ឯកឧត្តម វង សូត រដ្ឋមន្រ្តី អញ្ជើញ​បើក​សិក្ខា​សាលា​សម្រប​សម្រួល​ថ្នាក់​ជាតិ ស្តីពី​ការ​ជួយ​គាំ​ទ្រ​ដល់​ការ​អនុវត្ត​គម្រោង​យុត្តិធម៌​សហគមន៍​កម្ពុជា
PrinterEmail
ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តី​ការ​ក្រសួង​សង្គម​កិច្ច ពិធី​បើក​សិក្ខា​សាលា​សម្រប​សម្រួល​ថ្នាក់​ជាតិ​ស្តីពី​ការ​ជួយ​គាំ​ទ្រ​ដល់​ការ អនុវត្ត​គម្រោង​យុត្តិធម៌​សហគមន៍​កម្ពុជា ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង នា​ព្រឹក​​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៤ ក្រោម​​អធិបតី​​ភាព​ឯកឧត្តម វង សូត រដ្ឋមន្ត្រី​​ក្រសួង​​សង្គម​​កិច្ច អតីត​​យុទ្ធជន និង​​យុវ​នី​តិ​​សម្បទា ដោយ​មាន​ការ​អញ្ជើញ​​ចូល​​រួម​​ពី​​សំណាក់​ឯកឧត្តម លោក​ជំទាវ លោក លោក​ស្រី មន្រ្តី​រាជការ ស្ថាប័ន​ពាក់​ព័ន្ធ​នា​នា និង​អង្គការ​ដៃគូ​​អភិវឌ្ឍន៍ សរុប​ប្រមាណ ១០០ នាក់ ។

          ឯកឧត្តម គឹម ហុង អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​បច្ចេក​ទេស មាន​ប្រសាសន៍​​ថា កម្ម​វិធី​ទប់​ស្កាត់​បទ​ល្មើស និង​សុវត្ថិ​ភាព​សហគមន៍ នៃ​គម្រោង​ភាព​ជា​ដៃ​គូ នៃ​ជំនួយ​ផ្នែក​​យុត្តិធម៌​សហគមន៍​​នៅ​កម្ពុជា បាន​អនុវត្ត​ទៅ​លើ​ខេត្ត​គោល​ដៅ​ចំនួន ៩ ខេត្ត រួម​មានៈ ខេត្ត​កំពង់​ឆ្នាំង កំពង់​ចាម កំពង់​ធំ បាត់​ដំបង បន្ទាយ​មាន​ជ័យ សៀម​រាប ក្រ​ចេះ ព្រៃ​វែង និង​ខេត្ត​កណ្តាល ដែល​ផ្តោត​សំខាន់​ទៅលើ​ការ​ទប់​ស្កាត់​បទ​ល្មើស រក្សា​សុវត្ថិភាព​សហគមន៍ និង​មាន​ការ​ទទួល​ខុស​ត្រូវ​អាច​ជួយ​លើក​ស្ទួយ​ដល់​គុណ​ភាព នៃ​ជីវភាព​រស់​នៅ​របស់​​ប្រជា​ពលរដ្ឋ និង​ឆ្លុះ​បញ្ចាំង​ពី​គុណ​សម្បត្តិ​ដ៏​សំខាន់​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។

          ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា មាន​ប្រសាសន៍​ថា ការ​រៀបចំ​សិក្ខា​សាលា​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​រួម​គ្នា​អនុវត្ត​គម្រោង​ទប់​ស្កាត់ ការ​ប្រព្រឹត្ត​បទ​ល្មើស និង​រក្សា​សុវត្ថិភាព​សហគមន៍ ដើម្បី​ជំរុញ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ស្រប​តាម​ទិស​ដៅ និង​ផែនការ​យុទ្ធសាស្រ្ត​របស់​ក្រសួង ក៏​ដូចជា​រាជរដ្ឋា​ភិបាល ។

          ឯកឧត្តម​រដ្ឋមន្រ្តី បាន​គូស​​បញ្ជាក់​​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិទី​៥​នេះ បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​​កាល​ទី​៣ ដើម្បី​បន្ត​រក្សា​សុខ​សន្តិ​ភាព ស្ថេរ​ភាព​នយោ​បាយ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​សង្គមកិច្ច ក៏​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​ជន​ក្រី​ក្រ ជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ក្នុង​សង្គម​ផង​ដែរ ។ ជា​មួយ​គ្នា​នេះ​ដែរ កាលពី​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៤ ក្រសួង​បាន​ដាក់​ចេញ​នូវ​​ផែនការ​យុទ្ធ​សាស្រ្ត ២០១៤​-​២០១៨ បាន​កំណត់​ទិស​ដៅ​សម្រប​សម្រួល និង​ផ្តល់​សេវា​សង្គម​កិច្ច​ដល់​ជន​​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ទាំង​នោះ ក្នុង​គោល​ដៅ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​លើក​កម្ពស់​សុខុមាល​ភាព​សង្គម​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ។

          ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា មាន​ប្រសាសន៍​ទៀត​ថា សិក្ខា​សាលា​ថ្ងៃ​នេះ គឺ​ពិត​ជាមាន​សារៈ​សំខាន់​ណាស់ ក្នុង​ការ​ផ្តល់​ឱកាស​ដល់​សិក្ខា​កាម​​ទាំង​អស់​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗ​ទៀត ក្នុង​ការ​ចូល​រួម​អនុវត្ត​គម្រោង​ភាព​ជា​ដៃ​គូ នៃ​ជំនួយ​ផ្នែក​យុត្តិធម៌​​សហគមន៍​​នៅ​កម្ពុជា ។ លើស​ពី​នេះ ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​សិក្ខា​កាម​ទាំង​អស់ ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​​ស្វែង​យល់​​នូវ​ខ្លឹម​សារ នៃ​បទ​បង្ហាញ និង​ចូល​រួម​ពិភាក្សា​ឲ្យ​បាន​ផុស​ផុល ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ឆ្លើយ​តប​នឹង​​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ជន​ក្រី​ក្រ ជន​រង​គ្រោះ និង​ងាយ​រងគ្រោះ​នៅ​តាម​សហគមន៍ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend