ឯកឧត្តម យី យ៉ូន រដ្ឋលេខាធិការ អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​សង្គម​កិច្ច ខេត្ត​រតនៈគីរី
PrinterEmail
ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​សាលា​ខេត្តរតនៈគីរី, នា​ព្រឹក​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ២០១៥ ឯកឧត្តម យី យ៉ូន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​អញ្ជើញ​​ជា​​អធិបតី​​ក្នុង​​ពិធីប្រកាស​​ចូល​​កាន់​​តំណែង​ប្រធាន​មន្ទីរ​ស.អ.យ ខេត្តរតនៈគីរី ។

          បន្ទាប់ពី ពិធី​ប្រគល់​ត្រា និង​ប្រកាស​​ដោយ​​ឯកឧត្តម យី យ៉ូន រដ្ឋលេខា​ធិការ រួច​មក លោក ហ៊ត ស៊ុនហោ ប្រធាន​​មន្ទីរ​​ដែល​ទើប​តែង​តាំង​ថ្មីបាន​ធ្វើ​​ការ​បេ្តជ្ញាចិត្តថា នឹង​ខិត​ខំ​ថែរក្សា​​ចំណង​​សាមគ្គីភាពផ្ទៃក្នុងឲ្យ​បាន​ល្អ ពង្រឹង​ពង្រីកកិច្ចសហការល្អជាមួយស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ជាពិសេសខិត​ខំ​អនុវត្តឲ្យបាននូវ​រាល់​កិច្ចការ ដែលថ្នាក់លើ​ប្រគល់ជូន​ប្រកបដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ។

          តមក ឯកឧត្តម លី វិន្ទ អភិបាលខេត្តស្តី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោក  គិត ទ្រី អតីត​ប្រធាន​មន្ទីរ​ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងខេត្តរតនៈគីរី ត្រូវបាន​ពង្រឹង​ពង្រីក​ជាបន្ត​បន្ទាប់ ដើម្បី​​ផ្តល់សេវា​សង្គម​កិច្ច ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនក្រីក្រ និង​ងាយរង​គ្រោះ ហើយឯកឧត្តមក៏បាន​ស្នើប្រធានមន្ទីរថ្មី ខិតខំបំពេញការងារឲ្យបាន​ល្អប្រសើរផងដែរ ។

          មាន​ប្រសាសន៍​នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម យី យ៉ូន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា បាន​សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងស្នាដៃនានា ដែល​មន្ទីរ​សង្គមកិច្ច​ខេត្ត សម្រេចបាននាពេលកន្លងមក​ក្រោមការដឹកនាំ និង​កិច្ចខិតខំប្រឹងប្រែង​របស់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការទាំង​អស់ រួមទាំងកិច្ចសហការល្អជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធរបស់ខេត្ត ។

          ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍​ទៀតថា ដោយ​ពិនិត្យ​លក្ខណៈ​សម្បត្តិរបស់មន្រ្តី នៃមន្ទីរសង្គមកិច្ចខេត្ត និងដោយមានការ​ស្នើពី​ឯកឧត្តម​អភិបាល​ខេត្ត ក្រសួង​បាន​ឯកភាព​តែងតាំង លោក ហ៊ត ស៊ុនហោ ជាប្រធាន​មន្ទីរ​ថ្មី ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាព នៃការដឹកនាំ​មន្ទីរ ជាពិសេសការជំរុញអនុវត្តគោល​នយោបាយ និងផ្តល់​សេវាសង្គមកិច្ចជូនដល់​មុខសញ្ញា​ឲ្យ​បាន​ឆាប់រហ័ស ។

           ជាទីបញ្ចប់ ឯកឧត្តម យី យ៉ូន រដ្ឋលេខាធិការ ក៏បាន​ផ្តល់​នូវ​អនុសាសន៍​ល្អៗមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ​មន្ទីរ​ថ្មី​ដែលទើបតែងតាំង និងមន្រ្តីរាជការក្រោម​ឱវាទរបស់​មន្ទីរ​ស.អ.យខេត្ត ហើយក្រសួង​ក៏សង្ឃឹមយ៉ាងមុតមាំថា​លោក​ប្រធាន​ដែលទើបតែងតាំងថ្មីនាពេលនេះ ត្រូវ​ខិតខំរៀនសូត្រ ដក​យក​បទពិសោធន៍ និងគំរូលំនាំ​ល្អៗ របស់​ប្រធាន​មន្ទីរ​ចាស់ ពិសេសគឺរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រវាង​មន្រ្តី​រាជការ​ទាំងអស់​នៅ​ក្នុងមន្ទីរ ក៏ដូចជា​អង្គភាព និងមន្ទីរ​នានាជុំវិញខេត្ត ក្នុងគោលបំណងជម្រុញការអនុវត្ត​គោលនយោបាយ​ដែល​ពាក់ព័ន្ធលើ​វិស័យ​សង្គមកិច្ច អតីត​​យុទ្ធជន និងយុវនីតិសម្បទា ប្រកប​ដោយភាព​ជោគ​ជ័យតាមផែនការ និង​ទិសដៅ​ដែល​ក្រសួង​បានដាក់ចេញ ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend