នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
អគ្គ​លេខា​ធិការ នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​​ក្រុម​​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការ បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់ ដើម្បី​កសាង​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្តីពី​ពិការ​ភាព ២០១៤​-​២០១៨
PrinterEmail
ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ អគ្គ​លេខា​ធិការ នៃ​អគ្គលេខា​ធិការ​ដ្ឋាន​​ក្រុម​​ប្រឹក្សា​​សកម្ម​ភាព​ជន​ពិការ បាន​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់ ដើម្បី​កសាង​ផែនការ​​យុទ្ធសាស្រ្ត​ជាតិ​ស្តីពី​​ពិការ​ភាព ២០១៤​-​២០១៨ ក្រោម​អធិប​តីភាព​លោក​ជំទាវ ញ៉ែម មរកត អនុ​រដ្ឋលេខា​ធិការ​ក្រសួង​​កិច្ចការ​នារី និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ នៅ​សណ្ឋាគារ អ៊ឹម​ប្រេស​អង្គរ ខេត្ត​សៀម​រាប ។

          ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខា​ធិការ នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ មាន​ប្រសាសន៍​ថា ផ្តើម​ចេញ​ពី​សិក្ខា​សាលា​នា​​ថ្ងៃ​នេះ គឺ​ជា​ការ​ចាប់​ដំណើរ​ការ​កសាង​ផែន​ការ​យុទ្ធសាស្រ្ត​ជាតិ ស្តីពី​ពិការ​ភាព​ឆ្នាំ​២០១៤​-​២០១៨ ដោយ​ផ្អែក​លើការ​ស្វែងយល់​ពី​ស្ថានភាព​របស់​វិស័យ​ពិការ​ភាព​តាមរយៈ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ដូច​ជា គោល​នយោបាយ​ជាតិ និង​លិខិត​បទដ្ឋាន​ជាតិ​អន្តរ​ជាតិ ផែនការ​យុទ្ធសាស្រ្ត​ជាតិ និង​ផែនការ​យុទ្ធសាស្រ្ត​របស់​បណ្តា​ប្រទេស​មួយ​ចំនួន​​នៅ​ក្នុង​តំបន់ និង​ពិភពលោក ការ​ជួប​ប្រជុំ​ពិគ្រោះ​យោបល់​ទ្វេរភាគី ជាមួយ​បណ្តា​ស្ថាប័ន​ជាតិ អន្តរជាតិ​ដែល​ធ្វើការ​ក្នុង​វិស័យ​ពិការ​ភាព ការ​ប្រមូល​នូវ​សេចក្តី​ត្រូវ​ការ ផ្នែក​ពិការ​ភាព តាម​រយៈការ​បំពេញ​លើ​ទម្រង់​ព័ត៌មាន​ពី​បណ្តា​ស្ថាប័ន​រដ្ឋ​សហគមន៍ ការ​រៀបចំ​សិក្ខា សាលា​ពិគ្រោះ​ថ្នាក់​តំបន់​ចំនួន​ពីរ​លើក ដែល​លើក​ទី​មួយ​រៀបចំ​នៅ​ថ្ងៃ​នេះ ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប និង​លើក​ទីពីរ ត្រូវ​រៀបចំ​នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ខេត្ត​ព្រះសីហនុ ។

          ឯកឧត្តម​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល កម្ពុជា​បាន​ប្រគល់​ភារកិច្ច​បន្ថែម​ជូន ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ​​តាមរយៈ​អនុក្រឹត្យ​ថ្មី​លេខ​២១៦ អន​ក្រ.បក ចុះថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៣ ស្តីពី​ការ​រៀបចំ​និង​​ការ​ប្រព្រឹត្ត​ទៅ​នៃ​​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ដើម្បី៖ (១) រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​ជាតិ ​និង​​ផែនការ​​សកម្ម​ភាព​ទាក់​ទង​នឹង​ពិការ​ភាព (២) រៀបចំ​ទិវា​ជនពិការ​ជាតិ ទិវា​ជន​ពិការ​​អន្តរ​ជាតិ និង​ទិវា​ជន​ពិការ​​ផ្សេង​ៗ​ទៀត (៣) ដឹក​នាំ ចាត់​ចែង អនុវត្ត និង​ធ្វើ​របាយការណ៍​បូក​សរុប​លើ​ការ​​អនុវត្ត​​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​ពិការ (៤) រៀបចំ​របាយការណ៍​ស្តីពី​ស្ថាន​ភាព​ជនពិការ​ជូន​រាជរដ្ឋា​ភិបាល ។

          ឯកឧត្តម ឯម ច័ន្ទមករា បាន​គូស​បញ្ជាក់​ទៀត​ថា ច្បាប់​ស្តី​ពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ គឺ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ដោះស្រាយ​ការ​លំបាក​របស់​ជន​ពិការ​នៅ​ក្នុង​សង្គម ក៏​ដូចជា​ការ​ជំរុញ​ដល់​ការ​អនុវត្ត​កម្មវិធី​នយោ​បាយ របស់​រាជរដ្ឋា​ភិបាល ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ និង​សុខុមាលភាព​របស់​ជន​ពិការ ការ​ដាក់​បញ្ចូល​បញ្ហា​ពិការ​ភាព ទៅ​ក្នុង​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ជាតិ។

          ឆ្លៀត​ក្នង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ ញ៉ែម មរកត បាន​មាន​ប្រសាសន៍​ថា សិក្ខា​សាលា​ពិគ្រោះ​យោបល់ ដើម្បី​កសាង​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្តីពី​ពិការ​ភាព ២០១៤​-​២០១៨ ប្រារព្ធ​ឡើង​នា​ពេល​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​យកចិត្ត​ទុក​ដាក់​របស់​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ ដែល​ជា​សេនាធិការ​រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​​បំពេញ​​កាតព្វកិច្ច​ជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​ពិការ និង​ជា​ប្រទេស​ហត្ថលេខី​នៃទសវត្សរ៍​​ជន​ពិការ​ប្រចាំ​​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៣​-​​២០២២ យុទ្ធសាស្ត្រ អ៊ីន​ឈាន់ ធ្វើ​ឲ្យ​សិទ្ធិ​​ក្លាយ​​ជា​​ការ​ពិត  តាម​រយៈ​ការ​ប្រគល់​ភារកិច្ច​ពី​សំណាក់​រាជរដ្ឋា​ភិបាល​កម្ពុជា ស្រប​តាម​អនុក្រឹត្យ​លេខ​២១៦ អនក្រ.បក ចុះ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៣ ។

          លោក​ជំទាវ​បាន​បន្ត​ទៀត​ថា រាជរដ្ឋា​ភិបាល​កម្ពុជា​នីតិកាល​ទី៥ នៃ​រដ្ឋសភា បាន​ចាត់​ទុក​វិស័យ​ពិការ​ភាព ជា​វិស័យ​អាទិភាព​មួយ​ក្នុង ចំណោម​វិស័យ​អាទិភាព​ផ្សេង​ទៀត​នៅ​ក្នុង​យុទ្ធសាស្រ្ត​ចតុកោណ​តំណាក់​កាល​ទី៣ ត្រង់​ចតុកោណ​ទី៤ មុំ​ទី៣ ចំណុច​ទី៤ ដោយ​បាន​ចែង​ថា ការ​បន្ត​អនុវត្ត​គោល​នយោបាយ​ជាតិ​ចំពោះ​ជន​ពិការ តាមរយៈ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​កិច្ច​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ការ​ជំរុញ​កិច្ច​ការ​ពារ លើក​កម្ពស់​សិទ្ធិ​ និង​សុខុមាល​ភាព​ជន​ពិការ ស្រប​តាម​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជន​ពិការ ព្រម​ទាំង​ការ​ពង្រឹង​គុណភាព​ និង​ប្រសិទ្ធ​ភាព​នៃ​សេវា​របស់​មូល​និធិ​ជន​ពិការ។ លោក​ជំទាវ​ក៏​សង្ឃឹម​យ៉ាង​​មុត​មាំ​ថា សិក្ខា​សាលា​ពិគ្រោះ​យោបល់​ដើម្បី​កសាង​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្តីពី​ពិការ​ភាព ២០១៤​-​២០១៨ នា​ថ្ងៃ​នេះ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​កសាង​ផែនការ​មួយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ក្នុង​ទិសដៅ​ដើម្បី​អនុវត្ត​ឲ្យ​បាន ពេញ​លេញ​នូវ​តួនាទី​ និង​ភារកិច្ច​របស់​រាជរដ្ឋា​ភិបាល​ដើម្បី​បំរើ​ផល​ប្រយោជន៍​ជូន​ដល់​បង​ប្អូន​ជន​ពិការ​នៅ​ទូ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា៕

 

 

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend