ឯកឧត្តម វង សូត រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យ​ប្រធាន​អង្គការ​សង្គ្រោះ Salvation Army ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ស្នើ​សុំ​ការ​គាំ​ទ្រ
PrinterEmail
ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នា​រសៀល​​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​​ក្រសួង​​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​​យុវនីតិ​​សម្បទា អនុញ្ញាត​ឲ្យ​លោក Jin Kyun Shin ប្រធាន​អង្គការ​សង្គ្រោះ Salvation Army នៃ​ប្រទេស​​កូរ៉េ ចូល​ជួប​​សម្តែង​​ការ​​គួរ​សម និង​ស្នើ​សុំ​ការ​គាំ​ទ្រ​ពី​សកម្មភាព​ព្យាបាល​ជម្ងឺ​បេះដូង​ជូន​កុមារ​កម្ពុជា ពី​តំណាង​អង្គការ​​ប្រចាំ​នៅ​កម្ពុជា នៅ​ទីស្តី​ការ​ក្រសួង​សង្គម​កិច្ច ។

          លោក Jin Kyun Shin ប្រធាន​អង្គការ​សង្គ្រោះ Salvation Army មាន​ប្រសាសន៍​ថា អង្គការ​សង្គ្រោះ Salvation Army ជា​អង្គការ​មនុស្ស​ធម៌​មិន​ស្វែង​រក​ប្រាក់​កម្រៃ ត្រូវបានបង្កើត​ឡើងនៅទីក្រុងសេអ៊ូល នៃសាធារណៈរដ្ឋកូរ៉េ ដោយ​ធ្វើ​សកម្មភាព​លើ​វិស័យ​សុខា​ភិបាល ហើយបច្ចុប្បន្ននេះ អង្គការ​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​កម្ម​វិធី​សេវា​ព្យាបាល​ជម្ងឺ​បេះដូង​សម្រាប់​កុមារ​កម្ពុជា​ទូទាំង​ប្រទេស និងបន្តព្យាបាលជម្ងឺ​បេះដូងជូនកុមារកម្ពុជាបន្ថែមទៀតជារៀងរាល់ឆ្នាំតាមការគ្រោងទុក ។

          លោកបានបន្តទៀតថា គោលបំណង​នាពេល​នេះគឺ ចង់ឲ្យក្រសួងសង្គមកិច្ច ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជា​រាជរដ្ឋា​ភិបាល​កម្ពុជា ជួយសហការគាំទ្រ​ដល់គម្រោង​របស់​អង្គការនេះ ដើម្បីដំណើរការអនុវត្តកម្មវិធីមានភាពរលូន ជាពិសេស​ជួយ​ដល់​កុមារ​កម្ពុជា​ទទួលបាន​នូវការ​ព្យាបាល​ប្រកប​ដោយប្រសិទ្ធិភាពខ្ពស់ ។

          ជាការឆ្លើយតប ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តកម្មវិធី​របស់អង្គការ​សង្គ្រោះ Salvation Army ដែល​បាន​ជួយ​ដល់​កុមារ​នា​ពេល​កន្លង​មក ប្រកបដោយទឹកចិត្តសប្បុរសធម៌ នេះគឺ​បង្ហាញពី​ចំណងមិត្តភាពយ៉ាងជិតស្និតរវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជា ។

         ឯកឧត្តមរដ្ឋមន្រ្តីបានបន្តទៀតថា ក្រសួង​សង្គម​កិច្ច ក៏សូមគាំទ្រ និងផ្តល់នូវកិច្ចសហការឲ្យបានល្អ ចំពោះ​ការ​អនុវត្ត​នូវ​គម្រោ​ង​របស់​អង្គការ​សង្គ្រោះ Salvation Army ហើយ​ក្រសួង​ក៏មាន​មន្រ្តី​ជំនាញ​ដើម្បី​ទំនាក់​ទំនង​ពិភាក្សា​ជាមួយ​អង្គការ​ឲ្យបាន​ច្បាស់​លាស់ ស្រប​តាម​គោល​នយោ​​បាយ​​របស់​ក្រសួង ក៏​ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​គឺ​ដើម្បី​ការពារ​​ឧត្តម​ប្រយោជន៍​កុមារ​កម្ពុជាគ្រប់រូប ។

          ជាទីបញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បាន​ប្រសិទ្ធិពរជ័យជូនដល់លោក​ប្រធានអង្គការ ក៏ដូចជា​ក្រុម​ការងារ ឲ្យទទួលបាននូវភាពជោគជ័យ និងសុខសុវត្ថិភាព ក្នុងអំឡុង​ពេល​បំពេញ​បេសកកម្ម​ការងារ​នៅ​ក្នុង​ទឹកដី​ព្រះរាជា​ណាចក្រ​កម្ពុជា ហើយ​បន្តនូវកិច្ច​សហ​ប្រតិបត្តិការឲ្យ​រិតតែ​ប្រសើរ​បន្ថែមទៀត ដើម្បីលើក​កម្ពស់​វិស័យ​សុខុមាលភាពកុមារនៅកម្ពុជាឲ្យ​រិត​តែ​​ប្រសើរ​ឡើង ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend