នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម វង សូត រដ្ឋមន្រ្តី និង​លោកជំទាវ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ភោធ​ឧបដ្ឋាន​សាលា និង​សមិទ្ធ​ផល​នានា ក្នុង​វត្ត​សាមគ្គី​សុខារាម ហៅ​វត្ត​ច្រករំដេង នៅ​ខេត្ត​ត្បូងឃ្មុំ
PrinterEmail
ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          កាលពី​ព្រឹក​​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​​យុវ​នីតិ​សម្បទា និង​លោកជំទាវ តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​​ពិធី​សម្ភោធ​ឧបដ្ឋាន​សាលា និង​សមិទ្ធ​ផល​នានា ក្នុង​វត្ត​​សាមគ្គី​សុខារាម ហៅ​វត្ត​ច្រក​រំដេង ស្ថិត​នៅ​ក្នុង​ភូមិ​ច្រក​រំដេង ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការ​​អញ្ជើញ​​ចូល​រួម​​ពី​​សំណាក់ ថ្នាក់​ដឹក​​នាំ​ក្រសួង គណៈ​ប្រតិភូ​អម​ដំណើរ អាជ្ញាធរ​មូលដ្ឋាន យាយជី​តាជី សិស្សា​នុសិស្ស និង​ពុទ្ធបរិស័ទ្ធ​ចំណុះ​ជើងវត្ត សរុប​ប្រមាណ ៥០០ នាក់​ផង​ដែរ ។

          យោងតាមរបាយការណ៍​របស់​លោក ឡុង ធាម អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា វត្តសាមគ្គីសុខារាម ហៅវត្តច្រករំដេង បានកសាងតាំងពីឆ្នាំ ១៩៩០ មកម្ល៉េះ លើផ្ទៃដី ៧,៧៤២ ម៉ែត្រក្រលា ដោយឆ្លងកាត់ការគ្រប់គ្រង​ដឹកនាំរបស់​ព្រះចៅអធិការ​ច្រើន​ព្រះអង្គ​មកហើយ បានខិតខំ​កសាង​សមិទ្ធផលនានាក្នុងទីវត្តអារាមនេះ ឲ្យមានការរីក​ចម្រើនជាបន្តបន្ទាប់ដូចជា ព្រះវិហារ កុដិ ក្លោងទ្វារ ។ល។

          ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំគ្រប់គ្រងរបស់ព្រះគ្រូចៅអធិការព្រះនាម ឆុន ឡូត រួមនឹង​ពុទ្ធិបរិស័ទ សប្បុរសជនជិតឆ្ងាយ ជាពិសេសក្រោមការឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្ត សម្ភារៈ និងថវិកា​យ៉ាងច្រើន របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ, ឯកឧត្តម វង សូត និងលោកជំទាវ បានកសាង​ឧបដ្ឋាន​សាលា​ដាក់សម្ភោធឲ្យប្រើប្រាស់នាថ្ងៃនេះ ដែលមានទំហំ ទទឹង ១៦,៦ម បណ្តោយ ២២ម ដោយចំណាយ​អស់​ទឹក​ប្រាក់​សរុបចំនួន ៣៦៣,៥៦៤,០០០ រៀល ដែលក្នុងនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង​លោកជំទាវ ឧបត្ថម្ភ​ថវិកាចំនួន ៥០លានរៀល, ឯកឧត្តម វង សូត និងលោកជំទាវ ឧបត្ថម្ភថវិកា​ចំនួន ២០ លានរៀល រីឯថវិកា​មួយចំនួន​ទៀតបានមកពីទីប្រឹក្សារបស់សម្តេចពញាចក្រីប្រធានរដ្ឋសភា និង​សប្បុរសជន ។

          មានមតិសំណេះ​សំណាល​នៅក្នុង​អង្គ​ពិធីនោះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីត​យុទ្ធជន និងយុវនីតិ​សម្បទា ក៏បានពាំនាំនូវការ សួរសុខទុក្ខពីសំណាក់សម្តេច​ទាំងបី ដែល​ជានិច្ច​កាល​បាន​គិតគូរ​យក​ចិត្ត​ទុកដាក់ ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ​យើងនៅគ្រប់​ទីកន្លែង ។

          ឯកឧត្តម​រដ្ឋមន្រ្តី   បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិ​បណ្ឌិត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាច្រកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់​ក្នុងការ​ធ្វើកំណែទម្រង់ស៊ីជម្រៅ ដោយបាន​ដាក់ចេញ​នូវ​អភិក្រមការងារបួនយ៉ាងគឺ ”ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង​ព្យាបាល” ជាស្នូលជួង​ដាស់តឿន​ស្មារតី​មន្រ្តី​រាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធនានា ត្រូវបំពេញ​ភារកិច្ចប្រកបដោយការទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​លើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យរស់នៅ​ក្នុងភាព​ថ្លៃថ្នូរ និងកិត្តិយស ។

          លើសពីនេះ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត អ្វីៗត្រូវបានបំផ្លិច បំផ្លាញ ទាំង ស្រុង គ្មានវត្តអារាម គ្មានហេដ្ឋារចនាសម្ព័ន្ធ គ្មានសិទ្ធិសេរីភាព ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការ ដឹកនាំ​ប្រកប​ដោយគតិ​បណ្ឌិតរបស់សម្តេចទាំងបី ប្រទេសជាតិមានភាពរីកចំរើនជាបន្តបន្ទាប់ ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព​នយោ​បាយ ប្រជាជនរស់នៅក្នុងភាពសុខក្សេមក្សាន្ត ។

          ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួងសង្គមកិច្ច និងលោកជំទាវ បានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួន ជូនដល់ព្រះសង្ឃ យាយជីតាជី អាជ្ញាធរ មូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ ។ បន្ទាប់មក ឯកឧត្តម វង សូត រដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញកាត់ខ្សែបូសម្ភោធឧបដ្ឋានសាលា និងសមិទ្ធផល​នានា នៅក្នុងវត្តសាមគ្គីសុខារាម ហៅវត្តច្រករំដេង  ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង​មូលដ្ឋាន​ក្នុងការ​គោរពប្រតិបត្តិព្រះពុទ្ធសាសនា ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend