ឯកឧត្តម វង សូត រដ្ឋមន្រ្តី អញ្ជើញ​សំណេះ​សំណាល សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ ដល់​កុមារ​កំព្រា នៅ​បុរី​កុមារ​មិត្ត​ភាព​​កម្ពុជា បារាំង ហុងគ្រី ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល
PrinterEmail
ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នា​ព្រឹក​​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​​សង្គម​​កិច្ច អតីត​​យុទ្ធជន និង​​យុវ​នី​តិ​​សម្បទា បាន​អញ្ជើញ​សំណេះ​សំណាល សួរ​សុខ​ទុក្ខ និង​នាំ​យក​នូវ​អំណោយ​ជូន​ដល់​កុមារ​កំព្រា​នៅ​បុរី​កុមារ​​មិត្ត​ភាព​កម្ពុជា បារាំង ហុងគ្រី និង​កុមារ​កំព្រា​មក​ពី​មជ្ឈ​មណ្ឌល​គៀន​ឃ្លាំង ស្ថិត​នៅ​ក្នុង​ភូមិ​បារគូ ឃុំ​បារគូ ស្រុក​​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ អភិបាលរងខេត្ត គណៈ​ប្រតិភូ​អម​ដំណើរ អាជ្ញាធរ​ដែនដី លោកគ្រូ​អ្នកគ្រូ និង​កុមារ​កំព្រា សរុប​ប្រមាណ ២០០​នាក់ ។

          លោក រស់ សុខុន ប្រធាន​មណ្ឌល​បុរី​កុមារ​មិត្តភាព​កម្ពុជា បារាំង ហុងគ្រី បាន​រាយការណ៍​ឲ្យ​ដឹង​ថា មណ្ឌល​បុរី​កុមារ​មិត្ត​ភាព​កម្ពុជា បារាំង ហុងគ្រី បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អង្គការ​ដៃ​គូ និង​ជា​ពិសេស​គឺ​ទទួល​បាន​​ការ​​យក​ចិត្ត​ទុក​ដាក់​​យ៉ាង​​ខ្លាំង​ពី​សំណាក់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​​ណាចក្រ​កម្ពុជា និង​​សម្តេច​​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ផ្តល់​ថវិកា​ចំនួន ១លាន ៩សែន រៀល​​ជា​រៀង​រាល់​ខែ​សម្រាប់​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​កុមារ​កំព្រា​នៅ​ក្នុង​មណ្ឌល ។

          លោក​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​កុមារ​កំព្រា​ស្នាក់​នៅ​ក្នុង​​មណ្ឌល​មាន​ចំនួន ៨៩​នាក់ (ស្រី៤៣នាក់) ដោយ​បាន​រៀន​នៅ​សាលា​បឋម​សិក្សា អនុ​វិទ្យាល័យ វិទ្យាល័យ មហា​វិទ្យាល័យ និង​សាលា​បច្ចេក​ទេស ។ លើស​ពី​នេះ​កុមារ​ទាំងអស់​ទទួល​បាន​ការ​អប់រំ​ពី​ថ្នាក់​ដឹកនាំ​មណ្ឌល ១ខែ​ម្តង ដើម្បី​ក្តាប់​រាល់​សំណូម​ពរ​របស់​ពួក​គេ​ពី​ការ​សិក្សា ណែនាំ​ឲ្យ​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​​មណ្ឌល ទម្លាប់​ខ្លួន​​ជា​កូន​ល្អ សិស្ស​ល្អ និង​ជួយ​ផ្តល់​កម្លាំង​ចិត្ត​ដល់​សិស្ស​ដែល​​រៀន​​ខ្សោយ​​ឲ្យ​ខិត​ខំ​រៀន​បន្ថែម​​ទៀត​នៅ​ម៉ោង ២​ដល់​ម៉ោង​៤ល្ងាច ។

          មាន​ប្រសាសន៍​នា​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ​ក្រសួង​សង្គម​កិច្ច មន្ទីរ​សង្គម​កិច្ច​ខេត្ត​កណ្តាល អាជ្ញាធរ​ដែន​ដី ជាពិសេស​បុគ្គលិក មន្រ្តី​រាជការ នៃបុរីកុមារ​​មិត្តភាព​កម្ពុជា បារាំង ហុងគ្រី និង​មជ្ឈ​មណ្ឌល​កុមារ​កំព្រា​គៀន​ឃ្លាំង ដែល​បាន​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​អស់​ពី​​កម្លាំង​កាយ​ចិត្ត ដល់​ក្មួយ​ៗ​កុមារ​កំព្រា កុមារ​រងគ្រោះ និង​ងាយ​រង​គ្រោះ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

          ឯកឧត្តម​​រដ្ឋមន្រ្តី​​បាន​បន្ត​ទៀត​ថា ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ខាង​លើ​នេះ ក្រសួង​សង្គម​កិច្ច បាន​សហការ​ជា​មួយ​​ដៃ​គូ​អភិវឌ្ឍ​នានា ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ ក្នុង​ការ​ផ្តល់​សេវា​ដល់​ប្រជា​ពលរដ្ឋ​ទីទ័ល​ក្រ ងាយ​រងគ្រោះ ដើម្បី​លើក​​កាលា​នុ​វត្ត​​ភាព​ការ​ងារ កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​ភាព​ងាយរង​គ្រោះ​របស់​ប្រជាជន ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាជន​​កាន់​តែ​ប្រសើរ​បន្ថែម​ទៀត ។

          ដើម្បី​គ្រប់​គ្រង​ក្នុង​ការ​ផ្តល់​សេវា​ដល់​ក្មួយ​ៗ​កុមារ​កំព្រា និង​កុមារ​ងាយ​រង​គ្រោះ​ឲ្យ​​បាន​ល្អ ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​រួម​មានៈ សូម​ឲ្យ​ម្ចាស់​ជំនួយ និង​អង្គការ​ដៃ​គូ​នានា ដែល​ផ្តល់​សេវា​លើ​វិស័យ​សុខុមាល​ភាព​កុមារ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែទាំ​កុមារ​ជា​លក្ខណៈ​គ្រួសារ និង​សហគមន៍ ជា​ជាង​​យក​កុមារ​មក​រស់នៅ​ក្នុង​មណ្ឌល​ដោយ​មិន​ចាំ​បាច់ ព្រោះ​ថា​តាម​គោល​នយោបាយ​ស្តីពី​​ការ​​ថែ​ទាំ​ជំនួស​ចំពោះ​កុមារ ជា​លក្ខណៈ​គ្រួសារ​ជា​ជម្រើស​ល្អ​បំផុត ហើយ​ការ​ទុក​ដាក់​កុមារ​ក្នុង​មណ្ឌល​ជា​​ជម្រើស​​ចុង​ក្រោយ និង​បណ្តោះ​​អាសន្ន​តែ​ប៉ុណ្ណោះ, សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​រាល់​ការ​​លំបាក​របស់​កុមារ​កំព្រា និង​កុមារ​ងាយ​រងគ្រោះ​ទាំង​ឡាយ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន  ប្រឹង​ប្រែង​​ធ្វើ​យ៉ាង​ណា​ឲ្យ​​អស់​ពី​លទ្ធ​ភាព​ដើម្បី​ឲ្យ​ពួក​គេ បាន​រស់​នៅ​ក្នុង​គ្រួសារ និង​សហគមន៍ មុន​នឹង​សម្រេច​ចិត្ត​នាំ​កុមារ​រងគ្រោះ​ទាំង​នោះ​​ទៅ​​ដាក់​ក្នុង​មណ្ឌល, សូម​ឲ្យ​​មាតា​បិតា មេត្តា​យក​ចិត្ត​ទុក​ដាក់​ថែទាំ​កូន​ៗ​របស់​ខ្លួន​ឲ្យ​បាន​ល្អ កុំ​បោះបង់​កុមារ​ចោល និង​ខិត​ខំ​អប់រំ​ប្រៀន​ប្រដៅ​កូន​ៗ ចៀស​ឲ្យ​ផុត​ពី​គ្រឿង​ញៀន និង​អំពើ​អបាយ​មុខ​ផ្សេង​ៗ ដើម្បី​​ក្លាយ​ខ្លួន​ជា​​ពលរដ្ឋ​​ល្អ​នា​ពេល​អនាគត និង​​ផ្តាំ​ផ្ញើ​ដល់​ក្មួយ​ៗ​កុមារ​ទាំង​អស់ ត្រូវ​ខិត​ខំ​រៀន​សូត្រ គោរព​វិន័យ ស្តាប់​បង្គាប់​ឳពុក​ម្តាយ លោកគ្រូ​អ្នកគ្រូ ចេះ​​ស្រលាញ់​ និង​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញទៅ​មក ខិត​ខំ​កសាង​ខ្លួន​ឲ្យ​ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ ។

          ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច ក៏​បាន​ពាំនាំ​នូវ​អំណោយ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​កុមារ​​កំព្រា​រួម​មានៈ កុមារ​កំព្រា​សរុប​ចំនួន ១៣៩ នាក់ ដោយ​ម្នាក់​ៗ​ទទួល​បាន​ខោ​អាវ​​សិស្ស ១​កំប្លេ, សម្ភារៈ​សិក្សា, សម្ភារៈ​ប្រើ​ប្រាស់, និង​ថវិកា​១​ម៉ឺន​រៀល, លោកគ្រូ​អ្នកគ្រូ ១៥នាក់ ម្នាក់​ៗ​​ទទួល​​បាន​ថវិកា ៣​ម៉ឺន​រៀល, ក្រុម​ប្រឹក្សា​​ឃុំ ៣​នាក់ ម្នាក់​ៗ​ទទួល​បាន​​ថវិកា ១០ម៉ឺនរៀល ។ ចំណែក​មណ្ឌល​បុរី​កុមារ​មិត្ត​កម្ពុជា បារាំង ហុងគ្រី ទទួល​​បាន​អង្ករ ៣០០ គ.ក, សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ, គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា ៣​លាន​រៀល, មណ្ឌល​​កុមារ​​កំព្រា​​គៀន​ឃ្លាំង​ទទួល​បាន​អង្ករ ២០០ គ.ក, ថវិកា ២លាន​រៀល និង​អំណោយ​​ដូច​​មណ្ឌល​ខាង​លើ ៕

  

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend