នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម វង សូត រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចែក​អំណោយ ជូន​ប្រជាជន​ក្រីក្រ និង​គ្រួសារ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ នៅ​ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់​ចាម
PrinterEmail
ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ព្រឹក​​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​​យុវ​នីតិ​សម្បទា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចែក​អំណោយ ជូន​ប្រជាជន​ក្រីក្រ និង​គ្រួសារ​រងគ្រោះ​ដោយ​ទឹក​ជំនន់​​ចំនួន ៧០០ គ្រួសារ ដែល​មក​ពី​ស្រុក​ជើង​ព្រៃ និង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម ស្ថិត​នៅ​ភូមិ​ប៉ាណា ឃុំ​សូទិប ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម ដោយ​មាន​ការ​អញ្ជើញ​ចូល​​រួម​​ពី​​សំណាក់ ឯកឧត្តម លោកជំទាវ គណៈប្រតិភូ​អមដំណើរ អាជ្ញាធរ​មូលដ្ឋាន សរុប​ប្រមាណ ៨៥០ នាក់ ។

          យោង​តាម​របាយ​ការណ៍​របស់​លោក ឆាយ វ៉ាន់ស៊ី អភិបាល​ស្រុក​ជើង​ព្រៃ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៤​នេះ គ្រប់​វិស័យ​នៅ​ក្នុង​ស្រុក​ជើង​ព្រៃ​មាន​ដំណើរ​ការ​ធម្មតា និង​កំពុង​អភិវឌ្ឍន៍​តាម​វិស័យ​ជំនាញ​នីមួយៗ​យ៉ាង​សកម្ម ។ ដោយ​ឡែក​វិស័យ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ ក្នុង​នោះ​និវត្តន៍ជន ជន​បាត់​បង់​សម្បទា​វិជ្ជា​ជីវៈ និង​អតីត​យុទ្ធជន កំពុង​ទទួល​ការ​បើក​ប្រាក់​សោធន​គោល​នយោបាយ​ប្រចាំ​ខែ​តាម​ប្រព័ន្ធ​ធនាគារ​ដៃ​គូ​ផង​ដែរ ។

          ចំណែក​វិស័យ​សុខុមាល​ភាព​កុមារ សុខុមាល​ភាព​ជន​ពិការ​​សុខុមាល​ភាព​មនុស្ស​ចាស់ ត្រូវ​បាន​លើក​កម្ពស់​ក្នុង​ការ​ការ​ពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ជា​បន្ត​បន្ទាប់ ហើយ​មុខ​សញ្ញា​ប្រជា​ពលរដ្ឋ​ក្រីក្រ រង​គ្រោះ និង​ងាយ​រងគ្រោះ ត្រូវ​បាន​អាជ្ញាធរ​មូល​ដ្ឋាន រួម​ជា​មួយ​សប្បុរស​ជន​នា​នា ពិសេស​ប្រមុខ​រាជ​រដ្ឋា​ភិបាល តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ទៅ​តាម​លទ្ធភាព​ជាក់​ស្តែង ។

          មាន​ប្រសាសន៍​នា​ឱកាស​នោះ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច​ អតីត​​យុទ្ធជន និង​យុវនីតិ​​សម្បទា បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​​ប្រឹង​​ប្រែង ថ្នាក់​ដឹក​នាំ មន្រ្តី​រាជការ ជា​ពិសេស​មន្ទីរ​​​សង្គម​កិច្ច អតីត​​យុទ្ធ​ជន និង​​យុវនីតិ​​សម្ប​ទា ខេត្ត​កំពង់​ចាម ​អាជ្ញាធរ​​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ (ស្រុក​ជើង​ព្រៃ និង​ស្រុក​បាធាយ) ទាំង​អស់​ដែល​បាន​​សហ​​ការ​រៀប​ចំ​​ពិធី​​ចុះ​សួរ​​​​សុខ​ទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជា​ជន​ក្រី​ក្រ និង​គ្រួសារ​រងគ្រោះ​ដោយ​ទឹក​ជំនន់ ដែលនេះ​ជា​​ការ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រសួង និង​អាជ្ញាធរ​គ្រប់​លំដាប់​​ថ្នាក់ ដើម្បី​ជួយ​​សម្រួល​ដល់​ការ​​​​​លំបាក​របស់​បង​ប្អូន ដោយសារ​គ្រោះ​ធម្មជាតិ​បាន​ទាន់​ពេល​វេលា ។

          ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បាន​ពាំនាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​​ទាំង​បី គឺ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជាពិសេស​​សម្តេច​​អគ្គ​​មហា​​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​​ជា​និច្ច​កាល​បាន​​គិត​គូរ​​យក​​ចិត្ត​​ទុក​​ដាក់ ចំពោះ​សុខ​ទុក្ខ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​​យើង​នៅ​គ្រប់​​ទី​កន្លែង ជា​ពិសេស​នៅ​ពេល​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ​ដោយ​ទឹក​ជំនន់​ដូច​ពេល​នេះ ។

          ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ និង​​បង​​ប្អូន​​ប្រជា​ពលរដ្ឋ​ទាំង​អស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ត្រៀម​លក្ខណៈ​រៀបចំ និង​ចាត់​វិធាន​ការ​ចាំ​​បាច់​​នា​នា នៅ​តាម​តំបន់​ដែល​រង​ការ​គំរាម​កំហែង​ដោយ​ទឹក​ជំនន់ ដែល​ក្នុង​នោះ​ត្រូវ​បង្កើន​ស្មារតី​ខ្ពស់​ក្នុង​ការ​ជួយ​សង្គ្រោះ តាមរយៈ​ការ​​ដឹក​ជញ្ជូន និង​ជម្លៀស​តាម​គ្រប់​មធ្យោបាយ​ដែល​មាន​ទៅ​ទី​ទួល​សុវត្ថិ​ភាព ដូច​ជា វត្ត​អារាម សាលា​រៀន អាគារ​សាធារណៈ ដើម្បី​ឲ្យ​បង​ប្អូន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត បាត់​បង់​​ទ្រព្យ​សម្បត្តិ និង​សត្វ​ពាហនៈ​ផ្សេង​ៗ ។ ជាមួយ​គ្នា​នោះដែរ ត្រូវ​អប់រំ​ណែនាំ​ដល់​បង​ប្អូន ត្រូវ​​យក​​ចិត្ត​​ទុក​​ដាក់ ធានា​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​ការ​ពារ​កុមារ​កុំ​ឲ្យ​លេង​ទឹក និង​នៅ​ផ្ទះ​ម្នាក់​ឯង ជា​ពិសេស​ត្រូវ​រក្សា​អនាម័យ ដើម្បី​បង្ការ​នូវ​ជម្ងឺ​តម្កាត់​ផ្សេង​ៗ ។

          ដើម្បី​រំលែក​នូវ​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជា​ពលរដ្ឋទាំង ៧០០​គ្រួសារ នៅ​ក្នុង​ស្រុក​ទាំង​ពីរ​នេះ ក៏​ដូចជា​ជួយ​សម្រួល​ដល់​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ឯកឧត្តម​រដ្ឋមន្រ្តី​ក៏​បាន​នាំ​យក​​នូវ​សម្ភារៈ បរិក្ខារ និង​ថវិកា​មួយ​ចំនួន​ចែក​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ជួប​គ្រោះ​ទឹក​ជំនន់ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ដោយ​មួយ​គ្រួសារ​​ៗ​ទទួល​បានៈ មី​យើង ១​កេស, កន្ទេល​១, មុង​១, តង់​កៅស៊ូ​១, ត្រី​ខ ១​យួរ, ទឹក​ស៊ីអ៊ីវ​ ១យួរ, ក្រមា​១ និង​ថវិកា ១​គ្រួសារ​ៗ​ទទួល​បាន ៣​ម៉ឺនរៀល ។ លើស​ពី​នេះ ក៏​មាន​ប្រជា​ពលរដ្ឋ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​ទឹក​ជំនន់ ចំនួន ១២​នាក់ ក្នុង​ខេត្ត​កំពង់​ចាម បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​ពី​ឯកឧត្តម​រដ្ឋមន្រ្តី​នូវ​ថវិកា​ចំនួន ២០​ម៉ឺនរៀល ក្នុង​មួយ​​គ្រួសារ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​បាន​មួយ​ចំណែក ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend