ឯកឧត្តម វង សូត រដ្ឋមន្រ្តី និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​មិទ្ទិញ​ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី ១០៣ ឆ្នាំ​២០១៤
PrinterEmail
ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅទីស្តីការ​​ក្រសួង​សង្គមកិច្ច ខួប​លើក​ទី​១០៣ នៃ​ទិវា​អន្តរ​ជាតិ​នារី ៨ មីនា ឆ្នាំ​២០១៤ ប្រធាន​បទ “ សម​ភាព នៃ​ការ​អប់រំ​មាន​សារៈ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម” ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង នា​ព្រឹក​​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៤ ក្រោម​អធិបតី​ភាព​ឯកឧត្តម វង សូត រដ្ឋមន្ត្រី​​ក្រសួង​​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា និង​លោក​ជំទាវ ។

          ឯកឧត្តម វង សូត រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​​កោត​​សរ​សើរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្រ្តី​រាជការ​ជា​នារី​គ្រប់​ជាន់​ថ្នាក់ ដែល​មាន​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ល្អ និង​រួម​ចំណែក​អនុវត្ត​ការងារ​ជូន​ក្រសួង ឲ្យ​មាន​ភាព​រីកចម្រើន​រហូត​មកដល់​សព្វ​ថ្ងៃ​នេះ ។  លើស​ពីនេះ​ទៅ​ទៀត ការ​ប្រារព្ធ​ទិវា​អន្តរ​ជាតិ​នារី ៨ មីនា នា​ពេល​នេះ ជា​ការ​លើក​ទឹក​ចិត្ត ចំពោះ​ចលនា​ដើម្បី​សិទ្ធិ និង​ការ​អភិវឌ្ឍ​​ដល់​​ស្ត្រី​ផង​ដែរ ។

          ឯកឧត្តម​រដ្ឋមន្រ្តី​បាន​បន្ត​ទៀត​ថា ការ​ប្រារព្ធ​ទិវា​នាពេល​នេះ គឺ​ដើម្បី​រំលឹក​ពី​ការ​តស៊ូ​របស់​នារី និង​ពលករ​ទូទាំង​សកល​លោក ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព សម​ភាព រវាង​បុរស និង​នារី តាម​ពាក្យ​ស្លោក​ថា ” ១ថ្ងៃ​ធ្វើ​ការ ៨​ម៉ោង ដូច​គ្នា ទទួល​បាន​បៀវត្សរ៍​ដូច​គ្នា ” ព្រម​ទាំង​ទទួល​បាន​សេវា​ការពារ​សុខុមាល​ភាព​មាតា និង​ទារក ជា​ដើម ។ ជាពិសេស​គឺ​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​​ទាំង​​ប្រុស​​ទាំង​​ស្រី ទទួល​បាន​ចំណេះ​ដឹង ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ជំនាញ ដើម្បី​កាត់​បន្ថយ អំពើ​ហឹង្សា​ក្នុង​គ្រួសារ និង​យល់ដឹង​ពី​តួនាទី​រវាង​បុរស និង​ស្រ្តី ក្នុង​ការ​រៀបចំ​ខ្លួន​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​​សម្រាប់​សង្គម​ជាតិ ។

          ឯកឧត្តម​រដ្ឋមន្រ្តី បាន​គូស​បញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ប្រចាំ​ចំពោះ​បញ្ហា​ស្រ្តី ដោយ​បាន​ចាត់​ទុក​ស្រ្តី​ជា​ឆ្អឹង​ខ្នង នៃ​សេដ្ឋកិច្ច និង​សង្គម​ជាតិ ដោយ​កម្ពុជា​បាន​ចុះ​អនុ​សញ្ញា ស្តី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ ដែល​ទទួល​ស្គាល់​សិទ្ធិ​ពិសេស ០៦ យ៉ាង គឺៈ សិទ្ធិ​ទទួល​ប្រាក់​បំណាច់​ស្មើនឹង​បុរស, សិទ្ធិ​មាន​សមភាព​ខាង​ផ្លូវ​ភេទ, សិទ្ធិ​មាន​សមភាព​រវាង​ប្តី ប្រពន្ធ, សិទ្ធិ​ទទួល​បាន​កិច្ច​ការពារ​ពី​ការ​កេញ​ប្រវ័ញ្ច, សិទ្ធិ​ទទួល​ការ​ឈប់​សម្រាក​ពេល​សម្រាល​កូន និង​សិទ្ធិ​រួច​ផុត​ពី​ទោស​​ប្រហារ​ជីវិត​ពេល​មាន​គភ៌ ។

          ជាទីបញ្ចប់ ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បាន​ផ្តាំផ្ញើ​ដល់​បង​ប្អូន​នារី​ត្រូវ​ចេះ​ជួយ​​ខ្លួន​ឯង មាន​សាមគ្គី​ល្អ សហការ​គ្នា​បាន​ល្អ ចេះ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន និង​ស្វែង​យល់​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​សង្វាក់​វិវត្ត នៃ​សង្គម និង​ឆ្លើយ​តប​ទៅ​នឹង​ប្រធាន​បទ ” សម​ភាព នៃ​ការ​អប់រំ​មាន​​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម” ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend