ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ ជាមួយ​ឯកអគ្គ​រដ្ឋទូត នៃ​ប្រទេស​ហុងគ្រី
PrinterEmail
ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តី​ការ​ក្រសួង​សង្គម​កិច្ច, ព្រឹក​​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្​នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្ត្​រីក្រសួង​​សង្គម​​កិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​​សម្បទា បាន​អនុញ្ញាត​ឲ្យ​លោក​ជំទាវ អែសទ័រ ថូ ឯកអគ្គរដ្ឋទូត នៃ​ប្រទេសហុងគ្រី ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ជម្រាប​លា​មុន​ពេល​បញ្ចប់​បេសកកម្មការ​ទូត​នៅ​កម្ពុជា នៅ​ចុង​ខែ​មីនា​ខាង​មុខ​នេះ ។

          លោកជំទាវ អែសទ័រ ថូ ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេស​ហុងគ្រី និងប្រទេសកម្ពុជា នាពេលកន្លងមក ដោយទទួលបាននូវសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់ ដែលនេះបង្ហាញពីចំណង​មិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ ។ ជាក់ស្តែង ដោយមានការគាំទ្រពីក្រសួងសង្គមកិច្ច រដ្ឋា​ភិ​បាល​ហុងគ្រី បាន និងកំពុង​ជួសជុល ចំនួន ២ អគារ នៃមណ្ឌលមិត្តភាព បារាំង ហុងគ្រី ដែលគម្រោងនេះបានចាប់ផ្តើម​តាំងពីដើមខែធ្នូ ឆ្នាំ២០១៤ ហើយនឹងគ្រោងបញ្ចប់ជាស្ថាពរ នៅអំឡុងខែមីនា ឆ្នាំ២០១៥ នេះ ។

          លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា នៅឆ្នាំ ២០១៥ នេះ រដ្ឋាភិបាលហុងគ្រី នឹងផ្តល់អាហារូបករណ៍ដល់និសិត្ស និងមន្រ្តីរាជការចំនួន ១៥ រូប ទៅសិក្សានៅ​ប្រទេសហុងគ្រីផងដែរ ។ ហើយក្រសួង ក៏អាចស្នើដល់ភាគីហុងគ្រី ដើម្បីបញ្ជូនមន្រ្តីសង្គមកិច្ច ទៅសិក្សាផ្នែកការងារ​ពាក់ព័ន្ធលើវិស័យសង្គមកិច្ច នៅប្រទេសហុងគ្រីផងដែរ ។

          ជាការឆ្លើយតប ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលហុងគ្រី ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជាពេលជួបការ​លំបាក តាំងពីដើមឡើយ ពោលគឺក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកម្ល៉េះ បន្ទាប់ពីប្រទេសកម្ពុជាបានត្រូវបំផ្លិចបំផ្លាញ​ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

          ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និង​វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិរបស់រដ្ឋាភិបាលហុងគ្រី ដែលកន្លមកបានធ្វើជា ដៃគូដ៏ល្អជាមួយ​កម្ពុជា​លើ​វិស័យសង្គមកិច្ច ជាពិសេស បានជួយសាង់សង់បុរីកុមារមិត្តភាពកម្ពុជា-បារាំង-ហុងគ្រី ដែលជាមណ្ឌល​កុមារ​កំព្រាដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

          ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ចំពោះគម្រោង របស់រដ្ឋា​ភិបាលហុងគ្រី គឺខាងក្រសួងសូមធ្វើការគាំទ្រ ដែលបាន និងកំពុងធ្វើកិច្ចសហការជាមួយគ្នា លើការជួសជុល​អគារចាស់ទ្រុឌទ្រោម នៅមណ្ឌលមិត្តភាពកម្ពុជា បារាំង ហុងគ្រី ។ ហើយនាពេលអនាគត មណ្ឌលនេះនឹងបាន ដើរតួនាទីដ៏សំខាន់ផ្តល់នូវក្តីសង្ឃឹមដល់កុមារ ជនរងគ្រោះផ្សេងៗ ក៏ដូចជាផ្សារភ្ជាប់នូវទំនាក់ទំនងរវាងប្រទេស​យើងទាំងពីរ ឲ្យកាន់តែល្អប្រសើរ និងមានការវិវឌ្ឍរីកចម្រើន ។

           ជាទីបញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានជូនពរដល់លោកជំទាវឯកអគ្គរដ្ឋទូត ជួបតែក្តីសុខ សុវត្ថិភាព ក្រោយបញ្ចប់បេសសកកម្មការទូតនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ ជាពិសេស គឺក្រសួងនឹងខិតខំប្រឹងប្រែង បន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អ ដើម្បីលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជាមានភាពរីកចម្រើនបន្ថែមទៀត ៕    

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend