ឯកឧត្តម នឹម ថូត រដ្ឋលេខា​ធិការ​ក្រសួង​សង្គម​កិច្ច អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការ​ងារ ជាមួយ​ប្រធាន​អង្គការ​មូលនិធិ​ហ្សានីញេ​ហូលី​បេប៊ី
PrinterEmail
ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៤ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​​ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា អញ្ជើញ​ទទួល​​ជួប​​សម្តែង​​ការ​​គួរ​​សម និង​ពិភាក្សា​ការងារ ជាមួយ​លោកស្រី Sophie Monrose Zannier ប្រធាន​អង្គការ​មូលនិធិ​ហ្សានីញេ​ហូលីបេប៊ី នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច ។

          លោកស្រី Sophie Monrose Zannier ប្រធាន​អង្គការ​មូលនិធិ​ហ្សានី​ញេ​​ហូលី​បេប៊ី បាន​សម្តែង​​នូវ​​ការ​​កោត​​សរ​សើរ និង​វាយ​​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ រវាង​ក្រសួង​​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​អង្គការ​មូលនិធិ​ហ្សានី​ញេហូ​លីបេប៊ី ដើម្បី​​លើក​កម្ពស់​​វិស័យ​​សុខុមាល​ភាព​​កុមារ​នៅ​កម្ពុជា ឲ្យ​មាន​ភាព​ប្រសើរ​បន្ថែម​ទៀត ។

          លោកស្រី​បាន​បន្ត​ទៀត​ថា អង្គការ​មូលនិធិ​ហ្សានីញេ​ហូលីបេប៊ី បាន​អនុវត្ត​គម្រោង​ចំនួន​ពីរ​គឺៈ មណ្ឌល​កុមារ​កំព្រា​កោះ​ក្របី និង​មណ្ឌល​កុមារ​កំព្រា​បឹង​ខ្យាង ដោយ​អង្គការ​បាន​​ទទួល​យក​ទារក កុមារ​ទាំងពីរ​ភេទ​មក​ចញ្ចឹម​ក្នុង​មណ្ឌល​រួមមាន​ទារក កុមារ ដែល​ត្រូវ​គេបោះ​បង់​ចោល កុមារ​ផ្ទុក​​មេរោគ​អេដស៍ កុមារ​កំព្រា​គ្មាន​ទីពឹង ឬ​កុមារ​ត្រូវ​ឪពុក​ម្តាយ​គ្មាន​លទ្ធភាព​ចញ្ចឹម មាន​អាយុ​ចាប់​ពី ០ ដល់ ១០​ឆ្នាំ   ។ លើស​ពី​នេះ កុមារ​ទាំង​អស់​នោះ​ក៏​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ដូចជា ការ​អភិវឌ្ឍ​ដោយ​សុដុម្យ​ផ្នែក​​សុខភាព រាងកាយ សីលធម៌ និង​ចំណេះ​ដឹង ដោយ​ផ្អែក​លើ​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​កុមារ ។

          មានប្រសាសន៍​​នៅ​ក្នុង​​ជំនួប​នោះ​​ផង​ដែរ ឯកឧត្តម នឹម ថូត រដ្ឋ​លេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​​សម្តែង​​នូវ​​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​​ខ្ពស់ ចំពោះ​ទំនាក់​​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​​ជិត​ស្និត​រវាង​អង្គការ​មូលនិធិ​ហ្សានីញេ​ហូលីបេប៊ី ជាមួយ​ក្រសួង​​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា  នាពេល​​កន្លង​មក លើ​វិស័យ​​សុខុ​មាល​​ភាព​​កុមារ​​នៅ​​កម្ពុជា ជាពិសេស​កុមារ​កំព្រា កុមារ​ក្រក្រី គ្មាន​ទីពឹង។

          ឯកឧត្តម​​មាន​ប្រសាសន៍​​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​​ប្រកប​​ដោយ​​គតិ​បណ្ឌិត​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​​យ៉ាង​ខ្លាំង ចំពោះ​វិស័យ​សុខុមាល​ភាព​កុមារ ដើម្បី​ការពារ​នូវ​ឧត្តម​​ប្រយោជន៍​របស់​កុមារ និង​ទប់​ស្កាត់​អំពើ​​ជួញ​ដូរ​​កុមារ​​តាម​រយៈ​ស្មុំកូន​អន្តរ​ប្រទេស ។

          ឯកឧត្តម​បាន​​គូស​​បញ្ជាក់​បន្ថែម​​ទៀត​ថា យុទ្ធសាស្ត្រ​របស់​ក្រសួង​គឺ​ចង់​​ពង្រឹង​​គុណ​ភាព កាត់​បន្ថយ​បរិមាណ​មណ្ឌល​ថែទាំ​កុមារ ដែល​បរិមាណ​រក្សា​ទុក​កុមារ និង​មណ្ឌល​​ថែទាំ​​កុមារ គឺ​​អាស្រ័យ​​ទៅ​តាម​​តម្រូវ​ការ​​ចាំ​បាច់​តែ​ប៉ុណ្ណោះ ហើយ​មជ្ឈ​មណ្ឌល​ថែទាំ​កុមារ​ទាំង​អស់ ត្រូវតែ​អនុវត្ត​ឲ្យ​ស្រប​តាម​​គោល​​នយោបាយ​​ថែទាំ​ជំនួស​​ចំពោះ​កុមារ និង​ប​ទ​ដ្ឋាន​អប្បបរមា​ដែល​ក្រសួង​បាន​ដាក់​ចេញ ទន្ទឹម​នោះ​ក្រសួង​​បាន​​ណែនាំ​​អង្គភាព​​ក្រោម​​ឱវាទ​ជម្រុញ​ឲ្យ​កុមារ​រស់​នៅ​តាម​គ្រួសារ និង​សហគមន៍​វិញ ជា​ជាង​ទុក​ដាក់​​កុមារ​រស់​នៅ​​ក្នុង​​មណ្ឌល ។ លើស​ពីនេះ​​ទៅ​ទៀត ឯកឧត្តម​សង្ឃឹម​ថា យើង​នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ឲ្យ​រិតតែ​​ប្រសើរ​​បន្ថែម​​ទៀត ដើម្បី​ផ្តល់​​ឧត្តម​ប្រយោជន៍​ដល់​កុមារ​ទាំងអស់​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ៕

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend