ឯកឧត្តម វង សូត រដ្ឋមន្រ្តី អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀន ចំនួន ២ មណ្ឌល នៅខេត្តបាត់ដំបង
PrinterEmail
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នាព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច បាន​ដឹកនាំ​​គណៈ​ប្រតិភូ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​យុវជន​កំពុង​ផ្តាច់​សារ​ធាតុ​ញៀន នៅ «មជ្ឈ​មណ្ឌល​ពិភព​នៃ​ក្តី​សង្ឃឹម» ស្ថិត​ក្នុង​ភូមិ​ដំណាក់​ដង្កោ ឃុំ​ក្តុល​តាហែន ស្រុក​បវេល ខេត្ត​បាត់ដំបង ។ ក្នុង​ឱកាស​ចុះ​សួរ​សុខ​ទុក្ខ​នេះ ក៏​បាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក សុខ គង់ អភិបាល​រង​ខេត្ត​បាត់​ដំបង លោក ឈុំ វណ្ណារិទ្ធ អនុរដ្ឋ​លេខាធិការ ក្រសួង​សុខាភិបាល លោក ឡាយ គឹមលី អគ្គលេខាធិការ​រង នៃ​អគ្គលេខាធិការ​ដ្ឋាន អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ព្រម​ទាំង​មន្រ្តី​អាជ្ញាធរ​ខេត្ត​បាត់ដំបង ជា​ច្រើន​រូប​ផ្សេង​ទៀត ។

          លោក​ឧត្តមសេនីយ៍ត្រី ជា ថូន ស្នង​ការ​រង នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ជា​ប្រធាន​មជ្ឈមណ្ឌល នៃ​ក្តី​សង្ឃឹម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មជ្ឈ​មណ្ឌល​នៃ​ក្តី​សង្ឃឹម ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៤ លើ​ផ្ទៃ​ដី​ទំហំ ២​ហិកតា ។ មជ្ឈមណ្ឌល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ នៅ​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១៤ មជ្ឈ​មណ្ឌល​បាន​ព្យាបាល​ជូន​យុវជន​ញៀន​ថ្នាំ បាន​២២៥​នាក់ ស្រី ៤​នាក់។ ក្នុង​នោះ​យុវជន ១៥០​នាក់ បាន​ផ្តាច់​សារធាតុ​ញៀន និង​បញ្ជូន​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ហើយ​អ្នក​ញៀន​ថ្នាំ ៧៤​នាក់ កំពុង​ទទួល​ការ​អប់រំ និង​ព្យាបាល​ផ្តាច់​សារធាតុ​ញៀន ។

          លោក​ឧត្តមសេនីយ៍​ត្រី ជា ថូន បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ញៀន​ថ្នាំ ត្រូវ​បាន​អប់រំ​ឲ្យ​យល់​ដឹង​ពី​គ្រោះ​ថ្នាក់ នៃ​គ្រឿង​ញៀន, យល់​ដឹង​ពី​ឥទ្ធិពល​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ ព្រម​ទាំង​អប់រំ​ឲ្យ​យល់​ដឹង​ពី​ច្បាប់​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ។ ជន​ញៀន​ថ្នាំ​ទាំង​អស់ ត្រូវ​បាន​ឲ្យ​ធ្វើ​លំហាត់​ប្រាណ ជា​រៀង​រាល់​ព្រឹក និង​អប់រំ​ឲ្យ​លេង​កីឡា បាល់ទះ និង​បាល់​ទាត់។ ក្រៅ​ពី​នោះ ពួក​គេ ក៏​ត្រូវ​បាន​ដឹក​នាំ​ឲ្យ​ធ្វើ​ពលកម្ម​ដាំ​ដុះ​បន្លែ និង​ដំណាំ​ហូប​ផ្លែ​ផង​ដែរ ។ បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ជា ថូន យុវជន​ញៀន​ថ្នាំ​ទាំង​អស់ ក៏​ត្រូវ​បាន​អប់រំ​តាម​បែប​សិល្បៈ ដោយ​រៀន​ភ្លេង គូរ​គំនូរ សម្តែង​សិល្បៈ​ខ្លឹម​សារ អប់រំ​គ្រឿង​ញៀន​ថែម​ទៀត​ផង ។ ជារឿយ​ៗ យុវជន​ផ្តាច់​សារធាតុ​ញៀន នៅ​ក្នុ​ងមជ្ឈ​មណ្ឌល​ពិភព​នៃ​ក្តី​សង្ឃឹម ក៏​ត្រូវ​បាន​ព្រះសង្ឃ​និមន្ត​មក​អប់រំ​តាម​បែប​ព្រះពុទ្ធ​សាសនា ជា​ញឹក​ញាប់​ផង​ដែរ ។
          ឯកឧត្តម វង សូត រដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​សំណេះ​សំណាល​នោះ​ថា ជន​រង​គ្រោះ​ដោយសារ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​ដែល​រាជរដ្ឋា​ភិបាល និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ។

         ឯកឧត្តម​រដ្ឋ​មន្រ្តី​បាន​អំពាវ​នាវ និង​ធ្វើ​ការ​ផ្តាំ​ផ្ញើ​ឲ្យ​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ រួម​គ្នា​ផ្សព្វ​ផ្សាយ​ការ​អប់រំ​ដល់​យុវ​ជន និង​ប្រជា​ពលរដ្ឋ​ឲ្យ​ជៀស​ផុត​ពី​ការ​ប្រើ​ប្រាស់​សារធាតុ​ញៀន ជាពិសេស​មន្ទីរ​ ស.អ.យ ខេត្ត បន្ត​កិច្ច​សហការ​ជា​មួយ​អាជ្ញា​ធរ មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ អង្គការ​ដៃគូ​អភិវឌ្ឍ​ពាក់​ព័ន្ធ​នា​នា ដើម្បី​អនុវត្ត​វិធាន​ការ​ផ្សព្វ​ផ្សាយ​អប់រំ តាម​គ្រប់​រូបភាព​ជា​ប្រចាំ និង​ចលនា ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ អន្តរ​ជាតិ អង្គការ​មិនមែន​រដ្ឋា​ភិបាល អង្គការ​សាសនា វិស័យ​ឯកជន សំដៅ​កាត់​បន្ថយ​តម្រូវ​ការ​គ្រឿង​ញៀន និង​បន្ត​ចាត់​ទុក​ការ​យល់​ដឹង​ជា​សាធារណៈ អំពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន ជាពិសេស​នៅ​តាម​ចំណុច​គោល​ដៅ ដែល​មាន​ការ​ប្រឈម​ខ្ពស់ និង​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ សប្បុរស​ជន ដើម្បី​កៀង​គរ និង​ប្រើ​ប្រាស់​ធន​ធាន និង​ជំនួយ​នានា​ឲ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធិ​ភាព។

         ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ជន​រង​គ្រោះ​ដោយសារ​ធាតុ​ញៀន​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ទាំង​អស់ ត្រូវ​គោរព និង​អនុវត្ត​តាម​វិន័យ​បទ​បញ្ជា និង​កម្ម​វិធី​អប់រំ​របស់​មជ្ឈ​មណ្ឌល ត្រូវ​មាន​សាមគ្គី​ភាព ចេះ​ស្រលាញ់​រាប់​អាន​គ្នា ខិត​ខំ​កសាង​ខ្លួន​ឲ្យ​ក្លាយ​ជា​កូន​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ ដើម្បី​វិល​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ និង​សហគមន៍​វិញ ។

         ក្នុង​ឱកាស​នោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាន​ឧបត្ថម្ភ​ថវិកា ៣​លាន​រៀល និង​អង្ករ ២​តោន សម្រាប់​បំពេញ​សេច​ក្តី​ត្រូវ​ការ នៅ​ក្នុង​មជ្ឈ​មណ្ឌល ។ ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បាន​ឧបត្ថម្ភ​ថវិកា ដល់​បុគ្គលិក​បម្រើ​ការ​ក្នុង​មណ្ឌល ២១​នាក់ ម្នាក់​ៗ ទទួល​បាន ៥​ម៉ឺន​រៀល រួម​នឹង​សម្ភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត ។ នា​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម វង សូត រដ្ឋមន្រ្តី ព្រម​ទាំង​គណៈប្រតិ​ភូអម​ដំណើរ បាន​បន្ត​ចុះ​សាក​សួរ​សុខ​ទុក្ខ និង​ចែក​ជូន​នូវ​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​ដូច​គ្នា ដល់​ជន​រង​គ្រោះ​ដែល​កំពុង​ព្យាបាល​ផ្តាច់​សារ​ធាតុ​ញៀន និង​បុគ្គលិក​នៅ «មជ្ឈមណ្ឌល​បញ្ជា​ការ​ដ្ឋាន កង​រាជ​អាវុធ​ហត្ថ​ខេត្ត» ស្ថិត​នៅ​ក្រុង​បាត់​ដំបង ខេត្ត​បាត់ដំបង​ផង​ដែរ ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend