្រី​មាន​ប្រសាសន៍​ទៀត​ថា លោកស្រី​មាន​គោល បំណង​ធ្វើ​ការ​វាយ​តម្លៃ​លើ​ការ​ប៉ះពាល់នៃ​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដោយ​ប្រៀប​ធៀប​ទៅនឹង​ស្តង់ដា​អន្តរ​ជាតិ ហើយ​ការងារ​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​ទម្រង់​សវនកម្ម​ទៅលើ​និសិ្សត​ដែល​បាន​បញ្ចប់​ការ​សិក្សា ហើយ​យើង​មាន​ផែន​ការ​ធ្វើ​សវនកម្ម​​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា លើស​ពី​នេះ​ទៀត លោកស្រី​ក៏​ចង់​ដឹង​ផង​ដែរ​អំពី​គោល​នយោបាយ​របស់​ក្រសួង​ពាក់ព័ន្ធ​នឹង​វិស័យ​ពិការ​ភាព​នេះ ។         

          ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​របស់​សមាគម​អន្តរជាតិ​ផ្នែក​អវៈ​យវៈ​សិប្ប​និម្មិត និង​រណប ដែល​ធ្វើ​ការងារ​ស្តារ​លទ្ធ​ភាព​កម្ម ក៏​ដូច​ជា បញ្ហា​បច្ចេក​ទេស​ផលិត​នូវ​អវៈ​យៈ​សិប្ប​និម្មិត និង​រណប​នេះ ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ទៀត​ថា វិស័យ​ពិការ​ភាព​នៅ​កម្ពុជា គឺ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ និង​ចាត់​ទុក​ជា​វិស័យ​អាទិភាព​មួយ​ផង​ដែរ ហើយ​ក្នុង​រយៈពេល​កន្លង​មក​នេះ កម្ពុជា​សម្រេច​បាន​លទ្ធផល​ធំៗ​ជាច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ ក្នុង​នោះ​គឺ កម្ពុជា​បាន​បង្កើត​ច្បាប់​ស្តី​ពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ និង​បាន​ផ្តល់​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​ស្តី​ពី សិទ្ធិ​ជន​ពិការ​របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​ទាំង​នេះ គឺ​ជា​លិខិត​បទដ្ឋាន​គោល​ដ៏​សំខាន់​ដែល​ទាក់​ទង​ទៅ​នឹង ការ​អនុវត្ត​គោល​នយោបាយ​ជាតិ​ស្តី​ពី​ជន​ពិការ​នៅ​កម្ពុជា ។

          លើស​ពីនេះ​ទៅ​ទៀត ក្រសួង​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​ជួយ​ដល់​ជន​ពិការ​ក្រីក្រ​នៅ​តាម​សហគមន៍ ដែល​យើង​បាន​សាកល្បង​នៅ​ខេត្ត​ចំនួន ៣​រួមមាន៖ ខេត្ត​កណ្តាល តាកែវ និង​កំពង់ស្ពឺ ។ ឯកឧត្តម​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏​មាន​គោល​នយោបាយ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន​រដ្ឋ​ទាំង​អស់ ជ្រើសរើស​យក​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​អត្រា ២% និង ១% សម្រាប់​វិស័យ ឯក​ជន ហើយ​ឆ្នាំ​២០១៣ នេះ គឺជា​ឆ្នាំ​ចុងក្រោយ​សម្រាប់​គ្រប់​ក្រសួង ស្ថាប័ន​រដ្ឋ​ទាំង​អស់ ក្នុង​ការ​ទទួល​យក​ជន​ពិការ​ឲ្យ​ចូល​បម្រើ​ការងារ​គ្រប់​ចំនួន ២% បន្ទាប់​មក គឺ​យើង​នឹង​ធ្វើការ​អនុវត្ត​ចំពោះ​វិស័យ​ឯកជន​បន្ត​ទៀត ។

        ទាក់ទង​នឹង​ការ​បណ្តុះ​បណ្តាល​អ្នក​ផលិត​អវយវៈ​សិប្ប​និម្មិត និង​រណប​នេះ​ផងដែររ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង​ ក៏​បាន​គូស​បញ្ជាក់​ថា កន្លងមក​យើង​មាន​សាលា​បណ្តុះ​បណ្តាល​អវៈ​យវៈ​សិប្ប​និម្មិត និង​រណប ប៉ុន្តែ​ឥឡូវ​នេះ​បាន ក្លាយ​ទៅ​ជា​មហា​វិទ្យាល័យ​វិស្វរកម្ម​ឧបករណ៍​សិប្ប​និម្មិត និង​រណប ដែល​ស្ថិត​នៅ​ក្រោម​វិទ្យាស្ថាន​ជាតិ​សង្គម​កិច្ច របស់​ក្រសួង​សង្គមកិច្ច បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​និស្សិត​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ហើយ​ភាគ​ច្រើន​និស្សិត​ទាំង​អស់​នោះ អាច​ធ្វើ​ការងារ​បាន​យ៉ាង​ល្អ​នៅពេល​ដែល​បញ្ចប់​ការ​សិក្សា ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend