នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​សភា​ប្រជា​ជន នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ចូល​ជួប​សម្តែងង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ
PrinterEmail
ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នាព្រឹក​​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៣ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​សភា​ប្រជាជន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម Li Shishi សមាជិក​គណៈកម្មា​ធិការ​អចិន្រ្តៃយ៍ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ច្បាប់ ចូល​ជួប​សម្តែង​​ការ​​គួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួង​សង្គមកិច្ច ។

          ឯកឧត្តម Li Shishi មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​​ដំណើរ​ទស្សន​កិច្ច​នា​ពេល​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​ការ​ងារ និង​បទ​ពិសោធន៍​មួយ​ចំនួន ស្តីពី​ច្បាប់​ផ្សេង​ៗ ដែល​​ទាក់​ទង​នឹង​វិស័យ​សង្គម​កិច្ច នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ឯកឧត្តម​ក៏​បាន​ស្នើ​សុំ​នូវ​អនុសាសន៍​មួយ​ចំនួន ទាក់​​ទង​នឹង​វិធាន​ការ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ក៏ដូចជា​ច្បាប់​ផ្សេង​ៗ​ទៀត​ដែល​ទាក់​ទង​នឹង​វិស័យ​ពិការ​ភាព ការ​​ជួយ​ជន​​ងាយរង​គ្រោះ​ជា​ដើម ។

          មានប្រសាសន៍​នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ​ផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ដំណើរ​​ទស្សន​កិច្ច ក៏ដូចជា​កិច្ច​សហ​ប្រតិ​បត្តិការ​យ៉ាង​ល្អ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន នា​ពេល​​កន្លង​​មក ហើយ​ប្រទេសចិន​តែងតែ​ផ្តល់​នូវ​ជំនួយ​ឥត​សំណង និង​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ រួម​មាន​​ហេដ្ឋា​​រចនា​សម្ព័ន្ធ, ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ជាដើម ជាពិសេស​ពេល​ថ្មី​ៗ​នេះ គឺ​ប្រទេស​ចិន​បាន​ផ្តល់​​នូវ​​ជំនួយ​​សប្បុរស​​ធ៌ម​ជា​ច្រើន ដល់​ប្រជាជន​កម្ពុជា ដែល​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ។

          ឯកឧត្តម​រដ្ឋមន្រ្តី​បាន​​មាន​​ប្រសាសន៍​​ទៀត​ថា បច្ចុប្បន្ន​វិស័យ​សង្គម​កិច្ច នៅ​​ប្រទេស​កម្ពុជា មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ប៉ុន្តែ​​ក្នុង​​នោះ​ក៏​នៅ​មាន​​ភាព​ខ្វះ​ខាត​មួយ​ចំនួន​ផង​ដែរ ដូច្នេះ​​ប្រទេស​កម្ពុជា​នៅ​តែ​ត្រូវ​ការ នូវ​ការ​ឧបត្ថម្ភ​គាំទ្រ​ពីសំណាក់​​អង្គ​ការ​ដៃ​គូ​​អភិវឌ្ឍន៍​នានា ពិសេសគឺ​ប្រទេស​ចិន​តែ​ម្តង ។

          ឯកឧត្តម​បាន​គូស​បញ្ជាក់​ទៀត​ថា ទាក់ទង​ទៅ​នឹង​​ការ​​កសាង​​ច្បាប់ និង​លិខិត​បទដ្ឋាន​​នានា គឺ​ក្រសួង​បាន​រៀបចំ​នូវ​ច្បាប់​ជា​ច្រើន ដើម្បី​ធានា​ការ​គ្រប់​គ្រង និង​ផ្តល់​សេវា​​ដល់​មុខ​សញ្ញា​ឲ្យ​កាន់​តែ​មាន​​ប្រសិទ្ធិ​ភាព​ខ្ពស់ ហើយ​ឯកឧត្តម​ក៏​សង្ឃឹម​យ៉ាង​​មុតមាំ​ថា ប្រទេស​ចិន និង​ប្រ​ទេស​​កម្ពុជា នឹង​បង្កើន​​នូវ​កិច្ច​​សហ​​ប្រតិបត្តិ​ការ​ផ្នែក​ជំនាញ លើ​វិស័យ​សង្គម​កិច្ច ឲ្យ​កាន់តែ​ប្រសើរ​ឡើង ស្រប​តាម​​យុទ្ធ​សាស្រ្ត​​របស់​រាជរដ្ឋា​ភិបាល​​នៃ​​ប្រទេស​ទាំង​ពីរ ។

          ឯកឧត្តម​បាន​បន្ត​ទៀត​ថា រាជរដ្ឋា​ភិបាល​កម្ពុជា ក្រោម​​ការ​​ដឹក​នាំ​​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​​អគ្គ​​មហា​សេនា​​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​​ណា​ចក្រ​​កម្ពុជា បាន​ដឹក​នាំ​នាវា​កម្ពុជា ឆ្ពោះ​ទៅរក​​ត្រើយ​​សុខ​សន្តិ​ភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ការ​វិនិយោគ​​មាន​​ការ​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ទន្ទឹម​នោះ​​ក៏​មាន​​តម្រូវ​ការ​ធនធាន​មនុស្ស​ជាច្រើន​ដើម្បី​បំពេញ​​ការងារ​​ទាំង​​នោះ ។

          ជាទីបញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​​ប្រសិទ្ធិ​​ពរ​​ជ័យ​ជូន​ដល់​ឯកឧត្តម Li Shishi និង​គណៈ​ប្រតិភូ​ទាំងអស់​ទទួល​បាន​នូវ​សុខ​សុវត្ថិ​ភាព និង​​ជោគ​ជ័យ​​គ្រប់​​ភារកិច្ច ក្នុង​អំឡុង​ពេល​ទស្សនៈ​កិច្ច​​នៅ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend