ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ខេត្ត​កំពត
PrinterEmail
ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ខេត្ត​កំពត ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលា​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ឯកឧត្តម ខូយ ឃុនហ៊ួរ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជាអភិបាល​នៃ​​គណៈ​​អភិបាល​ខេត្ត​កំពត ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​មន្រ្តីរាជការ​គ្រប់​មន្ទីរ អង្គ​ភាព និង​​អាជ្ញា​​ធរ​នានា​ជុំវិញ​ខេត្ត ។

          លោក ឃួន ឡានិច ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​បុគ្គលិក នៃ​ក្រសួង​សង្គមកិច្ច បាន​អាន​ព្រះរាជ​ក្រឹត្យ​ស្តីពី​ការ​តែង​តាំង​ឯកឧត្តម ទេព ឆែម អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្ត​កំពត ដែល​ត្រូវ​បាន​ចូល​​និវត្តន៍ ជា​ទីប្រឹក្សា​អម​ក្រសួង ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយក និង​ប្រកាស​ស្តីពី​ការ​តែង​តាំង លោក​ស្រី ព្រំ សុភាព ជា​ប្រធាន​មន្ទីរ​ថ្មី​ជំនួស​វិញ ។

          បន្ទាប់​ពី​ការ​ប្រគល់​ត្រា និង​ប្រកាស​ដោយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង លោក​ស្រី ព្រំ សុភាព ប្រធាន​មន្ទីរ​ដែល​ទើប​តែង​តាំង​ថ្មី​បាន​ធ្វើ​ការ​បេ្តជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ថែរក្សា​ចំណង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ឲ្យ​​បាន​​ល្អ ពង្រឹង​ពង្រីក​កិច្ច​សហការ​ល្អ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស​ខិត​​ខំ​​អនុវត្ត​ឲ្យ​បាន​នូវ​រាល់​កិច្ចការ ដែល​ថ្នាក់លើ​ប្រគល់​ជូន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ។

          តមក​ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​ខេត្ត​កំពត បាន​មាន​ប្រសាសន៍​ថា ការ​តែងតាំង​ប្រធាន​មន្ទីរ​ថ្មី​នេះ ធ្វើ​ឡើង​ជំនួស​​ប្រធាន​​មន្ទីរ​ចាស់​ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍ ហើយ​ការ​ចូលនិវត្តន៍​នេះ គឺ​ជា​រឿង​ធម្មតា និង​ក្រឹត្យ​ក្រម របស់​មន្រ្តី​​រាជការ មិនមាន​អ្វី​ប្លែក​នោះ​ទេ ។ ឯកឧត្តម​បាន​បន្ត​ទៀត​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក ទេព ឆែម អតីត​​ប្រធាន​មន្ទីរ​ខេត្ត វិស័យ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា នៅ​ក្នុង​ខេត្ត​កំពត ត្រូវ​បាន​ពង្រឹង​ពង្រីក​​ជា​បន្ត​បន្ទាប់ ដើម្បី​ផ្តល់​សេវា​សង្គមកិច្ច ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​ជន​ក្រីក្រ និង​ងាយ​រងគ្រោះ ។

          មាន​​ប្រសាសន៍​​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធ​ផល និង​ស្នាដៃ​នា​នា ដែល​មន្ទីរ​​សង្គមកិច្ច​​ខេត្ត សម្រេច​បាន​នា​ពេល​កន្លង​មក នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​​របស់​​ប្រធាន​​មន្ទីរ និង​មន្រ្តី​រាជការ​គ្រប់​ជាន់​ថ្នាក់ ក្នុង​ការ​អនុវត្ត​បាន​យ៉ាង​ត្រឹម​ត្រូវ​ស្រប​តាម​យុទ្ធសាស្រ្ត​ទាំង ៥​យ៉ាង និង​​កម្ម​វិធី​ការ​ងារ​អាទិភាព​ទាំង ៦​ចំនុច ដែល​ក្រសួង​បាន​ដាក់​ចេញ ។  

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី មាន​ប្រសាសន៍​​ទៀត​ថា ដោយ​ពិនិត្យ​លក្ខណៈ​សម្បត្តិ​របស់​មន្រ្តី នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត និង​ដោយមាន​ការ​ឯកភាព​ពី​ឯកឧត្តម​​អភិបាល​​ខេត្ត ក្រសួង​បាន​សម្រេច​តែង​តាំង លោក​ស្រី ព្រំ សុភាព ជាប្រធាន​មន្ទីរ​ថ្មី ដែល​នេះ​ជា​លើក​ទី​១ ហើយ ក្នុង​ការ​តែង​តាំង​ស្រ្តី​ជា​ប្រធាន​មន្ទីរ ហើយ​ក៏​នឹង​មាន​ការ​តែង​តាំង​ជា​បន្ត​បន្ទាប់​ទៀត ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​​អំពី​ការ​ចូលរួម​របស់​ស្រ្តី ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ។

          ជាទីបញ្ចប់ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង ក៏​បាន​ផ្តាំ​ផ្ញើ​​ដល់​​ប្រធាន​មន្ទីរ​សង្គម​កិច្ច ដែល​ទើប​តែង​តាំង​ថ្មី​នា​ថ្ងៃ​នេះ ត្រូវ​ខិតខំ​រៀន​សូត្រ ដក​យក​បទ​ពិសោធន៍ និង​គំរូ​លំនាំ​ល្អ​ៗ របស់​ប្រធាន​មន្ទីរ​ចាស់ ដើម្បី​ឲ្យ​ការងារ​សម្រេច​បាន​ជោគ​ជ័យ​ថ្មី​ៗ​​បន្ថែម​​ទៀត ៕

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend