នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម វង សូត រដ្ឋមន្រ្តី អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​សម្រាប់​ការ​ត្រៀម​រៀបចំ​វេទកា​សាធារណៈ ដើម្បី​ពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី៣ និង​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល
PrinterEmail
ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តីការ​​ក្រសួង​សង្គមកិច្ច នា​ព្រឹក​​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​​ក្រសួង​​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា បាន​ដឹកនាំ​កិច្ច​ប្រជុំ​សម្រាប់​ការ​ត្រៀម​រៀបចំ​វេទកា​​សាធាណៈ ដើម្បី​ពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី៣ និង​កម្ម​វិធី​នយោបាយ​របស់​រាជរដ្ឋា​ភិបាល ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ ដែលជា​ថ្នាក់​ដឹក​​នាំ​​របស់​ក្រសួង ប្រធាន​មន្ទីរ ស.អ.យ រាជធានី​/​ខេត្ត និង​មន្រ្តី​រាជការ​សរុប​ប្រមាណ ៩០ នាក់ ។

          ឯកឧត្តម វង សូត រដ្ឋមន្ត្រី​​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​​សម្បទា បាន​​កោត​​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់​ដឹក​នាំ មន្រ្តី​រាជការ​គ្រប់​ជាន់​ថ្នាក់ ដែល​កន្លង​មក​​បាន​​ខិត​​ខំ​បំពេញ​​ការ​ងារ​យ៉ាង​សកម្ម​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត ដោយ​ទទួល​​បាន​នូវ​លទ្ធផល​ផ្លែ​ផ្កា​គួរ​​ឲ្យ​កាត់​​សម្គាល់ ដើម្បី​​បម្រើ​​សេវា​សាធារណៈ​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន ។

          ឯកឧត្តម​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រ​ក​ម្ពុជា បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ដោយ​បាន​​ដាក់​ចេញ​​នូវ​​អភិក្រម​ការងារ​បួន​យ៉ាង​គឺ ”ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល និង​ព្យាបាល” ជា​ស្នូល​ជួង​ដាស់​តឿន​ស្មារតី​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​អង្គភាព​ពាក់​ព័ន្ធ​នា​នា ត្រូវ​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​​លើក​​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ​ក្នុង​ភាព​ថ្លៃ​ថ្នូរ និង​កិត្តិយស ។

          ឯកឧត្តម​រដ្ឋមន្រ្តី​​បាន​​គូស​​បញ្ជាក់​​ទៀត​ថា ការ​រៀបចំ​វេទកា​សាធារណៈ​ គឺ​ដើម្បី​ស្វែង​យល់​ពី​ការ​លំបាក និង​ស្តាប់​សំណូមពរ​នានា​​របស់​​ប្រជាពលរដ្ឋ​​នៅ​តាម​មូល​ដ្ឋាន និង​ជួយ​ដោះស្រាយ​​រាល់​ការ​លំបាក​ទាំង​នោះ​ជូន​ពួក​គាត់ ជាពិសេស​ទាក់ទង​ទៅ​​នឹង​វិស័យ​​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ។

          ឯកឧត្តម​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​​ទៀត​ថា ភារកិច្ច​របស់​ក្រុម​​ការងារ​ចុះ​តាម​មូលដ្ឋាន​រួម​មានៈ ១. ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​រាជរដ្ឋា​ភិបាល និង​ប្រជា​ពលរដ្ឋ តាមរយៈ​ការ​ផ្សព្វ​​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​នូវ​កម្ម​វិធី​នយោ​បាយ យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី៣ ផែនការ​​យុទ្ធសាស្រ្ត អភិវឌ្ឍន៍​ជាតិ គោល​នយោបាយ​ភូមិ​/​ឃុំ​មាន​សុវត្ថិ​ភាព កម្មវិធី​នយោបាយ​តាម​វិស័យ ក៏​ដូចជា​​សភាព​​ការណ៍​​រួម​​របស់​ប្រទេស​ជាតិ ដោយ​ផ្សារ​ភ្ជាប់​សភាព​ការណ៍​តាម​មូល​ដ្ឋាន, ២. លើក​កម្ពស់​ការ​​ទទួល​ខុស​ត្រូវ​​របស់​​ក្រសួង ស្ថាប័ន ដូចជា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ តាមរយៈ​ការ​តាម​ដាន និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​គម្រោង និង​ផែនការ​​សកម្មភាព​នានា​តាម​មូល​ដ្ឋាន, ៣. សហការ​ជម្រុញ និង​លើក​កម្ពស់​គណនីភាព​របស់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធ​ភាព, ៤. សហការ​​រៀបចំ​វេទិកា​សាធារណៈ​តាម​មូល​ដ្ឋាន ដើម្បី​ស្តាប់​សំណើ និង​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ ដោយ​ផ្អែក​លើ​ច្បាប់ និង​បទដ្ឋាន​គតិ​យុត្ត​នានា, ៥. សហការ​ជួយដោះ​ស្រាយ​បញ្ហា​ប្រឈម និង​ការ​លំបាក​នា​នា របស់​ប្រជាពលរដ្ឋ​​នៅ​​មូល​ដ្ឋាន និង​គៀគរ​ធនធាន​ពី​ប្រភព​នានា​ដើម្បី​ចូល​រួម​ដោះស្រាយ​ជីវភាព​ប្រជា​ពលរដ្ឋ ក៏​ដូចជា​​ការ​អភិវឌ្ឍ​​មូល​ដ្ឋាន ។ ​

          ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បានផ្តាំផ្ញើ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង ក៏​ដូចជា​មន្រ្តី​រាជការ​គ្រប់​ជាន់​ថ្នាក់ បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​នេះឲ្យ​បាន​ប្រសើរ​បន្ថែម​ទៀត សំដៅ​ជួយ​ដល់​​ប្រជាពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន ក៏​ដូចជា​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend