ឯកឧត្តម ឆាយ វណ្ណា អនុ​រដ្ឋ​លេខាធិ​ការ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូ របស់​អង្គការ​សមាគម​សហ​ប្រតិបត្តិ​ការ កម្ពុជា-ជប៉ុន (JCIA)
PrinterEmail
ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          ​នៅ​ទី​ស្តី​ការក្រសួង​សង្គមកិច្ច នា​ព្រឹក​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៥ ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម វង សូត រដ្ឋមន្ត្រី​​ក្រសួង​​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​​យុវ​នីតិ​​សម្បទា បាន​​អញ្ជើញ​ជួ​ប​ពិភាក្សា​ការ​ងារ ជាមួយ​​គណៈ​ប្រតិ​​ភូ​អង្គ​ការ​សមាគម​សហ​ប្រតិបត្តិ​ការ កម្ពុជា-ជប៉ុន ដែល​ហៅ​កាត់​ថា JCIA ដឹក​នាំ​​ដោយ លោក ហ្វូមីអូ យាមាដា ។ 

          មានប្រសាសន៍នៅក្នុងជំនួបនោះ លោក ហ្វូមីអូ យាមាដា ប្រធានអង្គការ JCIA មាន​គម្រោង​ផ្តល់​ជា​អំណោយ​នូវ​ប្រភេទ​ថ្នាំ​អង់​ទីប៊ីយ៉ូទិច សម្រាប់ព្យាបាលដល់អ្នកប្រើប្រាស់គ្រឿងញៀន និងញៀនគ្រឿងញៀន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រហែល ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

          លោក​ប្រធានអង្គការ ក៏មានគម្រោងមួយទៀតដែរ គឺបង្កើត​សាលាបច្ចេកទេស​ផ្នែកព័ត៌មានវិទ្យា​ដែលមាន​តម្លៃ​ជាទឹកប្រាក់​ប្រមាណ​ជាជាង២០លានយ៉េនដំបូងគេបង្អស់មួយនៅកម្ពុជា នៅពាក់កណ្តាលឆ្នាំក្រោយ ហើយគម្រោងនេះក្រោយពី​បញ្ចប់​ការ​សាង​សង់ជាផ្លូវការ លោកនឹងបញ្ជូនសាស្រ្តាចារ្យដែលមានបទពិសោធន៏លើជំនាញនេះមកធ្វើការបង្រៀនដល់ប្រជាជនកម្ពុជា ជាពិសេ​សមន្រ្តីរាជការតាមក្រសួង ស្ថាប័នពាក់ព័ន្ធនានា អោយទទួលបាន​ចំណេះដឹង​នូវផ្នែកបច្ចេកទេសពត័មានវិទ្យាអោយ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែមទៀត ព្រោះថាជំនាញពត័មានវិទ្យាកំពុងតែត្រូវការជាចាំបាច់នៅក្នុងគ្រប់ជីភាពប្រចាំថ្ងៃ ហើយប្រទេសជាតិមួយ​មាន​សេដ្ឋកិច្ចរីកចម្រើនទៅបានក៏អាស្រ័យទៅលើវិស័យមួយនេះដែរ។

          ជាឆ្លើយតបទៅនឹងមតិរបស់ប្រធានអង្គការ ឯកឧត្តម ឆាយ វណ្ណា បានមានប្រសាសន៏ថ្លែងអំណរគុណដល់អង្គការ​សមា​គម​សហប្រតិបត្តិការ កម្ពុជា-ជប៉ុន ដែលតែងតែបានជួយដល់ជនរងគ្រោះ នៅកម្ពុជាជាពិសេសជនពិការ ជនអនាថា ចាស់​ជរា​ជាដើម ហើយឯកឧត្តមក៏បានសំណូមពរអោយអង្គការបន្តជួយ កម្ពុជាបន្ថែមទៀតជាពិសេសលើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ហើយពាក់ពន្ធទៅនឹងសាលាបច្ចេកទេសផ្នែកព័ត៌មានវិទ្យានោះដែរ ឯកឧត្តមក្នុងនាមក្រសួងសង្គមកិច្ច បានសម្តែងនូវការស្វាគមន៏ ហើយឯកឧត្តមបានបញ្ជាក់ថា ក្រសួងនឹងបញ្ចូនមន្រ្តីរបស់ខ្លួន​ទៅចូលរួមទទួលការបណ្តុះបណ្តាល​លើ​ជំនាញ​នេះបន្ថែមទៀត ព្រោះថាមន្រ្តីយើងសមត្ថភាពនៅមានកម្រិតនៅឡើយ ។

          ឯកឧត្តមជឿជាក់ថាជំនាញបច្ចេកទេស​ផ្នែក​ព័ត៌មានវិទ្យានេះ ប្រទេសជប៉ុនមានសក្តានុពលយ៉ាងខ្លាំងចំពោះវិស័យមួយនេះ ដែលជំរុញអោយសេដ្ឋកិច្ច របស់ ជប៉ុនមានការរីកចម្រើនទៅមុខជាលំដាប់។ គួរបញ្ជាក់ផងដែរថាក្រោមការគាំទ្រទាំងផ្នែកស្មារតី និងថវិកាពីសំណាក់ JCIA កម្ពុជាបានបង្កើតឡើងនូវមជ្ឈមណ្ឌលមួយដែលមានឈ្មោះថា​មជ្ឈមណ្ឌលអភិវឌ្ឍន៏សង្គមពោធិសែន​ជ័យ ដែលបានកសាងឡើងនៅឆ្នាំ១៩៩៧ ក្នុងប្រតិបត្តិការណ៏សំខាន់ៗ២ គឺបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការ ជនក្រីក្រ និងគម្រោងចិញ្ចឹម ព្រមទាំងផ្តល់ការអប់រំដល់កុមារកំព្រា ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend