នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​រដ្ឋមន្រ្តី និង​ជា​អគ្គ​លេខា​ធិការ​ស្តីទី​សមាគម​អតី​ត​យុទ្ធជន​កម្ពុជា (ស.អ.ក) អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ខួប​លើក​ទី​៨ ទិវា​អតីត​យុទ្ធជន​កម្ពុជា ២១ មិថុនា ឆ្នាំ​២០១៥
PrinterEmail
ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តីការ​ក្រសួង​សង្គមកិច្ច, រសៀល​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​អគ្គ​លេខាធិការ​ស្តីទី​សមាគម​អតីត​យុទ្ធជន​កម្ពុជា បាន​ដឹក​នាំ​​សមាជិក សមាជិកា សមាគម​អតីត​​យុទ្ធ​​ជន​កម្ពុជា គោរព​វិញ្ញាណ​ក្ខន្​ធ​សម្តេ​ច​អគ្គ​មហា​ធម្មពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា និង​សូម​បួង​សួង​វិញ្ញាណក្ខន្ធ​សម្តេច សូមទៅកាន់សុខគតិភពកុំបី​ឃ្លៀងឃ្លាត​ឡើយ ។

          បន្ទាប់ពី ពិធីគោរពវិញ្ញាណក្ខន្ធសម្តេចរួចមក​ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង​ឱកាសប្រារព្ធខួបលើកទី៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ ២០១៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ​មន្រ្តីរាជការ មន្ទីររាជធានី/ខេត្ត និងបងប្អូនអតីតយុទ្ធជន សរុបប្រមាណ ៣០០ នាក់ ។

          ឯកឧត្តម យី យ៉ូន រដ្ឋលេខា​ធិការ និងជាអគ្គលេខាធិការរង​សមាគម​អតីតយុទ្ធជនកម្ពុជា បាន​អាន​សារលិខិតជូនពររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី៨ ទិវាអតីតយុទ្ធជនកម្ពុជា ជូនបងប្អូន​អតីត​យុទ្ធជន និងជនរួម​ជាតិបានជ្រួតជ្រាបពី​គំរូ​វីរៈ​ភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរៈយុទ្ធជន វីរៈយុទ្ធ​នារី នៃកងកម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋ​គ្រប់រូបដែលធ្វើពលិកម្មយ៉ាងអង់អាចក្លាហានដោយសាច់ស្រស់ ដើម្បីបុព្វហេតុ​មាតុ​ភូមិជាទីសេ្នហានៃយើង ។

          មានមតិ​សំណេះសំណាលនាអង្គពិធីនោះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីត​យុទ្ធជន និងយុវនីតិ​សម្បទា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឲ្យដឹងថា ការរៀបចំទិវា​នាពេលនេះ គឺជាព្រឹត្តិការណ៍​ជាតិដ៏សំខាន់មួយ សំដៅធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានចំពោះ​យុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល ។

          ឯកឧត្តម​រដ្ឋមន្រ្តីបានបន្ត​ទៀតថា ប្រទេសកម្ពុជាបានឆ្លងកាត់​នូវ​សង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុក​នូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍​ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន ។ តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលបានគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារៈ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាព ។ ដោយឡែក​ចំពោះអតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវការឧបត្ថម្ភគាំទ្រជាច្រើន និងបាន​កសាងផ្ទះជូនអតីតយុទ្ធជនក្រីក្រ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជាបានរាប់រយខ្នងនៅតាមសហគមន៍ និងផ្តល់​អំណោយសប្បុរសធម៌ដល់អតីតយុទ្ធជនជាច្រើនទៀត ។ ទន្ទឹមនឹងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា បានផ្តល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួលបាន​នូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ។

          ឯកឧត្តមរដ្ឋមន្រ្តី​មានប្រសាសន៍​ទៀត​ថា ជាមួយនឹងសមិទ្ធិផលដ៏ធំធេងដែលសម្រេចបាន លើវិស័យសុខុមាលភាពអតីតយុទ្ធជន និងវឌ្ឍនភាព នៃសមាគម​អតីតយុទ្ធជនយ៉ាងណាក៏ដោយ ក៏បងប្អូនអតីតយុទ្ធជននៅមានឧបសគ្គជាច្រើន តម្រូវឲ្យយើងត្រូវតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទាំងនោះជាបន្តបន្ទាប់ ដោយបន្តពង្រឹង និងពង្រីកសេវាបណ្តុះបណ្តាលជំនាញ និងឥទានជាដើម ដើម្បីឲ្យបងប្អូនអតីតយុទ្ធជនទទួលបាននូវសមត្ថភាព និងលទ្ធភាព ដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យ​កាន់តែប្រសើរឡើង​បន្ថែម​ទៀត ។

           ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការសមាគ​ម​អតីតយុទ្ធជនកម្ពុជា ក៏ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនរៀល ជូនដល់បងប្អូនអតីតយុទ្ធជនមកពី ២៥ រាជធានី/ខេត្ត ចំនួន ១៩២ នាក់ ដែលបានចូលរួមក្នុង​ពិធី និងបានអញ្ជើញពិសារអាហារសាមគ្គីទាំងអស់គ្នា ដើម្បីអបអរសាទរខួបលើកទី៨ នៃទិវា​អតីតយុទ្ធជនកម្ពុជា ឆ្នាំ២០១៥ ប្រកបដោយភាពសប្បាយរីករាយក្រៃលែង ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អតីត​យុទ្ធ​ជន ចំនួន ៨៦,៣៤១ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៥,២៣០ នាក់ កំពុងទទួលប្រាក់របបគោលនយោបាយ​ពីរដ្ឋ ដែលប្រាក់របបគោលនយោបាយនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ស្របតាមការដំឡើងប្រាក់បៀវត្សមន្រ្តី​រាជការ និងកងកម្លាំងប្រដាប់អាវុធ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend