ឯកឧត្តម​រដ្ឋមន្រ្តី អញ្ជើញ​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ ជាមួយ​ឯកអគ្គ​រដ្ឋទូត នៃ​ប្រទេស​អ៊ីតាលី
PrinterEmail
ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច នាព្រឹក​​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា អនុញ្ញាតឲ្យឯកឧត្តម Francesco Saverio NISIO ឯកអគ្គរដ្ឋទូត នៃប្រទេស​អ៊ីតាលី និងសហការី ចូលជួប​សម្តែង​ការ​គួរសម និង​ពិភាក្សាការងារ ពាក់ព័ន្ធនឹង​ការងារ​ស្មុំកូន​អន្តរ​ប្រទេស នៅកម្ពុជា ។

          មានប្រសាសន៍ក្នុង​ជំនួប​ពិភាក្សា​នោះ​ផង​ដែរ ឯកឧត្តម Francesco Saverio NISIO ឯកអគ្គ​រដ្ឋ​ទូត នៃប្រទេស​អ៊ីតាលី ប្រចាំប្រទេស​កម្ពុជា  បានសម្តែងនូវការកោត​សរ​សើរ និងវាយតម្លៃ​ខ្ពស់ចំពោះ​ការ​រីក​ចម្រើន​លើវិស័យសង្គមកិច្ច ជាពិសេសកិច្ច​សហ​ប្រតិ​បត្តិការយ៉ាងល្អរវាងប្រទេសអ៊ីតាលី និងព្រះរាជា​ណា​ចក្រ​កម្ពុជា នាពេលកន្លងមក ដោយ​សម្រេចបាននូវ​សមិទ្ធ​ផល​ផ្លែផ្កាគួរឲ្យកត់សម្គាល់  នេះគឺបង្ហាញពីការយកចិត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសង្គម​កិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទា ក៏ដូចជាអាជ្ញាធរកណ្តាល​ស្មុំ​កូន​អន្តរប្រទេសផងដែរ ។

          ឯកឧត្តមមាន​ប្រសាសន៍​ទៀតថា គោលបណងនាថ្ងៃនេះ​ គឺចង់មានទំនាក់ទំនងលើ​ការ​ងារ​ស្មុំកូនអន្តរប្រទេសជាមួយ​ប្រទេសកម្ពុជាឡើងវិញ ដោយក្នុងនោះរងចាំតែលោកស្រី Dr Silvia Della Monica ប្រធានគណៈកម្មាធិការអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស នៃប្រទេសអ៊ីតាលី មកកម្ពុជាដើម្បីពិភាក្សា​ការងារ​ចុង​ក្រោយលើការកំណត់ចំនួនភ្នាក់ងារស្មុំកូនអន្តរប្រទេសរបស់អ៊ីតាលីដែលគ្រោងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ។

          ជាការឆ្លើយតប ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានថ្លែងថា កម្ពុជា​ស្វាគមន៍ប្រទេសនានា ដែលមានសំណើរចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើវិស័យស្មុំកូនជាមួយកម្ពុជា ដើម្បីកំណត់ចំនួនភ្នាក់ងារ និងបើកដំណើរការនៅកម្ពុជា ដោយឯកឧត្តមបានបញ្ជាក់ថា មិនទទួល​ភ្នាក់​ងារ​ច្រើន​នោះ​ទេ គឺអនុញ្ញាតិឲ្យតែភ្នាក់ងារ១ទៅ២ភ្នាក់ងារប៉ុណ្ណោះ សម្រាប់ប្រទេសនីមួយៗ លើកលែងតែប្រទេសអ៊ីតាលី គឺកម្ពុជាអនុញ្ញាតឲ្យមានភ្នាក់ងាររហូតដល់ទៅ៨ភ្នាក់ងារ ព្រោះអ៊ីតាលីស្ថិតក្នុងករណីពិសេស។

          ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា ករណីដែលផ្តល់ឲ្យអ៊ីតាលីក្នុងករណីពិសេសនេះ ដោយសាររដ្ឋមន្ត្រីដឹកនាំក្រសួង​សង្គមកិច្ច​អាណត្តិមុន ​ធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយអ៊ីតាលី នៅពេលកិច្ចដំណើរការងារស្មុំកូននៅកម្ពុជាត្រូវបានផ្អាក ហើយមិនទាន់ត្រូវបានអនុវត្តន៍ ហើយកិច្ចព្រមព្រៀងក៏ត្រូវបានអស់សុពលភាព ដោយសារកម្ពុជាត្រូវ​ធ្វើ​លិខិត​បទដ្ឋានគតិយុត្តមួយចំនួន ដូច្នេះហើយទើបកម្ពុជាចាត់ទុក ភាគីអ៊ីតាលីជាករណីពិសេស។

          ឯកឧត្តមរដ្ឋមន្រ្តី បាន​គូសបញ្ជាក់ទៀតថា ដំណើរ​ការ​ស្មុំកូន​អន្តរ​ប្រទេស​នៅ​កម្ពុជា គឺ​ក្រសួងនៅ​តែប្រកាន់ជំហរយ៉ាងរឹងប៉ឹង ទៅលើគោល​ការណ៍​អនុ​សញ្ញា​ក្រុងឡាអេ ក៏ដូច​ជា​ច្បាប់ស្តីពី​ស្មុំកូន​អន្តរ​ប្រទេស​របស់​ព្រះរាជា​ណា​ចក្រកម្ពុជា ដើម្បីការពារ​នូវ​ឧត្តម​ប្រយោជន៍​ដល់​កុមារ​។

          សូមជម្រាបថា ការងារស្មុំកូនអន្តរប្រទេសត្រូវបានចាប់ផ្តើមអនុវត្តន៍ពីឆ្នាំ១៩៨៧ ហើយកម្ពុជាបានផ្អាកដំណើរ​ស្មុំ​កូន នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ២០០៩ ដោយសារកម្ពុជា​ត្រូវ​រៀប​ចំ​បង្កើតច្បាប់ស្តីពី ស្មុំកូនអន្តរ​ប្រទេស និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន សម្រាប់ការអនុវត្តលើ​ការងារ​ស្មុំ​កូន​អន្តរ​ប្រទេស នៅប្រទេសកម្ពុជា ឲ្យស្របទៅនឹងអនុសញ្ញាក្រុងឡាអេ ស្តីពីការការពារកុមារ និងសហ​ប្រតិបត្តិការ​ទាក់​ទង នឹងស្មុំកូនអន្តរប្រទេស ដែលកម្ពុជាជាសមាជិកអនុសញ្ញាក្រុងឡាអេ ដោយមានការជួយ​ជ្រោមជ្រែង​បច្ចេក​ទេស ពីការិយាល័យអចិន្ត្រៃយ៍ នៃសន្និសិទក្រុងឡាអេ និងអង្គការយូនីសេហ្វ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend