ឯកឧត្តម វង សូត រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការ​ផែន​ការ​យុទ្ធ​សាស្រ្ត​ឆ្នាំ ២០១៤-២០១៨ ការ​ប្រគល់​ត្រា​ជូន​សាខា​មូល​និធិ​ជន​ពិការ និង​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ ដែល​អនុវត្ត​បាន​ក្នុង​អាណត្តិ​ទី១ និង​ទិសដៅ​អនុវត្ត​បន្ត
PrinterEmail
ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ផែន​ការ​យុទ្ធសាស្រ្ត​ឆ្នាំ ២០១៤-២០១៨ ការ​ប្រគល់​ត្រា​ជូន​សាខា​​មូល​​និ​ធិ​ជន​ពិការ រាជធានី​/​ខេត្ត និង​សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​ដែល​អនុវត្ត​បាន​ក្នុង​អាណត្តិ​ទី​១ និង​ទិសដៅ​​អនុវត្ត​​បន្ត ត្រូវ​បាន​​ប្រារព្ធ​ធ្វើ​ឡើង​នា​ព្រឹក​​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៤ ក្រោម​អធិបតី​ភាព​ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​​សម្បទា នៅ​សណ្ឋាគារ​កាំបូឌី​យ៉ា​ណា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រសួង​សង្គម​កិច្ច ក្រសួង​ពាក់​ព័ន្ធ​នា​នា អង្គការ​ជាតិ និង​អន្តរ​ជាតិ​ផង​ដែរ ។

          លោក ជួរ រតនៈ នាយក​មូល​និធិ​ជន​ពិការ មាន​ប្រសាសន៍​ថា ផែន​ការ​យុទ្ធសាស្រ្ត​នេះ រៀប​រៀង​ឡើង​ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ស្រប​តាមគោលនយោបាយលិខិតបទដ្ឋាននានាទាំងថ្នាក់ជាតិ និងអន្តរ​ជាតិ ហើយ​ផែនការយុទ្ធសាស្រ្តនេះ មានគោលដៅយុទ្ធសាស្រ្ត ៦ចំនុចដូចតទៅៈ ១. ពង្រឹងសេវាស្តារលទ្ធភាព​ពលកម្មកាយសម្បទា ដើម្បី​លុបបំបាត់ឬកាត់បន្ថយពិការភាព និងបង្កើនលទ្ធភាពដល់ជនពិការក្នុងការប្រើប្រាស់ សេវាប្រកបដោយគុណភាព និង​និរន្ត​ភាព, ២. បង្កើន និងបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ ដែលមានស្រាប់ និងដៃគូថ្មីប្រកបដោយប្រសិទ្ធភាព, ៣. ធ្វើនិទស្សន៍ពីនិរន្តភាពហិរញ្ញវត្ថុ លើកកម្ពស់តម្លាភាព និងគណនេយ្យភាព ដើម្បីសម្រេចនូវទស្សនវិស័យ និង​អាណត្តិ​របស់​មូល​និធិជន​ពិការ, ៤. ពង្រឹងការគ្រប់គ្រង និង​ការកសាងសមត្ថភាពមូលនិធិជនពិការ និងមន្រ្តីបុគ្គលិកជំនាញ ដើម្បីអនុវត្ត និង​សម្រេច​​បាននូវគោលដៅ​យុទ្ធ​សាស្រ្ត ជាអាទិភាព, ៥. ធានានូវប្រព័ន្ធគ្រប់គ្រងព័ត៌មាន ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ផ្សារ​ភ្ជាប់​យ៉ាង​ស្និទ​​ទៅនឹងគោលដៅយុទ្ធសាស្រ្ត និងតម្រូវការរបស់មូលនិធិជនពិការ និង ៦. លើកកម្ពស់ និងបង្កើនការរស់នៅដោយ​ឯករាជ្យ ការធ្វើសមាហរណកម្មទៅក្នុងសង្គម និងការចូលរួមសកម្មភាពសេដ្ឋកិច្ចរបស់ជនពិការ ។

          មាន​ប្រសាសន៍​​ក្នុង​អង្គ​ពិធី​នោះ​ផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​សម្តែង​នូវ​​ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ មន្រ្តី​ជំនាញ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​បាន​នូវ​សមិទ្ធ​ផលជាច្រើន ជាពិសេសគឺកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អង្គការជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍នានា ចំពោះ​មូល​និធិ​ជន​ពិការ ដើម្បីបំពេញបុព្វហេតុការផ្តល់សេវាសាធារណៈ និងលើកស្ទួយសុខុមាលភាពជនពិការនៅកម្ពុជា ។

          ឯកឧត្តម​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ទៀត​ថា ផែន​ការ​យុទ្ធសាស្រ្ត​នេះ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ក្នុង​ការ​បំពេញ​នូវ​តម្រូវ​ការ​របស់​ជន​ពិការ​ដោយ​​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា ធ្វើ​ឲ្យ​ជន​ពិការ​មាន​​លទ្ធ​ភាព ទទួល​បាន​ការ​ថែទាំ​កម្រិតមុខងារផ្នែករាងកាយ វិញ្ញាណ សតិបញ្ញា ផ្លូវចិត្ត និងកម្រិតមុខងារ ផ្នែកសង្គមឲ្យ​បានល្អប្រសើរបំផុត ។

          ឆ្លៀត​ក្នុង​ឱកាស​នោះផង​ដែរ ដើម្បី​ជម្រុញ​កិច្ចការ​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ឯកឧត្តម​រដ្ឋមន្រ្តី​ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​ចំនួន ៧​ចំនុច​រួម​មានៈ ១. ត្រូវ​ខិត​ខំ​រៀប​ចំ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​នានា​​បន្ថែម​ទៀត ដើម្បី​ជម្រុញ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ និង​លើក​កម្ពស់សិទ្ធិជនពិការឲ្យមានប្រសិទ្ធភាព, ២. ត្រូវ​រៀបចំផ្សព្វផ្សាយជាសាធារណៈឲ្យបានទូលំទូលាយ តាម​រយៈ​សិក្ខា​សាលា សារ​ព័ត៌មាន វិទ្យុ និងទូរទស្សន៍, ៣. ត្រូវ​បន្តពង្រឹងពង្រីកសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ជូន​ជន​ពិការ​ប្រកប​ដោយ​គុណភាព, ៤. ត្រូវលើកទឹកចិត្ត​ឲ្យមានការចូលរួមពីផ្នែកឯកជន រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំង​អស់​ក្នុង​ការ​ទទួល​ជន​ពិការ​ឲ្យចូលបម្រើការងារ, ៥. ត្រូវពន្លឿនការរៀបចំនីតិវិធីក្នុងការអនុវត្តអនុក្រឹត្យលេខ១៣៧ ស្តីពី​របប​គោល​នយោបាយ​សម្រាប់​ជន​ពិការ​ក្រី​ក្រ នៅតាមសហគមន៍, ៦. ពង្រឹងពង្រីកទំនាក់ទំនង ជាមួយអង្គការដៃគូពាក់ព័ន្ធនានា និង​វិស័យ​ឯកជន​ក្នុង​ការ​វិនិយោគ និងកៀរគរប្រភពធនធាន ដើម្បីលើកកម្ពស់សុខុមាលភាពជនពិការ និង ៧. ត្រូវខិតខំប្រឹងប្រែងជម្រុញការអនុវត្ត​របស់​ខ្លួន ដើម្បីក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយ ដែលមានសក្តានុពលភាពក្នុងការបម្រើសេវាកម្មលើវិស័យ ពិការ​ភាព​ឲ្យ​មាន​ប្រសិទ្ធភាព និងតម្លាភាព ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend