ណ្តាល៖នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអមដំណើរពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះពិនិត្យមើលនូវសមិទ្ធផលធំៗចំនួន ៣នៅក្នុងភូមិសាសស្រ្តឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមិទ្ទិផលទាំងនោះរួមមាន៖ ទី១.ការបង្កើតមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតី ដែលបានបើកដំណើរការមួយរយៈមកនេះ ទី.២ មណ្ឌលយុវនីតិសម្បទា ដែលទើបបញ្ចប់ការសាងសង់ និងសមិទ្ធផលទី៣ គឺមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលកំពុងស្ថិតក្រោមការសាងសង់នៅឡើយ។
ដោយឡែកមណ្ឌលយុវនីតិសម្បទា ជាមណ្ឌលទី១ នៅកម្ពុជាដែលត្រូវបានបង្កើតឡើង អនុលោមតាមច្បាប់យុត្តិធម៌អនីតិជន ដើម្បីផ្ទេរអនីតិជនល្មើសច្បាប់អាយុក្រោម ១៨ឆ្នាំ ចេញពីពន្ធនាគារមករស់នៅ ទទួលបានការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ដាច់ដោយឡែកពីអ្នកល្មើសច្បាប់ដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ តាមគម្រោងនៃការផ្ទេរអនីតិជនល្មើសច្បាប់មកទីតាំងមណ្ឌលយុវនីតិសម្បទានេះ គឺអាចចាប់ផ្ដើមឡើងក្នុងកំឡុងខែ មិថុនាខាងមុខ នេះជាការបញ្ជាក់របស់លោក ឌីន បូរី ប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ជ អតីតយុទ្ធជន និងយុវនីតិសម្បទា។ លោកបន្តថាក្នុងដំណាក់ដំណាក់កាលដំបូងនេះ គឺគ្រោងដាក់ចំនួន ១០០ ទៅ២០០នាក់ ដើម្បីសាកល្បង។ ចំណែកលទ្ធភាពផ្ទាល់របស់មណ្ឌលទាំងមូល គឺអាចទទួលអនីតិជនល្មើសច្បាប់ចំនួនរហូតដល់ ២០០០នាក់។ លោកពន្យល់បន្ថែមថា ការផ្ទេរអនីតិជនមកទីតាំងមណ្ឌលនេះគឺមានរយៈពេលកំណត់ ក្នុងករណីអនីតិជនល្មើសច្បាប់ត្រូវបន្តទោសបន្ថែមទៀត គឺពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅពន្ធនាគារវិញ៕