ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​ស៊ីវិល នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន
PrinterEmail
ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ល្ងាច​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្ត​សៀមរាប ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម លី លីគួក រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​ស៊ីវិល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

          ជំនួប​ពិភាក្សា​ការងារ​នេះ​ផង​ដែរ ត្រូវ​បាន​ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សុខុមាល​ភាព​សង្គម និង​អភិវឌ្ឍន៍​អាស៊ាន បូក ៣ លើកទី ៤ ចាប់​ផ្តើម​ដែល​ក្នុង​ឯកឧត្តម​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា ចិន នឹង​ធ្វើជា​សហ​ប្រធាន​ក្នុង​កិច្ច​ប្រជុំ​នេះ ។

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​វត្តមាន របស់​ឯកឧត្តម លី លីគួក ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សុខុមាល​ភាព​សង្គម និង​អភិវឌ្ឍន៍​អាស៊ាន​បូក ៣ លើក​ទី ៤ នេះ​ផង​ដែរ ដែល​វត្តមាន​របស់​ឯកឧត្តម ក្នុង​នាម​ជា​សហ​ប្រធាន​ជាមួយ​ព្រះរាជា​ណាចក្រក​ម្ពុជា ពិត​ជា​មាន​សារៈ​សំខាន់​នៅ​ក្នុង​ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​នេះ ។

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង មាន​ប្រសាសន៍​ទៀត​ថា សម្រាប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សុខុមាល​ភាព​សង្គម និង​អភិវឌ្ឍន៍​អាស៊ាន​បូក ៣ លើកទី​៤ ដែល​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៣ គឺ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន នឹង​ធ្វើ​ជា​សហ​ប្រធាន ក្នុង​ការ​ដឹកនាំ​កិច្ច​ប្រជុំ​នេះ​រួម​គ្នា ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ទៅ​តាម​ការ​គ្រោង​ទុក ។

          តមក​ឯកឧត្តម លី លីគួក រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​ស៊ីវិល នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរថា កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​សុខុមាល​ភាព​សង្គម និង​អភិវឌ្ឍន៍​អាស៊ាន​បូក​ ៣ បាន​ដំណើរ​ការ ៣ លើក​រួច​មក ហើយ ហើយ​ឯកឧត្តម​ក៏​បាន​បញ្ជូន​គណៈ​ប្រតិភូ​ទៅ​ចូល​រួម​ទាំង​៣ លើក​ផង​ដែរ ដោយ​ទទួល​បាន​លទ្ធផល​ជា ផ្លែ​ផ្កា​យ៉ាង​ល្អ​ប្រសើរ ។

          ឯកឧត្តម​បាន​បន្ត​ទៀត​ថា សម្រាប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សុខុមាល​ភាព​សង្គម និង​អភិវឌ្ឍន៍​អាស៊ាន​បូក​ ៣ លើកទី​៤ នេះ​ផង​ដែរ ក្នុង​នាម​ជា​សហ​ប្រធាន​តួនាទី​របស់​ឯកឧត្តម គឺ​ជួយ​ដល់​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​នេះ​ដំណើរ​ទៅ​ប្រកប​ដោយ​ភាព​រលួន និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់ ។

         ឯកឧត្តម​ក៏​បាន​លើក​ឡើង​អំពី​ទំនាក់​ទំនង​ដ៏​យូរ​លង់​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា ចិន ដែល​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ កាន់​តែ​ត្រូវ​បាន​ពង្រីក​ថែម​ទៀត លើ​ទំនុក​ចិត្ត​ខាង​នយោបាយ ការ​​ពង្រឹង​ផ្នែក​សេដ្ឋកិច្ច និង​ការ​ផ្លាស់​ប្តូរ​ការ​នាំ​ចេញ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ដែល​តាម​រយៈ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​កិច្ចការ នៃ​ប្រទេស​ទាំងពីរ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត ។

          គួរ​បញ្ជាក់​ផង​ដែរ​ថា កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សុខុ​មាល​ភាព​សង្គម​កិច្ច និង​អភិវឌ្ឍ​អាស៊ាន និង​អាស៊ាន​បូក ៣ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​រយៈពេល ៣​ឆ្នាំ​ម្តង ហើយ​ឆ្នាំ​២០១៣​នេះ ព្រះរាជា​ណាចក្រ​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​កិច្ច​ប្រជុំ​នេះ​ផង​ដែរ ចាប់​ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ខេត្ត​សៀមរាប ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​ប្រធាន​បទ “ការ​អភិវឌ្ឍ​សេវា​សង្គម​កិច្ច​សម្រាប់​មនុស្ស​គ្រប់​រូប” ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend