តាមការស្រាវជ្រាវឯកសារមួយចំនួនមិនទាន់គ្រប់គ្រាន់បានបង្ហាញឃើញថាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកើតឡើងក្នុងរយៈពេលជាង ៥០ ឆ្នាំមកហើយ។
តាមការស្រាវជ្រាវឯកសារមួយចំនួនមិនទាន់គ្រប់គ្រាន់បានបង្ហាញឃើញថាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកើតឡើងក្នុងរយៈពេលជាង ៥០ ឆ្នាំមកហើយ។
ក្រសួងសង្គមកិច្ច ត្រូវបានកកើតឡើងនៅក្នុងអំឡុងឆ្នាំ ១៩៤៨ មានឈ្មោះថា “ក្រសួងពត៌មាន និងសង្គមកិច្ច” ដែលមានឯកឧត្ដម ហ៊ុយ កន្ធុល ជារដ្ឋមន្ដ្រី។
ចាប់ពីឆ្នាំ ១៩៤៩ រហូតដល់ឆ្នាំ ១៩៧០ ក្រសួងនេះ ត្រូវបានផ្លាស់ប្ដូរឈ្មោះជាច្រើន ព្រមទាំងអ្នកដឹកនាំជាបន្ដបន្ទាប់ សរុបចំនួន ២៣រូប រួមមាន ៖
១.ហ៊ុយ កន្ធុល
២. ម៉ម សុន
៣. នាល ផ្លែង
៤. ស៊ីសុវត្ថិ មុនីពង្ស
៥. អ៊ុម សម
៦. សាមសុងហ្វ៊ែណង់ដេស
៧. អូ ឈឺន
៨. ឃួន ណៃ
៩. នរោត្ដម ម៉ុង តាណា
១០.ប៉ាល់ ជូន
១១. ហឿ ឡាយអ៊ីន
១២. ម៉ៅ ចយ
១៣. ទូច គីម
១៤. ញ៉ែម សុផល
១៥. កេត ជួង
១៦. ផូ ព្រឿង
១៧. ឃឹម ឌិក
១៨. ហង់ ផាន់
១៩. ពុង ប៉េងចេង
២០. អ៊ឹង ហុងសាធ
២១. ហ៊ែល ស៊ុំផា
២២. អ៊ឹង គៀត
២៣. អ្នកស្រី ទិប ម៉ម។
ចាប់ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ មានថ្នាក់ដឹកនាំចំនួន ៧រូប រួមមាន
១. យ៉ែម សំបូរ
២. ចៅ សេងអ៊ូ
៣. ថាច់ ជា
៤. លឿង ណាល់
៥. ថាច់ ទន
៦.គង់ អ៊ន
៧. ងួន ជាន។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រសួងសង្គមកិច្ចមានតែឈ្មោះ ដែលមានលោកស្រី អៀង ធិរិទ្ធ ជារដ្ឋមន្ដ្រី ។
ក្រោយថ្ងៃ ៧ មករា ១៩៧៩ ក្រុមប្រឹក្សាប្រជាជនបដិវត្ដន៍កម្ពុជាបានបង្កើត ”គណៈសង្គមកិច្ច” នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៧៩ ដែលដឹកនាំដោយឯកឧត្ដម នៅ សាមុំ ។
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គណៈសង្គមកិច្ច ត្រូវបានប្ដូរមកជាក្រសួង “សង្គមកិច្ច” ដឹកនាំដោយលោក ម៉ម សាប៊ុន ជារដ្ឋមន្ដ្រី ។
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៩០ បានប្ដូរឈ្មោះទៅជាក្រសួង “យុទ្ធជនពិការ និងសង្គមកិច្ច” ដែលមានឯកឧត្ដម កុយ ប៊ុនថា ជារដ្ឋមន្ដ្រី ។
ក្រោយពេលមានកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៩២ ក្រសួងសង្គមកិច្ចបានប្ដូរឈ្មោះទៅជាក្រសួង “យុទ្ធជនពិការ សង្គមកិច្ច និងការងារ” ដែលមានឯកឧត្ដម ដូ សូហាន់ ជារដ្ឋមន្ដ្រី។
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៣ បានប្ដូរឈ្មោះទៅជារដ្ឋលេខាធិការដ្ឋាន “សង្គមកិច្ច ការងារ និងអតីតយុទ្ធជន” ដែលមានឯកឧត្ដម ស៊ុយ សែម ជារដ្ឋលេខាធិការ ។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ បានប្ដូរឈ្មោះទៅជាក្រសួង “សង្គមកិច្ច ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងយុវនីតិសម្បទា” ហើយចាប់ពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៣ បានប្ដូរឈ្មោះទៅជាក្រសួង “សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា” ដែលមានឯកឧត្ដម អ៊ិត សំហេង ជារដ្ឋមន្ដ្រី ។ បច្ចុប្បន្ននេះ ក្រសួង “សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា” មានឯកឧត្តម វង សូត ជារដ្ឋមន្ត្រីសម្រាប់អាណត្តិទី៥ នេះ ។
ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៣ ទីស្ដីការក្រសួងសង្គមកិច្ច ស្ថិតនៅអាគារលេខ ២៨ វិថីព្រះធម្មលិខិតអ៊ុក (ផ្លូវលេខ ១៨៤) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ចាប់ពីឆ្នាំ ១៩៨៣ ដល់ឆ្នាំ ២០០០ ទីស្ដីការក្រសួងសង្គមកិច្ច ស្ថិតនៅអាគារលេខ ៦៨ មហាវិថី ព្រះនរោត្ដម ទល់មុខវិទ្យាល័យព្រះស៊ីសុវត្ដិ ។
ទីតាំងទីស្ដីការក្រសួងនេះ នៅក្នុងទសវត្ស៦០ និងដើមទសវត្ស៧០ ជាមជ្ឈមណ្ឌលជនចាស់ជរា និងមណ្ឌលទារិកាទន្សាយ ។
នៅក្នុងរបប ប៉ុល ពត ទីនេះជាមន្ទីរឃុំឃាំង។ ក្រោយឆ្នាំ១៩៧៩ ទីនេះជាទីតាំងកងទ័ព ក្រោយមកបានប្រគល់ជូនក្រសួងសង្គមកិច្ចនៅអំឡុងឆ្នាំ១៩៩២ ដើម្បីធ្វើជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឆ្នាំ ២០០០ បានរៀបចំធ្វើជាទីស្ដីការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
ឆ្នាំ ២០០៧ ចាប់ផ្តើមសាងសង់អគារទីស្តីការក្រសួងថ្មី និងបានសាងសង់ហើយរួចរាល់ជាស្ថាពរនៅឆ្នាំ ២០០៨ ។
ទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបច្ចុប្បន្ន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕