ឯកឧត្តម វង សូត រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​មធ្យម​បច្ចេក​ទេស ផ្នែក​វិស្វ​កម្ម​ឧបករណ៍​សិប្ប​និមិត្ម និង​រណប ជូន​ដល់​និសិត្ស ជំនាន់​ទី ១៩ នៃ​វិទ្យាស្ថាន​ជាតិ​សង្គម​កិច្ច
PrinterEmail
ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទី​ស្តី​ការ​ក្រសួង​សង្គម​កិច្ច, នា​រសៀល​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៤ ​ឯកឧត្តម វង សូត រដ្ឋមន្ត្រី​​ក្រសួង​​សង្គម​​កិច្ច អតីត​យុទ្ធ​ជន និង​​យុវ​​នី​តិ​​សម្បទា បាន​អញ្ជើញ​ជា​អធិប​តី​ភាព​ពិធី​ចែក​សញ្ញា​បត្រ​មធ្យម​បច្ចេក​ទេស​ផ្នែក​​វិស្វកម្ម​ឧបករណ៍​សិប្ប​និមិត្ម  និង​រណប ជូន​ដល់​និសិត្ស​ជំនាន់​ទី​១៩ នៃ​វិទ្យាស្ថាន​ជាតិ​សង្គម​កិច្ច ដោយ​មាន​ការ​​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯកឧត្តម​ លោក​ជំទាវ ឯកអគ្គ​រដ្ឋ​ទូត លោក​គ្រូ អ្នក​គ្រូ មន្រ្តី​រាជការ អង្គការ​ដៃ​​គូ​​ពាក់​​ព័ន្ធ និង​សិស្សា​នុ​សិស្ស សរុប​ប្រមាណ ១៧០​នាក់ ។

          យោង​តាម​របាយ​ការណ៍​របស់ ឯកឧត្តម សាណែត វឌ្ឍនា នាយក​​វិទ្យាស្ថាន​ជាតិ​សង្គម​កិច្ច បាន​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​ជាតិ​សង្គម​កិច្ច​បាន​​ធ្វើ​ការ​បណ្តុះ​បណ្តាល​លើ​ជំនាញ​​បរិញ្ញបត្រ​​សង្គម​​កិច្ច បរិញ្ញបត្រ​កិច្ច​គាំ​ពារ​សង្គម បិរញ្ញាបត្រ​វិស្វកម្ម​ឧបករណ៍​សិប្ប​និមិត្ម និង​រណប បរិញ្ញបត្រ​សង្គម​វិទ្យា ។ល។ លើស​ពី​​នេះ វិទ្យាស្ថាន​នឹង​ពង្រីក​ជំនាញ​បួន​បន្ថែម​ទៀត គឺ​បរិញ្ញា​បត្រ​គោល​នយោ​បាយ​សង្គម, បរិញ្ញា​បត្រ​​គោល​​នយោ​​បាយ​​សាធារណៈ, បរិញ្ញ​បត្រ​គ្រប់​គ្រង​សារធារណៈ និង​បរិញ្ញា​បត្រ​រដ្ឋបាល​សាធារណៈ ។

          ជាក់​ស្តែង​ពេល​នេះ និសិត្ស​​ដែល​​ទើប​តែ​ប្រឡង​បញ្ចប់​ការ​សិក្សា និង​ជាប់​ជា​ស្ថាពរ​នា​ពេល​នេះ មាន​​ចំនួន​១៣​នាក់ ក្នុង​នោះ​និសិត្ស​មក​ពី​​ប្រទេស​​នេប៉ាល់ ២​នាក់, ប្រទេស​ប៉ាគីស្ថាន ២​នាក់​, ប្រទេស​ហ្វីលីពីន ១​នាក់ និង​និសិត្ស​កម្ពុជា ៨​នាក់ ។ នេះ​បញ្ជាក់​​ពី​ការ​​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​របស់​ប្អូនៗ​និសិត្ស ហើយ​ត្រូវ​បាន​ទទួល​​ស្គាល់​ជា​លក្ខណៈ​ជាតិ និង​អន្តរ​ជាតិ ISPO (សហគមន៍​អន្តរ​ជាតិ​អវៈយវៈ​សិប្ប​និមិត្ម និង​រណប) កម្រិត​២ ជុំ​វិញ​​ពិភព​លោក ។

          មាន​មតិ​សំណេះ​សំណាល​​នា​ឱកាស​នោះ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​​យុទ្ធ​ជន និង​យុវនីតិ​សម្បទា បាន​សម្តែង​នូវ​ការ​​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង របស់​ថ្នាក់​ដឹក​នាំ មន្រ្តី​រាជការ បុគ្គលិក នៃ​វិទ្យាស្ថាន​ជាតិ​​សង្គម​កិច្ច និង​អង្គការ​កម្ពុជា​ត្រាស្ត ក្នុង​កិច្ច​សហការ​បាន​យ៉ាង​ល្អ​ក្នុង​ការ​អប់រំ​បណ្តុះ​បណ្តាល​កន្លង​មក​ដោយ​​ផ្អែក​​លើ​បទ​ដ្ឋាន និង​កម្ម​វិធី​សិក្សា​ច្បាស់​លាស់ ។

          ឯកឧត្តម​រដ្ឋមន្រ្តី​បាន​បន្ត​ទៀត​ថា ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​​យុវនីតិ​សម្បទា ក៏​ដូចជា​រាជរដ្ឋា​ភិបាល បាន​ផ្តល់​អាទិភាព ដល់​ការ​ធ្វើ​សមា​ហរណ​កម្ម​ជន​ពិការ​ទៅ​ក្នុង​​សង្គម ព្រម​ទាំង​បង្ក​ឱកាស​ឲ្យ​បង​ប្អូន​ជន​ពិការ មាន​សិទ្ធិ​ទទួល​បាន​តម្រូវ​ការ​ចាំបាច់​ជាមូល​ដ្ឋាន ក្នុង​គោល​បំណង​ឲ្យ​ជន​​ពិការ​គ្រប់​រូប​អាច​មាន​លទ្ធភាព​រក​ប្រាក់​ចំណូលទ្រទ្រង់ជីវភាព​រស់នៅ​ដោយ​ឯក​រាជ្យ ប្រកប​ដោយ​សេចក្តី​​ថ្លៃ​ថ្នូរ ។

          បន្ទាប់​មក ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បាន​ផ្តាំ​ផ្ញើ និង​ផ្តល់​នូវ​អនុសាសន៍​ល្អ​ៗ ជាច្រើន​ដល់​និសិត្ស​ទាំង​អស់ ក្នុង​​គោល​បំណង​ពង្រឹង​ស្មារតី​ក្មួយ​ៗ ឲ្យ​ខិត​ខំ​ធ្វើ​ខ្លួន​ក្លាយ​ជា​អ្នក​បច្ចេក​ទេស​ដ៏​ល្អ ដើម្បី​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​​សមត្ថភាព​ជន​ពិការ និង​ជួយ​ជម្រុញ​លើក​ទឹក​ចិត្ត​ពួក​គេ ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មាន​លទ្ធ​ភាព​រស់​នៅ ដោយ​ឯក​​រាជ្យ និង​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ចូល​រួម​កសាង​សង្គម និង​ប្រែ​ក្លាយ​ខ្លួន​គេ ទៅ​ជា​សមាជិក​សកម្ម​របស់​សង្គម​​ជាតិ ។

          ជា​ទី​បញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​​អញ្ជើញ​​ប្រគល់​សញ្ញាបត្រ​មធ្យម​បច្ចេក​ទេស ផ្នែក​វិស្វកម្ម​ឧបករណ៍​សិប្ប​និមិត្ម និង​រណប  ដើម្បី​អប​អរ​សាទរ​​ដល់​និសិត្ស​​ជំនាន់​ទី​​១៩ ទាំង ១៣​នាក់ ប្រកប​ដោយ​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend