នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី​ក្នុង​កម្ម​វិធី​បើក​សិក្ខា​សាលា​អបអរ​សាទរ​ខួប​លើក​ទី ៤ នៃ​ការ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់ ច្បាប់​ស្តី​ពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជនពិការ
PrinterEmail
ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          សិក្ខាសាលា​អបអរ​សាទរ​ខួប​លើក​ទី​៤ នៃ​ការ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​ស្តីពី​កិច្ច​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ត្រូវ​បាន​ប្រារព្ធ​បើក​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ ។

          លោក ងិន សៅរ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សិក្ខា​សាលា​អបអរ​សាទរ ខួប​លើក​ទី​៤ នៃ​ការ​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ក្រោម​ប្រធាន​បទ “រួមគ្នា​លើក​កម្ពស់​សិទ្ធិ​ទទួល​បាន​ការងារ​របស់​ជន​ពិការ” រៀបចំ​ឡើង​ក្នុង​គោល​បំណង បង្ហាញ​អំពី​គោល​ជំហរ​របស់​ជនពិការ​កម្ពុជា លើ​ច្បាប់​ស្តីពី​កិច្ច​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ផ្សព្វផ្សាយ​ពី​សារៈ​សំខាន់​នៃ​ការ​អនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ទាក់ទង​នឹង​សិទ្ធិ​ជន​ពិការ និង​បង្កើន​ការ​យល់​ដឹង​អំពី​សិទ្ធិ​ទទួល​បាន​ការងារ​ធ្វើ​របស់​ជន​ពិការ ដល់​សាធារណ​ជន ។

          ថ្លែង​នៅ​ក្នុង​ឱកាស​បើក​សិក្ខា​សាលា​អបអរ​សាទរ​ខួប​លើក​ទី៤ នៃ​ការ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​ស្តីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អង្គការ​ជន​ពិការ​កម្ពុជា ដែល​បាន​រៀបចំ​សិក្ខា​សាលា​ដ៏​មាន​សារៈ​សំខាន់​នេះ​ឡើង ដែល​ប្រធាន​បទ​ឆ្លុះ​បញ្ចាំង​អំពី​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​ការ​រីករាយ​ពេញ​ចិត្ត​របស់​បងប្អូន​ជន​ពិការ និង​ប្រជា​ពលរដ្ឋ​ទូទៅ ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ច្បាប់​ស្តីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ដែល​ជា​ប្រវត្តិ​សាស្ត្រ ពុំ​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​កម្ពុជា ។

          ឯកឧត្តមបណ្ឌិត​មាន​​ប្រសាសន៍​ទៀត​ថា ច្បាប់​ស្តីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ និង​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​ពិការ​របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន គឺ​ជា​បទដ្ឋាន​គតិ​យុត្ត​ពីរ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សម័យ​នេះ បង​ប្អូន​ជនពិការ​យើង ពិតជា​មាន​ក្តី​សង្ឃឹម​ក្នុង​ជីវិត និង​ទទួល​បាន​ការ​គិតគូរ​ខ្ពស់​ពី​សំណាក់​រាជរដ្ឋា​ភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជា​ប្រមុខ​ដឹក​នាំ ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី បាន​បន្ត​ទៀត​ថា នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ ព្រះរាជា​ណាចក្រ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សុខុមាល​ភាព​សង្គម និង​អភិវឌ្ឍ​អាស៊ាន និង​អាស៊ាន​បូក​បី ក្នុង​វិស័យ​សង្គម​កិច្ច ក្នុង​អាស៊ាន ដោយ​មិន​បាន​បំភ្លេច​ចោល​ជន​ណា​ម្នាក់​នោះ​ទេ ជា​ពិសេស​ជន​ពិការ ។

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend