ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​ឧទ្ទេស អនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ ស្តីពី​សិទ្ធិ​ជន​ពិការ
PrinterEmail
ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៣ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវ​នីតិ​សម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​អញ្ជើញ​​ជា​​អធិបតី​​ក្នុង​​ពិធី​​បើក​​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​ឧទ្ទេស ពាក់ព័ន្ធ​នឹង​អនុសញ្ញា ស្តីពី​សិទ្ធិ​ជន​ពិការ ដល់​ថ្នាក់​ដឹក​នាំ និង​​មន្រ្តី​អគ្គលេខាធិការ​ដ្ឋាន​​ក្រុម​​ប្រឹក្សា​សកម្មភាព​ជន​ពិការ នៅ​​សណ្ឋាគារ​​កាំបូឌី​​យ៉ា​ណា ។

          ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃ​​អគ្គ​លេខា​​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ មាន​ប្រសាសន៍​ថា វគ្គ​​បណ្តុះ​​បណ្តាល​គ្រូ​ឧទ្ទេស ពាក់ព័ន្ធ​នឹង​​អនុ​​សញ្ញា ស្តីពី​សិទ្ធិ​ជន​ពិការ​នេះ គឺ​មាន​រយៈពេល​២​ថ្ងៃ ក្នុង​គោល​បំណង​ពង្រីក​​ចំណេះ​​ដឹង​ដល់​ថ្នាក់​ដឹក​នាំ និង​មន្រ្តី​​ក្រុម​​ប្រឹក្សា​​សកម្មភាព​ជន​ពិការ ​ឲ្យ​​ក្លាយ​ជា​គ្រូ​ឧទ្ទេស​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់ ដើម្បី​បណ្តុះ​បណ្តាល​​ផ្សព្វ​​ផ្សាយ និង​ចែក​រំលែក​​បទ​ពិសោធន៍​​បន្ត សំដៅ​​លើក​កម្ពស់​ការ​​យល់​ដឹង និង​បម្រើ​ផល​ប្រយោជន៍​សម្រាប់​​បងប្អូន​​ជន​ពិការ។

          ឯកឧត្តម​បាន​បន្ត​ទៀត​ថា កម្មវិធី​​នៃ​វគ្គ​​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ចែក​ចេញ​ជា ៧​កម្មវិធី​​រួម​​មានៈ ១. សិក្សា​អំពី​ទស្សនៈ​ទូទៅ អំពី​ពិការ​​ភាព​, ២. សេចក្តី​ផ្តើម​នៃ​អនុ​សញ្ញា, ៣. ការ​អនុវត្ត​អនុ​សញ្ញា, ៤. ការ​រើស​អើង, ៥. ក្រប​ខណ្ឌ​ថ្នាក់​ជាតិ, ៦. របាយ​ការណ៍​​រដ្ឋ​ភាគី និង ៧. ការងារ​ជា​ក្រុម ។

          ថ្លែង​នៅ​ក្នុង​​ឱកាស​​នេះ​​ផង​ដែរ ឯកឧត្តម​​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន និង​យុវ​នីតិ​​សម្បទា និង​​ជា​​ប្រធាន​​​ក្រុម​ប្រឹក្សា​​សកម្ម​ភាព​​ជន​ពិការ បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​​អគ្គលេខា​ធិការ​​ដ្ឋាន​ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការ ដែល​បាន​រៀបចំ​វគ្គ​បណ្តុះ​​បណ្តាល​​មាន​​​សារៈ​សំខាន់​​នេះ​​ឡើង ហើយ​ក៏​បាន​​ឆ្លុះ​បញ្ចាំង​អំពី​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​ការពេញ​ចិត្ត​របស់​បង​ប្អូន​ជន​ពិការ ចំពោះ​រាជរដ្ឋាភិបាល​​ក្នុង​ការ​​រៀប​​ចំ​ឲ្យ​មាន​ច្បាប់​ស្តីពី​កិច្ច​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ពិសេស​គឺ​ថ្មី​ៗ​នេះ​ គឺ​បាន​បង្កើត​អនុ​សញ្ញា​ ស្តីពី​​សិទ្ធិ​ជន​ពិការ​របស់​អង្គការ​សហ​ប្រជាជាតិ​នេះ ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​គិតគូរ​ខ្ពស់​​ពី​​សំណាក់​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​ជា​​ប្រមុខ និង​​ជា​​ប្រធាន​កិត្តិយស​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ​ ។

          ឯកឧត្តម​​បណ្ឌិត​បាន​បន្ត​​ទៀត​​​ថា នៅ​ដើម​ខែ​កញ្ញា​ខាង​​មុខ​​នេះ ​ព្រះរាជា​​ណាចក្រ​កម្ពុជា ​នឹង​ធ្វើ​ជា​ម្ចាស់​​ក្នុង​ការ​រៀប​ចំ​​កិច្ច​​ប្រជុំ​​រដ្ឋមន្ត្រី​​ទទួល​បន្ទុក​​សុខុមាល​ភាព​សង្គម និង​​អភិវឌ្ឍ​​អាស៊ាន និង​អាស៊ាន​បូក​បី លើ​វិស័យ​សង្គម​កិច្ច​ក្នុង​តំបន់​​អាស៊ាន ដោយ​​មិន​​បាន​​បំភ្លេច​​ចោល​ជនណា​​ម្នាក់​​នោះ​​ទេ ​ជា​ពិសេស ជនពិការ ។

          ទន្ទឹម​នឹង​នោះ​​ឯកឧត្តម​​មាន​​ប្រសាសន៍​​ទៀត​​ថា រាជរដ្ឋាភិបាល​​បាន​ទទួល​​ស្គាល់​​អំពី​​សារៈ​​សំខាន់ និង​តម្រូវ​ការ​សិទ្ធិ និង​​ការ​ដាក់​​បញ្ចូល​​ជន​​ពិការ​​ទៅ​ក្នុង​​ការ​​អភិវឌ្ឍ និង​បាន​ដាក់​បញ្ចូល​ពិការ​ភាព និង​​បង្កើន​​ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ជន​ពិការ ដូច​​មាន​​ចែង​ក្នុង​កម្ម​វិធី​នយោបាយ ផែនការ​យុទ្ធសាស្រ្ត​ចតុកោណ និង​​​យុទ្ធ​សាស្រ្ត​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ ដើម្បី​​ធានា​ការ​គោរព​​សិទ្ធិ​ជា​មូលដ្ឋាន​​របស់​បង​ប្អូន​ជន​ពិការ ។

          ជាទី​បញ្ចប់ ឯកឧត្តម​​បណ្ឌិត​រដ្ឋមន្រ្តី ក៏​បាន​ផ្តាំផ្ញើ​​ដល់​​សិក្ខា​កាម​​ទាំង​អស់​​ឲ្យ​ខិត​ខំ​ប្រឹង​ប្រែង​ក្រេប​យក​ចំណេះ​ដឹង និង​បទ​​ពិសោធន៍​ល្អ​ៗ  ដើម្បី​មាន​លទ្ធភាព​​ធ្វើ​ការ​​បណ្តុះ​​បណ្តាល ផ្សព្វ​ផ្សាយ និង​ចែក​រំលែក ជួយ​ដល់​​ជន​​ពិការ​​នៅ​​ទូទាំង​ប្រទេស សំដៅ​​លើក​កម្ពស់​ការ​យល់​ដឹង និង​​បម្រើ​​ផល​​ប្រយោជន៍​​ដល់​បង​ប្អូន​ជន​ពិការ​ផង​ដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend