នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម វង សូត រដ្ឋមន្រ្តី អញ្ជើញ​សំណេះ​សំណាល និង​ចែក​អំណោយ​ដល់​ជន​ពិការ​ក្រីក្រ
PrinterEmail
ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​ព្រមាន​ចាត់​វិធាន​ការ​ទៅ តាម​ច្បាប់​ស្តី​ពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ លើ​វិស័យ​ឯកជន​នា​នា ដែល​មិន​ព្រម​រើស​យក​ជន​ពិការ​ឲ្យ​ចូល​បម្រើ​ការ​ងារ ។ ឯកឧត្តម​រដ្ឋមន្រ្តី​នា​ឱកាស​អញ្ជើញ​សំណេះ​សំណាល ជាមួយ​ជន​ពិការ​ប្រមាណ ៣០០​នាក់ នៅ​ស្រុក​ពួក ខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ទៅ​លើ​ការ​រស់​នៅ និង​ការ​លើក​កម្ពស់​សិទ្ធិ​របស់​ជន​ពិការ ដូចជា​ការ​ចេញ​នូវ​ច្បាប់ គោលនយោបាយ និង​សន្ធិ​សញ្ញា​អន្តរជាតិ​ស្តី​ពី​ជន​ពិការ ដើម្បី​ធានា​បាន​ការ​លើក​កម្ពស់​សិទ្ធិ​របស់​ជន​ពិការ ។

           ឯកឧត្តម​រដ្ឋមន្រ្តី បាន​គូស​បញ្ជាក់​ថា ច្បាប់​ស្តី​ពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ដែល​រាជរដ្ឋា​ភិបាល ដាក់​ចេញ ឲ្យ​អនុវត្ត​កាលពី​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០០៩ បាន​កំណត់​ឲ្យ​ស្ថាប័ន​រដ្ឋ​ជ្រើស​រើស​ជន​ពិការ​ចូល​បម្រើ​ការងារ​ឲ្យ​បាន ២​ភាគរយ នៃ​បុគ្គលិក​សរុប រី​ឯ​វិស័យ​ឯកជន​ត្រូវ​ជ្រើស​រើស​ឲ្យ​បាន ១​ភាគរយ ។

          ឯកឧត្តម​បាន​បន្ត​ថា រហូត​មក​ដល់​បច្ចុប្បន្ន វិស័យ​រដ្ឋ​បាន​ជ្រើស​ជន​ពិការ ចូល​បម្រើ​ការ​បាន​ប្រមាណ ១,៦​ភាគរយ​ហើយ ដោយ​ឡែក​វិស័យ​ឯកជន​វិញ មិន​ទាន់​ចូល​រួម​គោរព​ច្បាប់​មួយ​នេះ​នៅ​ឡើយ​ទេ ។ ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ជំពូក​ទី​៧ មាត្រា​៣៣ បាន​ចែង​ថា ជន​ពិការ​ដែល​មាន​លក្ខណៈ​សម្បត្តិ និង​សមត្ថភាព​បំពេញ​នូវ​មុខងារ តួ​នាទី និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​មុខ​តំណែង មាន​សិទ្ធិ​ចូល​បម្រើ​ការងារ ដោយ​គ្មាន​ការ​រើស​អើង​រាប់​ទាំង​ការ​បម្រើ​ការងារ ជា​មន្រ្តី​រាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការី ។ ច្បាប់​ស្តី​ពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ក៏​បាន​កំណត់​ពី​ការ​ផាក​ពិន័យ​ជា​ប្រាក់​ផង​ដែរ​ថា សម្រាប់​ប្រធាន​ស្ថាប័ន​រដ្ឋ និង​ម្ចាស់​វិស័យ​ឯកជន ដែល​រើស​អើង​មិន​ព្រម​យក​ជន​ពិការ​ចូល​បម្រើ​ការ​ងារ។ ជំពូក​ទី​១២ មាត្រា​៥៤ នៃ​ច្បាប់​មួយ​នេះ បាន​កំណត់​ថា នីតិបុគ្គល ដែល​មិន​ជ្រើស​រើស​ជន​ពិការ​ចូល​បម្រើ​ការងារ ហើយ​មិន​បង់​ប្រាក់​ចូល​ហិប មូល​និធិ​ជន​ពិការ​ថែម​ទៀត​នោះ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ១០​ម៉ឺន​រៀល ដល់​មួយ​លាន​រៀល ។ សម្រាប់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រដ្ឋ ដែល​មិន​ជ្រើស​រើស​ជន​ពិការ​ចូល​បម្រើ​ការងារ ត្រូវ​ពិន័យ​ជាប្រាក់ ១០​ម៉ឺនរៀល ដល់​១លាន​រៀល​ផង​ដែរ ។

          ឯកឧត្តម​រដ្ឋមន្រ្តី​បាន​បន្ថែម​ទៀត​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​កំពុង​យក​ចិត្ត​ទុក​ខ្លាំង​ដល់​ជន​ពិការ​ទាំងអស់ ដោយ​មិន​ទុក​ឲ្យ​ជន​ពិការ​នៅ​ឯ​កោតែល​តោល​ក្នុង​សង្គម​នោះ​ទេ ។ ជាក់​ស្តែង​រាជ​រដ្ឋា​ភិបាល តែង​តែ​ប្រារព្ធ​ទិវា​អបអរ​សាទរ​ទិវា​សិទ្ធិ ជន​ពិការ​នៅ​ថ្ងៃទី​៣ ធ្នូ ក្នុង​បំណង​បំផុស​ស្មារតី​ប្រជាពលរដ្ឋ​កម្ពុជា យល់​ដឹង​ពី​សិទ្ធិ និង​គោរព​តម្លៃ​របស់​ជន​ពិការ​កម្ពុជា ។ សូម​បញ្ជាក់​ថា ក្នុង​ឱកាស​សំណេះ​សំណាល ជាមួយ​ប្រជាពល​រដ្ឋ​នៅ​ស្រុក​ពួក ខេត្ត​សៀមរាបនោះ ឯកឧត្តម វង សូត រដ្ឋមន្រ្តី បាន​ឧបត្ថម្ភ​ដល់​ជន​ពិការ ៣០០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​មុង​១ ភួយ​១ មី​១កេស កន្ទេល​១ អង្ករ ២៥​គីឡូក្រាម និង​ថវិកា ២​ម៉ឺនរៀល ។

          បន្ទាប់​ពី​បញ្ចប់​កិច្ច​សំណេះ​សំណាល ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បាន​បន្ត​ចុះ​ទៅ​សួរ​សុខ​ទុក្ខ និង​ប្រគល់​អំណោយ​របស់​សម្តេច តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវ​ផ្ទះ​មួយ​ខ្នង សម្ភារៈ​ប្រើ​ប្រាស់ និង​ថវិកា ២០​ម៉ឺន​រៀន ជូន​អតីត​យុទ្ធ​ជន​ពិការ និង​ក្រី​ក្រ មួយ​គ្រួសារ ដែល​មាន​ស្នាដៃ​ល្អ​នៅ​ក្នុង​សហគមន៍ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend