នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម សែម សុខា រដ្ឋលេខា​ធិការ​ក្រសួង​សង្គមកិច្ច អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​រទេះ​រុញ និង​សិក្ខា​សាលា​ស្តីពី​ការ​ប្រើប្រាស់ ការ​ថែទាំ និង​ជួស​ជុល​រទេះ​រុញ
PrinterEmail
ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ពិធី​ប្រគល់​រទេះ​រុញ​សម្រាប់​កុមារ​ពិការ និង​សិក្ខា​សាលា​ស្តីពី​ការ​ប្រើ​ប្រាស់ ការ​ថែ​ទាំ និង​ជួស​ជុល​រទេះ​រុញ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ២០១៣ ក្រោម​អធិបតី​ភាព​ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​​ពិការ នៅ​ទីស្តី​ការ​ក្រសួង ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ថ្នាក់​ដឹក​នាំ និង​មន្រ្តី​នៃ​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ​ផង​ដែរ ។

          លោក កាតាណុ តូម៉ូយ៉ូគិ ប្រធាន​អង្គការ​អ្នក​​ស្ម័គ្រ​ចិត្ត​ជប៉ុន​សម្រាប់​ការ​ផ្តល់​រទេះ​រុញជន​ពិការ​ក្រៅ​ប្រទេស មាន​ប្រសាសន៍​ថា អង្គការ​លោក​បាន​បង្កើត​​ជាង ១០​ឆ្នាំ​មក​ហើយ ហើយ​ក្នុង​អំឡុង​ពេល​កន្លង​មក អង្គការ​លោក​បាន​ធ្វើ​ការ​ប្រគល់​ជូន​នូវ​រទេះ​រុញ​សម្រាប់​​កុមារ​​ចំនួន ៣,៥០០​គ្រឿង​ទៅ​ដល់​ប្រទេស​ផ្សេង​ៗ ចំនួន ២១​ប្រទេស​ហើយ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​​ដែរ ។

          លោក​បាន​បន្ត​ថា ការ​នាំ​យក​នូវ​រទេះរុញ​នា​ថ្ងៃ​នេះ នឹង​ជួយ​ដល់​ការរ​ស់នៅ​របស់​កុមារ​ពិការ​ទទួល​បាន​នូវ​​ភាព​រីក​រាយ ក៏​ដូចជា​សេរីភាព​ក្នុង​ការ​ធ្វើ​បំលាស់​ទី​បាន​ច្រើន​ជាង​មុន ។  

          ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ឯម ច័ន្ទមករា អគ្គ​លេខា​ធិការ នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ មាន​ប្រសាសន៍​ថា ពិធី​​ប្រគល់​រទេះ​រុញ និង​សិក្ខា​សាលា​នា​ថ្ងៃ​នេះ គឺ​បង្ហាញ​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យ៉ាង​ល្អ​រវាង​ក្រុម​ប្រឹក្សា​​សកម្ម​ភាព​​ជន​ពិការ ជាមួយ​នឹង​អង្គការ​អ្នកស្ម័គ្រ​ចិត្ត​ជប៉ុន ​សម្រាប់​ការ​ផ្តល់​រទេះរុញ​ជូន​ជន​ពិការ​ក្រៅ​ប្រទេស និង​​សមាគម​​អតីត​កម្ម​សិក្សា​ការី JICA កម្ពុជា ដែល​តែងតែ​ខិតខំ​រក​ជំនួយ​ជា​រទេះរុញ​ជូន​ដល់​កុមារ​ពិការ​កម្ពុជា ។

          ឯកឧត្តម​​ក៏​​បាន​បន្ត​ទៀត​ថា រទេះ​រុញ និង​ឧបករណ៍​ជំនួយ​ក្នុង​ការ​អង្គុយ​នេះពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ទិសដៅ​ស្តារ​​លទ្ធភាព​ពលកម្ម​កុមារ​ពិការ​កាយ​សម្បទា និង​កុមារ​ពិការ​សតិ​បញ្ញា ។ គួរ​បញ្ជាក់​ផង​ដែរ​ថា អង្គការ​អ្នក​ស្ម័គ្រ​​ចិត្ត​​ជប៉ុន​ សម្រាប់​ការ​ផ្តល់​រទេះ​រុញ​ជូន​ជន​ពិការ​ក្រៅ​ប្រទេស បាន​ផ្តល់​ជំនួយ​មក​កម្ពុជា ៣​លើក​រួច​មក​​ហើយ លើក​ទី​១ ឆ្នាំ​២០១០ បាន​ផ្តល់​រទេះ​ចំនួន ៨០​គ្រឿង, លើកទី ២ ឆ្នាំ​២០១២ បាន​ផ្តល់ ៨០​គ្រឿង ហើយ​លើក​នេះ គឺ​មាន​ចំនួន ១៦០​គ្រឿង សរុប​ទាំង​អស់ ៣២០​គ្រឿង ។

          មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​ជាអនុប្រធាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​​សម្តែង​ការ​​អរគុណ​​ដ៏​​ជ្រាល​ជ្រៅ ចំពោះ​អង្គការ​អ្នក​ស្ម័គ្រ​ចិត្ត​ជប៉ុន ក៏​ដូចជា​ប្រជាជន​ជប៉ុន​ដែល​បាន​យក​ចិត្ត​ទុក​​ដាក់ និង​គិត​គូរ​​អំពី​​សុខុមាល​ភាព​ជន​ពិការ​នៅ​កម្ពុជា ។

          ឯកឧត្តម សែម សុខា មាន​ប្រសាសន៍​ទៀត​ថា ការ​ប្រគល់​រទេះ​រុញ និង​ឧបករណ៍​ជំនួយ​ក្នុង​ការ​អង្គុយ​សម្រាប់​កុមារ តាម​រយៈ​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ​នា​ពេល​នេះ នឹង​ត្រូវ​​បន្ត​​ចែក​ជូន​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា ចំនួន ៩ និង​អង្គការ​ចំនួន ៧ ដើម្បី​ចែក​​ជូន​បន្ត​​ទៅ​​ដល់​​កុមារ​​ពិការ​កម្ពុជា ដែល​កំពុង​ជួប​ការ​លំបាក សំដៅ​ស្តារ​កាយ​សម្បទា​ឲ្យ​កាន់​តែ​ប្រសើរ​បាន​​មួយ​​កម្រិត​ថែម​ទៀត ។

          ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត និង​ថ្លែង​អំណរ​គុណ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ និង​ជា​​អនុ​ប្រធាន​​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​បំពាក់​គ្រឿង​ឥស្សរិយ​យស ជូន​ដល់​លោក​ប្រធាន​អង្គការ​អ្នក​ស្ម័គ្រ​ចិត្ត​ជប៉ុន និង​ឯកឧត្តម លី សុវណ្ណា​រិទ្ធិ អនុ​រដ្ឋលេខាធិការ ផង​ដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend