ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្តី​ពី​ការ​ពិនិត្យ កែ​សម្រួល​សេច​ក្តី​ព្រាង​ទី​១ នៃ​ផែន​ការ​យុទ្ធ​សាស្រ្ត​ឆ្នាំ​២០១៤-២០១៨
PrinterEmail
ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          សិក្ខា​សាលា​ស្តីពី​ការ​ពិនិត្យ​កែ​សម្រួល​សេចក្តី​ព្រាង​ទី ១ នៃ​ផែន​ការ​យុទ្ធសាស្រ្ត​ឆ្នាំ ២០១៤​-​២០១៨ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០១៣ ក្រោម​អធិបតី​ភាព​ឯកឧត្តម វង សូត រដ្ឋមន្រ្តី​​ក្រសួង​​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា នៅ​ទីស្តី​ការ​ក្រសួង ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ លោក លោក​ស្រី ថ្នាក់​ដឹក​នាំ​ក្រសួង  មន្ទីរ​សង្គមកិច្ច រាជ​ធានី-ខេត្ត​ទាំង ២៤ និង​អង្គការ​ដៃ​គូ​អភិវឌ្ឍន៍ សរុប​ចំនួន ១១០ នាក់ ។

          ឯកឧត្តម សយ ស៊ីផុន រដ្ឋ​លេខា​ធិការ មាន​ប្រសាសន៍​ថា គោល​បំណងនៃ​​សិក្ខា​សាលា​​នា​ថ្ងៃ​នេះ គឺ​​ដើម្បី​ពិនិត្យ កែ​សម្រួល និង​កែ​តម្រូវ​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ទី​១ នៃ​​ផែន​ការ​​យុទ្ធសាស្រ្ត​​ឆ្នាំ​​២០១៤​-​២០១៨ របស់​​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា ធ្វើ​​យ៉ាង​​ណា​​ឲ្យ​​ផែន​ការ​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ចតុ​កោណ​​ដំណាក់​កាល​​ទី៣ ​របស់​​​រាជរដ្ឋា​​​ភិ​បាល អាណត្តិ​ទី​៥ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

          ឯកឧត្តម​បាន​បន្ត​ទៀត​ថា សេចក្តី​​ព្រាង​នេះ ត្រូវ​បាន​ប្រមូល​ផ្តុំ​ធាតុ​ចូល​ពី​នាយក​ដ្ឋាន អង្គភាព​​ចំណុះ​​ក្រសួង អង្គការ​​ដៃ​គូ​​ពាក់​ព័ន្ធ ដែល​ក្នុង​នោះ​រួម​មាន​​យុទ្ធ​សាស្រ្ត ៣, កម្មវិធី​អាទិភាព​ចំនួន ៨, សូច​នាករ​លទ្ធផល​​ចំនួន ២៤៦ និង​សកម្មភាព​​អាទិភាព​ចំនួន ៤៨៤ សកម្មភាព ហើយ​នឹង​​ត្រូវ​យក​​មក​​ពិនិត្យ​​កែ​សម្រួល​​ក្នុង​​ពេល​​នេះ ។

          មាន​ប្រសាសន៍​ក្នុង​​ឱកាស​បើក​សិក្ខាសាលា​នេះ​​ផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​​យុវ​នីតិ​​សម្បទា បាន​សម្តែង​នូវ​ការ​កោត​​សរ​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ និង​មន្រ្តី​រាជការ​ទាំង​អស់ ដែល​បាន​​ខិត​​ខំ​​អនុវត្ត​ន៍នូវ​កម្ម​វិធី​ការងារ​​អាទិ​ភាព ៦​ចំណុច ជំហាន​ទី​២ ឆ្នាំ​២០០៨​-​២០១៣ ប្រកប​ដោយ​​ស្មារតី​​ទទួល​​ខុស​​ត្រូវ និង​ទទួល​​បាន​​លទ្ធផល​​គួរ​ជា​​ទី​មោទនៈ ។

          ឯកឧត្តម​មាន​ប្រសាសន៍​ទៀត​ថា ឆ្នាំ​២០១៣​-​២០១៨ គឺ​ជា​​អាណត្តិទី​៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​​ប្រកប​ដោយ​គតិ​បណ្ឌិត របស់​​សម្តេច​​អគ្គ​​មហា​​សេនា​​តេជោ ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី នៃ​​ព្រះរាជា​​ណាចក្រ​​កម្ពុជា បាន​ដាក់​ចេញ​យុទ្ធសាស្រ្ត​​ចតុកោណ​​ដំណាក់​​កាល​ទី​៣ ក្នុង​មុំទី​​៣ ចតុកោណ​ទី​៤ ស្តីពី​ការ​​អភិវឌ្ឍ​ប្រព័ន្ធ​សន្តិសុខ​សង្គម បាន​បង្ហាញ​យ៉ាង​ច្បាស់អំ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​វិស័យ​​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក្នុង​​ការ​​បន្ត​​អនុវត្តន៍​គោល​​នយោបាយ​ស្តី​ពី​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ។

          ឯកឧត្តម​ក៏​បាន​គូស​បញ្ជាក់​ទៀត​ថា សិក្ខា​សាលា​​នា​ថ្ងៃ​​នេះ គឺ​​ជា​​កាលា​នុវត្ត​​ភាព​ដ៏​មាន​តម្លៃ​សម្រាប់​ធ្វើ​ការ​ពិនិត្យ ពិចារ​ណា កែ​សម្រួល និង​កែ​តម្រូវ​​ខ្លឹម​សារ​​ដែល​មាន​​ចែង​នៅ​ក្នុង​សេចក្តី​ព្រាងទី​១​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​ផែនការ​យុទ្ធសាស្រ្ត​នេះ មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ ព្រម​​ទាំង​ឆន្ទៈ​ដ៏​មោះ​មុតរបស់​ក្រសួង​ក្នុង​ការ​ផ្តល់​សេវា​សង្គម​កិច្ច​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​រួម​ចំណែក​ក្នុង​ការ​​កាត់​បន្ថយ​ភាព​​ក្រី​ក្រ​​របស់​​ប្រជាជន​​កម្ពុជា ។

          ជាទី​បញ្ចប់ ឯកឧត្តម វង សូត ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ថ្នាក់​ដឹកនាំ មន្ត្រី​រាជការ​គ្រប់​ជាន់​​ថ្នាក់ នៃ​​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ទាំង​អស់ ​ធ្វើ​យ៉ាង​ណា​​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​​បន្ថែម​ទៀត​ក្នុង​គោល​ដៅ​បង្កើន និង​បង្ខិត​​សេវា​​សង្គម​កិច្ច​​ឲ្យ​ជិត​​កៀក​ប្រជាពលរដ្ឋ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំបាច់​របស់​ប្រជាពល​រដ្ឋ ព្រម​ទាំង​​បង្កើន​​ការ​​ចូល​រួម​​របស់​​ប្រជា​ជន ពោល​គឺ៖  អ្វី​ៗដើម្បី​ប្រសិទ្ធ​​ភាព​នៃ​​សេវា​សង្គម​​កិច្ច ៕

 

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend