ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច និង​លោក​ជំទាវ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុ​ងពិធី​សម្ភោធ​អគារ​ទីបញ្ជា​ការ​វរៈ​សេនា​តូច​ស៊ើប​ការណ៍ យោធ​ភូមិ​ភាគ​ទី១ ខេត្ត​ស្ទឹងត្រែង
PrinterEmail
ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          កាលពី​ព្រឹក​​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​សម្បទា និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​​ពិធី​សម្ភោធ​​អគារ​ទី​បញ្ជា​​ការ​វរៈ​សេនា​តូច​​ស៊ើប​​ការណ៍ យោធ​ភូមិ​ភាគ​ទី១ ស្ថិត​នៅ​ភូមិ​រាជា​នុគោល សង្កាត់​​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្ត​ស្ទឹងត្រែង  ដែល​ជា​​អំណោយ​​ដ៏​ថ្លៃ​ថ្លា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​សម្បទា ដោយ​មាន​ការ​​អញ្ជើញ​​ចូល​​រួម​​ពី​​សំណាក់ អភិបាល​ខេត្ត មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី១ ថ្នាក់​ដឹក​​នាំ​ក្រសួង គណៈ​ប្រតិភូ​អម​ដំណើរ និង​បង​ប្អូន​​នាយ​​ទាហាន នាយ​ទាហាន​រង ពល​ទាហាន​ផង​ដែរ ។

          ឯកឧត្តម ហួត ឈាង មេ​បញ្ជា​ការ​រង​​កង​​ទ័ព​ជើង​គោក និង​ជា​មេ​បញ្ជា​ការ​​យោធ​​ភូមិ​ភាគ​ទី១ មាន​ប្រសាសន៍​ថា ផ្តើម​ចេញ​ពី​ការ​ចង​​សម្ព័ន្ធ​មេត្រី​ភាព​​យ៉ាង​​ស្អិត​រមួត រវាង​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​សម្បទា និង​ក្រុម​ហ៊ុន អាន ម៉ាឌី គ្រុប ជាមួយ​​យោធ​ភូមិ​ភាគ​ទី១ នា​ពេល​កន្លង​មក សមិទ្ធ​ផល​សំណង់​អគារ និង​គ្រឿង​បំពាក់​នា​នា ត្រូវ​បាន​​ដាក់​​ឲ្យ​​ប្រើ​ប្រាស់​ជា​បន្ត​បន្ទាប់ ។ ជាក់ស្តែង សមិទ្ធ​ផល​សំណង់​អគារ​​ដែល​​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​ពេល​នេះ គឺ​អគារ​ការិយា​ល័យ​​ធ្វើ​​ការ​ចំនួន ១ ខ្នង  ដែល​មាន​ទំហំ ៦.៥ម × ២៨ម និង​ដំបូល​បុក​ទំហំ ៣ម × ៤ម ធ្វើ​ពី​បេតុង​​ប្រក់​​ក្បឿង មាន​៤​បន្ទប់ និង​​សម្ភារៈ​មាន តុ​អ៊ី​ណុក ចំនួន​៤, កៅអី​ពូក ចំនួន​៤, ស៊ីទែន​ទឹក​ចំណុះ ១,៥០០ លីត្រ ចំនួន​១ និង​​ជើង​ទម្រ​​ធ្វើ​ពី​ដែក​១ ហើយ​ការ​​សាង​សង់​នេះ​បាន​​ចំណាយ​​ថវិកា​សរុប​ប្រមាណ ២៦,៧៨០ ដុល្លារ​សហរដ្ឋ​អាមេរិក ។

          ឯកឧត្តម​បាន​បន្ត​ទៀត​ថា សមិទ្ធ​ផល​នេះ គឺ​បង្ហាញ​​ពី​​ចំណង​សាមគ្គី ទំនាក់​​ទំនង​យ៉ាង​ជិត​ស្និទ្ធ រវាង​ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន ជាមួយ​​កងទ័ព សំដៅ​លើក​កម្ពស់​​ជីវភាព​​រស់នៅ​របស់​កងទ័ព​ឲ្យ​កាន់​តែ​​ប្រសើរ​ឡើង ដើម្បី​ធានា​បម្រើ​​ឲ្យ​ការងារ​​ប្រយុទ្ធ និង​កសាង​អង្គភាព​​រឹងមាំ​​គ្រប់​ពេល​​វេលា សម្រាប់​ភារកិច្ច​ការ​ពារ​​ជាតិ​មាតុ​ភូមិ​កម្ពុជា ។

          មាន​ប្រសាសន៍​​នៅ​ក្នុង​​អង្គ​​ពិធី​នោះ​ផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​ អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​ពាំនាំ​នូវ​ការ​សួរ​សុខ​ទុក្ខ ដល់​​បង​​ប្អូន​​នាយ​​ទាហាន នៅ​យោធ​ភូមិភាគ​ទី​១​នេះ ក្នុង​បុព្វហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ ពិសេស​​សម្តេច​​ទាំង​បី ដែល​​ជា​និច្ច​កាល​​បាន​​គិត​គូរ​ចំពោះ​សុខ​ទុក្ខ និង​ការ​រស់នៅ​របស់​នាយ​ទាហាន នាយ​ទាហាន​រង និង​ពល​​ទាហាន​ទាំង​អស់ នៃ​កង​​កម្លាំង​​ប្រដាប់​អាវុធ​របស់​យើង​នៅ​គ្រប់​ទី​កន្លែង ។

          ឯកឧត្តម​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ទៀត​​ថា ដោយ​អនុវត្ត​​តាម​​គោលការណ៍​​របស់​រាជ​រដ្ឋា​ភិបាល ក្រ​សួង ស្ថាប័ន កង​នគរបាល​ជាតិ និង​ក្រុមហ៊ុន​ឯកជន បាន​ចង​សម្ព័ន្ធ​​មេត្រី​​ភាព​​ជាមួយ​​បណ្តា​ភូមិ​ភាគ​នា​នា ជាក់ស្តែង​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ក្រុមហ៊ុន អាន ម៉ាឌី គ្រុប បាន​ចង​សម្ព័ន្ធ​មេត្រី​ភាព ជាមួយ​យោធ​ភូមិ​ភាគ​ទី១ ដើម្បី​ជម្រុញ​អនុវត្ត​នយោបាយ​​របស់​​រាជរដ្ឋា​ភិបាល​​អំពី​​ខឿន​​ការពារ​ជាតិ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ និង​មាន​ប្រសិទ្ធ​ភាព ។

          ឯកឧត្តម​បាន​គូស​បញ្ជាក់​ទៀត​ថា សមិទ្ធផល​ដែល​​ដាក់​សម្ភោធ​នា​ថ្ងៃ​នេះ គឺ​ជា​ស្មារតី​សាមគ្គី សហការ​ល្អ​រវាង​កង​ទ័ព ស្ថាប័ន​រដ្ឋ វិស័យ​ឯកជន និង​ប្រជា​ជន ស្រប​តាម​ទិស​ស្លោក ការពារ​​ជាតិ​ដើម្បី​ទាំង​អស់​គ្នា ទាំង​អស់​គ្នា​ដើម្បី​ការ​ពារ​ជាតិ ។ លើស​ពី​នេះ គឺ​បង្ហាញ​ពី​ការ​​យក​ចិត្ត​ទុក​ដាក់​​ខ្ពស់​​របស់​​រាជ​រដ្ឋា​ភិបាល ក៏​ដូចជា​ក្រសួង​សង្គម​កិច្ច ក្នុង​ការ​រួម​ចំណែក​គិតគូរ​ដល់​សុខ​ទុក្ខ របស់​​បង​ប្អូន​នាយ​ទាហាន នាយ​​ទាហាន​រង និង​ពល​ទាហាន​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ នៃ​យោធ​ភូមិភាគ​ទី​១ ដែល​ជា​ដៃ​គូ​សម្ព័ន្ធ​ភាព ។

          ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បាន​បំពាក់​​គ្រឿង​ឥសរស្ស​យស​​ជូន​​ដល់​ថ្នាក់​ដឹក​នាំ ដែល​មាន​ស្នាដៃ​ល្អ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ដែល​កន្លង​មក​​បាន​ខិត​ខំ​បំពេញ​​ភារកិច្ច​​អស់​​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​បុព្វហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ ។

         ជាមួយ​គ្នា​នេះ​ផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​​ក្រសួង​សង្គមកិច្ច ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៣៧,៦៨០,០០០ រៀល និង​សម្ភារៈ​​បរិក្ខា​​រួម​មានៈ មី ចំនួន ១០០ កេស, ស្រាបៀរ ចំនួន ១០០ កេស, ទឹកក្រូច ចំនួន ២០ កេស, សាច់ក្រក ចំនួន ២០ គីឡូក្រាម, ទឹកត្រី ចំនួន ១០០ យួរ, ទឹកស៊ីអ៊ីវ ចំនួន ១០០ យួរ ជូន​ដល់​ទី​បញ្ជា​ការ​វរៈ​សេនា​តូច​ស៊ើប​ការណ៍ យោធ​ភូមិ​ភាគ​ទី​១ ផង​ដែរ ។

          បន្ទាប់មក ឯកឧត្តម វង សូត រដ្ឋមន្រ្តី និង​លោកជំទាវ បាន​អញ្ជើញ​កាត់​ខ្សែ​បូ​សម្ភោធ​អគារ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ និង​​ចុះ​ហត្ថលេខា​ប្រគល់ ទទួល អគារ​១​ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ជូន​ដល់​​យោធ​ភូមិ​​ភាគ​ទី​១ ដើម្បី​ជា​ប្រយោជន៍​ចំពោះ​អង្គ​ភាព ក៏ដូចជា​រួម​ចំណែក​ពង្រឹង​វិស័យ​ការពារ​ជាតិ​​ឲ្យ​​កាន់​តែ​មាន​ប្រសិទ្ធ​ភាព និង​​រឹងមាំ​មួយ​កម្រិត​ទៀត ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend