ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ អនុញ្ញាត​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ
PrinterEmail
ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ព្រឹក​​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា អនុញ្ញាត​ឲ្យ​លោក​ស្រី Claire Vander Vaeren តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ចូល​​ជួប​​សម្តែង​​ការ​​គួរ​សម និង​ពិភាក្សា​ការ​ងារ នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច ។

          មាន​ប្រសាសន៍​ក្នុង​​ជំនួប​​ពិភាក្សា​​នោះ​​ផង​​ដែរ លោក​ស្រី Claire Vander Vaeren តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​សម្តែង​​នូវ​​ការ​​កោត​​សរ​​សើរ និង​វាយ​តម្លៃ​​ចំពោះ​លទ្ធផល​ការងារ ដែល​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​​សម្រេច​​បាន​​នា​​ពេល​កន្លង​មក ហើយ​ក្រសួង​ពិត​ជា​​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ដើម្បី​សម្រេច​បាន​នូវ​​សមិទ្ធផល​​ទាំង​​នេះ ។

          លោក​ស្រី​បាន​បន្ត​ទៀត​ថា យើង​នឹង​មាន​កម្មវិធី​គាំទ្រ​លើ​វិស័យ​ពិការ​ភាព​នៅ​កម្ពុជា ស្រប​តាម​គោល​​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​កម្ម​វិធីនេះ​​គឺ​ជា​​ជំ​នួយ​​របស់​ប្រទេស​អូស្រ្តាលី តាមរយៈ​អង្គការ​សហ​ប្រជា​ជាតិ ដែល​ក្នុង​នោះ​រួម​សហការ​ដោយ​អង្គការ​បី​គឺ អង្គការ UNICEF, អង្គការ UNDP និង​អង្គការ W.H.O ។

          មាន​ប្រសាសន៍​​នៅ​ក្នុង​​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏បាន​​សម្តែង​​នូវ​​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​​ជិត​ស្និត​រវាង​អង្គការ​​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​ក្រសួង ជា​ពិសេស​​គឺ​អង្គការ​​សហ​ប្រជាជាតិ និង​ថ្លែង​អំណរ​គុណ​ដល់​អង្គការ​​ដៃគូ​​ទាំង​អស់ ដែល​តែង​តែ​បាន​គាំ​ទ្រ​ទាំង​សម្ភារៈ, ថវិកា និង​​ផ្នែក​​បច្ចេកទេស ​ចំពោះ​ក្រសួង​នាពេល​កន្លង​មក  ជា​ពិសេស​​ពាក់​ព័ន្ធ​នឹង​វិស័យ​ពិការ​ភាព​នៅ​កម្ពុជា ។

          ឯកឧត្តមរដ្ឋមន្រ្តី​មាន​ប្រសាសន៍​​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​វិស័យ​ពិការភាព សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បង​ប្អូន​ជន​ពិការ​ផង​ដែរ ។

          ជាទីបញ្ចប់​ឯកឧត្តម វង សូត រដ្ឋមន្រ្តី​​ក្រសួង​​សង្គម​កិច្ច ក៏​បានសង្ឃឹម​យ៉ាង​មុត​មាំ​ថា យើង​នឹង​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ​ត​ទៅ​មុខ​ទៀត ជាមួយ​អង្គការ​​ដៃគូ ក៏​ដូចជា​អង្គការ​សហ​ប្រជា​ជាតិ សំដៅ​ជួយ​ដល់​បង​ប្អូន​ជន​ពិការ​នៅ​ប្រទេស​កម្ពុជា ដែល​កំពុង​ជួប​ការ​លំបាក និង​ត្រូវ​ការ​នូវ​សេវា​ស្តារ​លទ្ធភាព​ពល​កម្ម ៕  ​

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend