នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ផែនការ​យុទ្ធសាស្ត្​រជាតិ​ស្តីពី​ពិការភាព ឆ្នាំ២០១៤-២០១៨ ជាមូល​ដ្ឋាន​គ្រឹះ​និង​ឆ្អឹង​ខ្នង​យ៉ាង​សំខាន់​ ក្នុង​ការ​ជម្រុញ​ការ​អនុវត្ត អនុសញ្ញា​ស្តីពី​សិទ្ធិជន​ពិការ
PrinterEmail
ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

     រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីជនពិការភាពឆ្នាំ២០១៤-២០១៨ ដែលផែនការយុទ្ធសាស្ត្រនេះ គឺជាមូលដ្ឋានគ្រឹះនិងជាឆ្អឹងខ្នងយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជម្រុញការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ អនុញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់ ការរក្សាទុក ការផលិត ការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ទសវត្សន៍ជនពិការប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» ច្បាប់ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិជនពិការ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ គោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គោលនយោបាយជាតិ កាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពាក់ព័ន្ធផ្សេងៗទៀត ។

     នេះបើតាមប្រសាសន៍របស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងនៅក្នុងទិវាជនពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ ក្រោមប្រធានបទ «រួមគ្នាបង្កលក្ខណៈងាយស្រួល ដល់ជនពិការ ដើម្បីបរិស្ថានគ្មានពិការភាព» នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥នេះ នៅវិទ្យាស្ថានជាតិអប់រំ ។

     នៅក្នុងការអញ្ជើញតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបន្តថា ទិវាជនពិការអន្តរជាតិ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹក អំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គម របស់ជនពិការប្រមាណជាង៥លាននាក់ នៅក្នុងពិភពលោក ដែលជាជនបាត់កាយសម្បទា កាយវិញ្ញាណ និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំង នៅក្នុងជីវិតចាប់តាំងពីទសវត្សន៍ ឆ្នាំ១៩៥០ នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ លើកស្ទួយសិទ្ធិជនពិការ និងការធ្វើសមារណកម្មជនពិការ ទៅក្នុងគ្រប់សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

     លោកជំទាវឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ដោយឡែក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជនពិការនេះឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមានស្រ្តីមេម៉ាយ កុមារកំព្រា និងជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។ ក្រៅពីនោះប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀត ដែលនាំឲ្យមានពិការភាពដូចជា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការពីកំណើត ចាស់ជរា និងមូលហេតុផ្សេងៗទៀត ។ 

     ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ការប្រារព្ធទិវាជនពិការឆ្នាំនេះ គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍ និងការកែសម្រួលឲ្យមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់បរិស្ថាន រួបវន្ត មធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹង ព័ត៌មាន និងការធ្វើទំនាក់ទំនងជាមួយជនពិការដោយស្មើភាព ។ តាមរយៈផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ក្នុងទិសដៅបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការដោយបាននឹងកំពុងជម្រុញឲ្យមានស្តង់ដា ស្តីពីការសាងសង់សំណង់អគារ ដូចជា នៅទីកន្លែងវត្តអារាម ផ្សារ មន្ទីរពេទ្យ មណ្ឌលសុខភាព កន្លែងកំសាន្ត ចំណតសាធារណៈ បន្ទប់អនាម័យសាធារណៈ និងឧបករណ៍ធ្នាក់ដៃ ដែលត្រូវបានកែសម្រួលសម្រាប់បង្កលក្ខណៈងាយស្រួលដល់ជនពិការ ។

     ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ជាមួយនឹងសមិទ្ធិផលខាងលើបានបង្ហាញថា ស្ថានភាពជនពិការកម្ពុជាបច្ចុប្បន្ននេះមានភាពល្អប្រសើរឡើងជាលំដាប់ អាស្រ័យដោយគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពខ្ពស់ដល់វិស័យពិការភាព រួមនឹងការសហការល្អពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដែលបានបង្កើតនូវកម្មវិធីជាច្រើនក្នុងវិស័យសុខុមាលភាពជនពិការ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រួសារ មាតាបិតា និងសហគមន៍ និងស្មារតីខិតខំតស៊ូអំណត់ព្យាយាមរបស់បងប្អូនជនពិការផ្ទាល់ ៕

 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend