នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម គឹម ហុង អគ្គនាយក អញ្ជើញ​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល នៃ​បេឡា​ជាតិ​អតីត​យុទ្ធជន លើកទី​៥៤ អាណត្តិ​ទី១
PrinterEmail
ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ព្រឹ​ក​​ថ្ងៃ​ទី​២៤​ ខែ​​តុ​លា ​ឆ្នាំ​​២០​១​៣ ឯកឧត្តម គឹម ហុង អគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន​​​បច្ចេក​ទេស ​ក្រសួង​​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា និង​ជា​​ប្រធាន​​ក្រុម​ប្រឹក្សា​ភិបាល នៃ​បេឡាជាតិ​​អតីត​យុទ្ធជន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​​ភិបាល នៃ​បេឡាជាតិ​​អតីត​យុទ្ធជន លើក​​ទី​៥៤ អាណត្តិ​​ទី១ ស្តីពី​ការ​កែ​សម្រួល​ប្រាក់​របប​សន្តិ​សុខ​សង្គម ជូន​​អតីត​យុទ្ធជន​គ្រប់​ប្រភេទ និង​​គ្រួសារ​​អតីត​យុទ្ធជន ​នៅ​ទីស្តីការ​ក្រសួង​សង្គម​កិច្ច ។

          លោក ហែម បូរ៉ា នាយក​បេឡាជាតិ​អតីត​យុទ្ធជន មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​នា​ថ្ងៃ​នេះ គឺ​សំដៅ​ពិនិត្យ​រៀបចំ​សេចក្តី​ព្រាង​​សារាចរ​ណែ​នាំ ស្តី​ពី​ការ​កែ​សម្រួល​ប្រាក់​​របប​សន្តិ​សុខ​សង្គម​ជូន​អតីត​យុទ្ធជន​គ្រប់​ប្រភេទ និង​គ្រួសារ​អតីត​យុទ្ធជន ដោយ​អនុលោម​តាម​លិខិត​ជូន​​ដំណឹង​​លេខ ១៦១៥ សជណ.អវ ចុះ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៣ របស់​គណៈ​រដ្ឋមន្រ្តី ស្តីពី​ការ​កែសម្រួល​​ប្រាក់​​សន្តិសុខ​សង្គម​ជូន​អតីត​យុទ្ធជន​ជា​ជន​ពិការ និវត្ត​ជន ជន​បាត់បង់​សមត្ថភាព​ការ​ងារ និង​គ្រួសារ​ជន​ពលី និង​ជន​មរណៈ មុន​ឆ្នាំ ២០០៧ ឲ្យ​មាន​​តុល្យភាព​គ្នា​ជាមួយ​អ្នក​ក្រោយ​ឆ្នាំ​២០០៧ ហើយ​ការ​កែ​សម្រួល​​ប្រាក់​របប​សន្តិសុខ​សង្គម​នេះ គឺ​ត្រូវ​អនុវត្ត​ចាប់ពី​ខែ​មករា ឆ្នាំ​២០១៤ នេះ​ត​ទៅ ។

          លោក ហែម បូរ៉ា បាន​បន្ត​​ទៀត​ថា ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ មក​ដល់​​ខែ​តុលា ឆ្នាំ​២០១៣ នេះ បេឡាជាតិ​អតីត​យុទ្ធជន បាន​ចុះ​ធ្វើ​បច្ចុប្បន្ន​ភាព​អតីត​យុទ្ធជន​គ្រប់​ប្រភេទ បាន​​ចំនួន ២០ រាជ​ធានី/ខេត្ត ក្នុង​នោះ​មាន៖ រាជធានី​ភ្នំពេញ, ខេត្ត​កណ្តាល, កំពង់ស្ពឺ​, ព្រះសីហនុ, កំពង់ចាម, បាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង, ក្រចេះ, ស្ទឹងត្រែង, រតនៈគីរី, មណ្ឌលគីរី, កោះកុង, កែប, សៀមរាប, កំពង់ធំ, ព្រះវិហារ, ស្វាយរៀង និងខេត្តតាកែវ ។

          ចំណែក​ខេត្ត​ដែល​នៅសល់ ​នឹង​ធ្វើ​បច្ចុប្បន្ន​​ភាព​បញ្ចប់​ក្នុង​ឆ្នាំ​២០១៣ ដើម្បី​ធ្វើ​ការ​​បើក​​ប្រាក់​របប​សន្តិសុខ​សង្គម ជូន​អតីត​យុទ្ធជន​គ្រប់​ប្រភេទ និង​​គ្រួសារ តាម​ធនាគារ​ទាំង​ស្រុង នៅ​ឆមាស​​ទី១ ឆ្នាំ​២០១៤ ។

          ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​​ផង​ដែរ ឯកឧត្តម គឹម ហុង អគ្គ​នាយក មាន​ប្រសាសន៍​​ថា រាជរដ្ឋា​ភិបាល នីតិ​កាល​ទី៥ នៃ​រដ្ឋសភា ក្រោម​ការ​​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​​អគ្គ​​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​យក​ចិត្ត​ទុក​​ដាក់​​កែ​​សម្រួល តម្លើង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ និង​ប្រាក់​បង្កើន​​ភាគ​រយ ជា​បន្ត​បន្ទាប់ ជូន​អតីត​យុទ្ធជន​គ្រប់​ប្រភេទ និង​គ្រួសារ ស្រប​តាម​ស្ថានភាព​រីក​ចម្រើន នៃ​​សេដ្ឋកិច្ច​ជាតិ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ឲ្យ​​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង ។

          ឯកឧត្តម​​មាន​​ប្រសាសន៍​​ទៀត​ថា តាម​រយៈការ​បើក​ផ្តល់​ប្រាក់​​របប​​សន្តិសុខ​សង្គម​ប្រចាំ​ខែ​តាម​ធនាគារ ជូន​អតីត​យុទ្ធជន​ នា​ពេល​​កន្លង​មក គឺ​ទទួល​បាន​នូវ​ការ​ពេញ​ចិត្ត និង​អបអរ​សាទរ​ពី​គ្រប់​មជ្ឈដ្ឋាន រួម​ទាំង​បាន​​អត្ថ​ប្រយោជន៍​ជាច្រើន​ដូចជា ការ​បើក​ផ្តល់​បាន​ដល់​ដៃ​​គ្រប់​​ចំនួន ទាន់​ពេល​វេលា គៀក​លំនៅ​ដ្ឋាន និង​ទទួល​​បាន​​នូវ​អត្រា​ការ​ប្រាក់​សន្សំ និង​ប្រាក់​បញ្ញើ ជា​ពិសេស​ គឺ​បាន​លុប​បំបាត់​រាល់​ភាព​អសកម្ម​​ដែល​​ធ្លាប់​មាន​កន្លង​មក ។

          គួរ​បញ្ជាក់​ផង​ដែរ​​ថា គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​​២០១៣ អតីត​យុទ្ធជន​កំពុង​ទទួល​​របប​​សន្តិ​សុខ​​សង្គម​​មាន​​ចំនួន ៩១,៤៦៤ នាក់ និង​អ្នក​នៅ​ក្នុង​បន្ទុក​មាន ១៩០,៦៧៦ នាក់ ហើយ​រាជរដ្ឋាភិបាល​​បាន​ចំណាយ​​ថវិកា​​ប្រចាំ​ខែ​ប្រមាណ ១៤ ពាន់លាន​រៀល ក្នុង​មួយ​ខែ ផង​ដែរ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend