គិតត្រឹមខែមិថុនា ឆ្នាំ២០១៥ រាជរដ្ឋាភិបាល បានដោះស្រាយជីវភាព សម្ភារៈនិងថវិកា ជូនអតីតយុទ្ធជន អស់ប្រមាណជាង៣០០ពាន់លានរៀល
PrinterEmail
ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     មន្រ្​តីជាន់​ខ្ពស់​អគ្គលេខា​ធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ស្តីទី បាន​ថ្លែង​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល បានអនុវត្តន៍​គោលនយោបាយចំពោះ​អតីត​យុទ្ធជន ដោយ​បា​ន​ដោះស្រាយ​ជីវភាព ទាំង​សម្ភារៈ និង​ថវិកា គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៥ អតីតយុទ្ធជន​សរុប​ចំនួន​ជិត ៩​សែន​នាក់ និង​នៅ​ក្នុង​បន្ទុក​ចំនួន​ជាង ១​សែននាក់ ត្រូវ​បានចំណាយ​ថវិកាសរុបប្រមាណជាង ៣០០​ពាន់លានរៀល ដែល​ប្រាក់​របប​គោលនយោបាយ​នេះ ត្រូ​វ​បាន​កែ​សម្រួលជាបន្ត​បន្ទាប់ ស្រប​តាម​ការ​តម្លើង​ប្រាក់​បៀរ៍វត្ស ។

     នេះជាការថ្លែងឲ្យដឹងពី ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាស្តីទី នៅក្នុងកម្មវិធីអបអរសាទរមហាសន្និបាតផ្ទៃក្នុង តំណាងសមាគមអតីត​យុទ្ធជនកម្ពុជា ទូទាំងប្រទេសលើកទី២ នៅទីស្តីការក្រសួង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ។

     ឯកឧត្តមអគ្គលេខាធិការ បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍​ផុត​លេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា និងជាប្រធានសមាគមអតីត​យុទ្ធជនកម្ពុជា ជានិច្ច​ជាកាល សម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល ។ ក្នុងនោះរាជរដ្ឋាភិបាល បានធ្វើការកែសម្រួល របបគោលនយោបាយនេះ ជាក់ស្តែងក្នុងឆ្នាំ២០១៤ កន្លងមក គឺបានធ្វើការកែសម្រួលប្រាក់បៀរ៍វត្សមូលដ្ឋាន ជូនជនពិការនិវត្តជន និងជនបាត់បង់សមត្ថភាពការងារ មុនឆ្នាំ២០០៧ និងក្រោយឆ្នាំ២០០៧ ឲ្យតុល្យភាពគ្នា ក្នុងនោះបានកែសម្រួល បង្កើនប្រាក់ម្ហូប ជូនជនពិការក្នុងម្នាក់ៗរហូត៤៥.០០០រៀល ក្នុងមួយខែៗផងដែរ ។

     ឯកឧត្តមបានឲ្យដឹងទៀតថា ក្រៅពីការកែសម្រួលខាងលើ យើងក៏បានបន្ថែមប្រាក់របបសន្តិសុខ សង្គម ជូនជនពិការនិវត្តជន និងជនបាត់បង់សមត្ថភាពការងារ ទៅតាមកម្រិតចំនួន៦ផ្សេងៗគ្នា ដែល ក្នុងនោះប្រាក់របបប្រចាំខែអប្បបរមា បានតម្លើងដល់៣សែនរៀល ដោយបានអនុវត្តចាប់តំាងពីខែមេសា ឆ្នាំ២០១៥ រួចមកហើយ ។ ឯកឧត្តម​ បាន លើកឡើងទៀតថា ឆ្លងកាត់តាមមហាសន្និបាតនេះ នឹងធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូប នឹកឃើញនិងចង់ចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានលះបង់អាយុជីវិត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនគ្រប់ដំណាក់កាល។

     សូមបញ្ជាក់ផងដែរថា៖ ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា នឹងរៀបចំមហាសន្និបាត តំណាង​សមាគមអតីតយុទ្ធជនកម្ពុជាទូទាំង ប្រទេស ដើម្បីធ្វើការអនុម័តលើលក្ខន្តិកៈ ដែលបានកែសម្រួលថ្មី និងលិខិតបទ​ដ្ឋាននានា របស់សមាគម អតីតយុទ្ធជនកម្ពុជា ដោយប្រព្រឹត្តទៅ ​នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីត​យុទ្ធជនកម្ពុជាផងដែរ ៕ 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend