នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ទិវា​មនុស្ស​គ​-​ថ្លង់ កម្ពុជា និង​អន្តរជាតិ ឆ្នាំ​២០១៥ ក្រោម​ប្រធាន​បទ “ លើក​កម្ពស់​សិទ្ធិ​ភាសា​សញ្ញា កុមារ​គ​-​ថ្លង់ អាច​ធ្វើ​អ្វី​ៗ​បាន ”
PrinterEmail
ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     នៅ​ទី​ស្តី​ការ​ក្រសួង​សង្គម​កិច្ច, ​នា​ព្រឹក​​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​​ក្រសួង​​សង្គម​​កិច្ច អតីត​​យុទ្ធ​ជន និង​​យុវ​នីតិ​​សម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​​សកម្ម​ភាព​ជន​ពិការ អញ្ជើញ​ជា​អធិបតី​ភាព​​ក្នុង​ទិវា​មនុស្ស​គ-ថ្លង់ កម្ពុជា និង​អន្តរ​ជាតិ ឆ្នាំ​២០១៥ ក្រោម​ប្រធាន​បទ “ លើក​កម្ពស់​សិទ្ធិ​ភាសា​សញ្ញា កុមារ​គថ្លង់ អាច​ធ្វើ​អ្វី​ៗ​​បាន ” ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ លោកគ្រូ​អ្នកគ្រួ មន្រ្តី​រាជការ និង​​បង​ប្អូន​ជន​​ពិការ​​សរុប​ប្រមាណ ៤០០ នាក់ ។

     ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខា​ធិ​​ការ និងជាសមាជិក​អចិន្តៃ្រ​យ៍ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍ថា ទិវាមនុស្សគ-ថ្លង់កម្ពុជា និង​អន្តរជាតិ ក្រោមប្រធាន​បទ “ លើក​កម្ពស់សិទ្ធិភាសាសញ្ញា កុមារគថ្លង់ អាចធ្វើអ្វីៗ​បាន ” ប្រារព្ធ​ធ្វើ​ឡើង​នាពេលនេះ ក្នុងគោលបំណង​ដើម្បីការពារសិទ្ធិ និងលើកកម្ពស់ការចូលរួមរបស់មនុស្សគ-ថ្លង់ ទៅក្នុងសង្គម ដោយ​បង្កើន​ការយកចិត្តទុកដាក់បន្ថែមក្នុងនោះរួមមានៈ ការបង្កើនអត្រាចុះឈ្មោះចូលរៀនសម្រាប់កុមារគ-ថ្លង់ នៅថ្នាក់បឋម ដើម្បី​ឈាន​ឆ្ពោះ​ទៅបញ្ចប់ការសិក្សានៅកម្រិត​ឧត្តមសិក្សា និងក្លាយទៅជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ ។ លើសពីនេះ ទិវានេះ គឺ​បង្ហាញ​​ពីការចូល​រួម​ចំណែក​របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ និងគោរពសិទ្ធិជនពិការ ស្របតាម​ច្បាប់ស្តីពីកិច្ចការពារ និង​លើក​កម្ពស់សិទ្ធិជនពិការ និងការពង្រីកបច្ចេក​វិទ្យា​ថ្មីៗសម្រាប់គាំទ្រមនុស្សគ-ថ្លង់ និងការផ្តល់ឱកាសក្នុង​ការ​ទទួលបាន​សិទ្ធិ​ពេញ​លេញ ស្មើភាព មិនមានការរើសអើង និងរស់នៅប្រកប​ដោយ​ភាព​​​ថ្លៃ​ថ្នូរ ។

     ឯកឧត្តមអគ្គលេខា​ធិការបាន​ឲ្យដឹងទៀតថា តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មនុស្សគ-ថ្លង់ ចំនួន៥% នៃជនពិការ​សរុបក្នុង​ពិភពលោកចំណោមជនពិការប្រមាណ ៣៦០លាននាក់ ។ ដោយឡែកនៅកម្ពុជា បើយោង​តាម​ជំរឿន​ទូទៅ​ពាក់កណ្តាលអង្កតនូវប្រជារាស្រ្ត ឆ្នាំ២០១៣ បង្ហាញថាប្រទេសកម្ពុជាមានជនពិការប្រមាណ ៣០១,៦២៩ នាក់ ក្នុងនោះ​មនុស្ស​គ-​ថ្លង់ មានចំនួន ១៤.៤២ % ដែលស្មើនឹងចំនួន ៤៣,៤៩៧ នាក់ ។

     ថ្លែងក្នុង​ទិវា​នោះផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បាន​សម្តែង​នូវការ​កោត​សរសើរ និងវាយ​តម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាសកម្ម​ភាព​ជនពិការ មូល​និធិជនពិការ រដ្ឋបាលសិទ្ធិជនពិការ ក្រសួង ស្ថាប័នពាក់​ព័ន្ធ អង្គការ​មិន​មែន​រដ្ឋាភិបាលជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍​នានា ដែល​បាន​​​រួមសហការគ្នាអនុវត្ត​ការងារពាក់ព័ន្ធ​ពិការ​ភាពនេះ សម្រេច​បាន​នូវលទ្ធ​ផល​​​គួរឲ្យកត់សំគាល់ ។ លទ្ធ​ផល​ទាំងនេះ ជាសក្ខីភាពបង្ហាញ​អំពី​ការ​យក​ចិត្តទុកដាក់​ បង្កើន​ភាពអត់ធ្មត់ និង​ការតស៊ូ​ព្យាយាម ​​របស់​​ភាគីពាក់ព័ន្ធ​​ទាំងអស់ សំដៅលើកកម្ពស់​សិទ្ធិ​ជនពិការ ជំរុញ​ការងារ​ស្តារលទ្ធ​ភាព​ពល​កម្ម​​កាយសម្បទា និងការងារស្តារលទ្ធភាព​ពលកម្ម​នៅ​សហគមន៍ ជំរុញ​ឲ្យ​មាន​ការ​ដាក់បញ្ចូល និងការចូលរួមរបស់​បង​ប្អូន​ជន​ពិការ នៅក្នុង​ការអភិ​វ​ឌ្ឍ​​សង្គម និងសេដ្ឋកិច្ច ។

     ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា បញ្ហាពិការភាពជាបញ្ហាពហុវិស័យ ដែលទាមទារការចូលរួម ​ពី​គ្រប់ភាគី​​ពាក់​ព័ន្ធ​ទាំង​អស់ ក្នុងការយកចិត្តទុកដាក់ គិតគូរ និងដោះស្រាយ ប្រកបដោយប្រសិទ្ធភាព ព្រមទាំង​ឈាន​​ទៅ​កាត់​បន្ថយ​បញ្ហា​ប្រឈម​នានា ជាបណ្តើរៗ ស្របតាម គោលនយោបាយ​​​របស់ រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ ដើម្បីបន្តជំរុញ​ដល់ការ​អភិវឌ្ឍលើ​វិស័យ​នេះ ឲ្យបាន​ខ្លាំង​ក្លា​បន្ថែម​ទៀត ឯកឧត្តមរដ្ឋមន្រ្តី​ក៏បានផ្តល់នូវ​អនុសាសន៍​ល្អៗមួយចំនួន និងជម្រុញឲ្យ ក្រសួង/ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិនានា វិស័យឯកជន ខិតខំ​បន្ត​ការ​យកចិត្ត​ទុក​ដាក់អនុវត្តការងារដែលពាក់ព័ន្ធនឹងពិការភាពនេះ​ ឲ្យ​ទទួល​​បាន​លទ្ធផលល្អ សម្រាប់សង្គម​ជាតិ​យើង ពិសេសការ​បង្កើន​ការ​យកចិត្ត​ទុកដាក់​គិតគូរពីបញ្ហាពិការភាព ការការពារ​ និង​លើកកម្ពស់សិទ្ធិជនពិការ ការដាក់​បញ្ចូល​ពិការ​ភាព​ទៅក្នុង​ការអភិវឌ្ឍគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅរក​សង្គម​មួយ​សម្រាប់ទាំងអស់​គ្នា និង​ធ្វើ​ឲ្យសិទ្ធិ​ក្លាយជាការពិត ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend