ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​រាយការណ៍​អំពី​សកម្មភាព​របស់​ខ្លួន
PrinterEmail
ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          រសៀល​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៣ នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដ​កម្ម បាតុ​កម្ម នៅ​តាម​គ្រប់​មុខ​សញ្ញា អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ ដែល​ដឹក​នាំ​ដោយ​លោក សាត់ ឈាងហួ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​ខ្លួន ។

          លោក សាត់ ឈាងហួ មាន​ប្រសាសន៍​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​ខ្លួន ដោយ​បាន​គូស​បញ្ជាក់​ថា សហ​ភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១១ ដោយ​មាន​សហព័ន្ធ​សហជីព​ចំនួន ៤ ជា​ស្ថាប​និក ដោយ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​ការ​ពារ និង​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​របស់​កម្មករ និយោ​ជិត និង សហ​ការជាមួយ​អង្គការ សមា​គម ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​អភិវឌ្ឍន៍​អង្គការ​របស់​ខ្លួន​ដោយ​ឯករាជ្យ និង​អភ្យា​ក្រឹត្រ ហើយ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ សហ​ភាព មាន​សហព័ន្ធ​សហជីព អង្គ​ការ សមា​គម សរុប​ចំនួន ១៣ បាន​ចូល​រួម និង​មាន​សហជីព​មូលដ្ឋាន​ចំនួន ៨២ ព្រម​ទាំង​សមាជិក​ចំនួន ៤៤.៦៨២ នាក់ ។   

          លោក​បាន​បន្ត​ទៀត​ថា ក្នុង​នាម​ប្រធាន អនុ​ប្រធាន ក៏​ដូចជា សមា​ជិក សមា​ជិកា នៃ​សហភាព​ជាតិ​កម្ពុជា​ការ​ពារ កម្មករ សូម​សម្តែង​នូវ​ការ​អរគុណ និង​គាំទ្រ​ចំពោះ​រាជរដ្ឋា​ភិបាល​កម្ពុជា ដែល​បាន​សម្រេច​តម្លើង​ប្រាក់​ឈ្នួល អប្បបរមា​របស់​កម្មករ​​រហូត​ដល់ ៨០ ដុល្លារ​អាមេរិច និង​សូម​ធ្វើការ​ប្តេជ្ញា​ចិត្ត​ក្នុងការ​អនុវត្ត​តាមបទ​​បញ្ជា​លេខ ០៣ បប របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ នា​ពេល​កន្លង​ទៅ​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ដើម្បី​រួម​ចំណែក​ក្នុង​ការ​រក្សា​ការ​ពារ សន្តិ​សុខ សណ្តាប់​ធ្នាប់​សាធារណៈ នៅ​តាម​តំបន់​រោងចក្រ សហ​គ្រាស និង​តំបន់​ឧស្សាហ​កម្ម​នា​នា ។

          តមក​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជាប្រធាន​គណៈកម្មា​ធិការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដ​កម្ម បាតុ​កម្ម នៅ​តាម​គ្រប់​មុខ​សញ្ញា មាន​ប្រសាសន៍ កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព និង​លទ្ធផល​ដែល​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ សម្រេច​បាន ជា​ពិសេស គឺ​ការ​ទប់​ស្កាត់​បាន​នូវការ​ធ្វើ​បាតុកម្ម ដែល​នាំ​ឲ្យ​ខាត​បង់​ផល​ប្រយោជន៍​រួម​របស់​កម្មករ និយោ​ជិត ដោយ​ឈរ​លើ​គោល​ការណ៍​ចរ​ចារ សម្រប​សម្រួល និង​ដោះស្រាយ​ដោយ​សន្តិ​វិធី ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ក៏​បាន​មាន​ប្រសាសន៍​ណែនាំ​ឲ្យ​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ ត្រូវ​តែ​បន្ត​អនុវត្ត​តាម​បទ​បញ្ជា ០៣ បប​ របស់​រាជរដ្ឋាភិបាល ឲ្យ​បាន​ខ្ជាប់​ខ្ជួន​បន្ត​ទៀត ដើម្បី​បង្កើត​ឲ្យ​មាន​សុខដុម្យប​នីយ​កម្ម​រវាង​កម្មករ និង​និយោជក សំដៅ​បង្កើត​សមត្ថភាព​ផលិត​កម្ម រួម​ចំណែក​ក្នុង​ការ​ពន្លឿន​សេដ្ឋកិច្ច​ជាតិ កាត់​បន្ថយ​បាន​នូវ​ភាពក្រីក្រ ។

          ជាទី​បញ្ចប់ ឯកឧត្តម​បណ្ឌិត  អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​គ្រប់​មុខ​សញ្ញា បាន​ផ្តល់​នូវ​អនុសាសន៍​ឲ្យ​សហ​ភាព​សជាតិ​កម្ពុជា​ការពារ​កម្មករ ត្រូវ​បន្ត​ពង្រឹង​ពង្រីក​នូវ​ភាព​ជាតំណាង​របស់ខ្លួន​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត នៅ​តាម​បណ្តា​រោងចក្រ សហ​គ្រាស ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend