តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចចូលរួម សន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

ភ្នំពេញ៖ ល្ងាចថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ បានអញ្ជើញ ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និង លើកទិស ដៅការងារបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ ) ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់គណៈកម្មាធិការប្រឆាំងទណ្ឌកម្មបន្តចុះពិនិត្យតាមដាននៅតាមកន្លែងឃុំឃាំងនានាដើម្បីបានដឹងពីស្ថានភាព ពង្រឹងកិច្ចការពារបង្ការទប់ស្កាត់ និងប្រឆាំងទារុណកម្ម។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ត នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយរាល់លិខិតុបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដល់អាជ្ញាធរមានសមត្ថកិច្ច ដែល កំពុងបំពេញតួនាទីជាអ្នកគ្រប់គ្រងទីកន្លែងឃាត់ខ្លួន និងកន្លែងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។

ក្រៅពីនេះ បន្តចុះត្រួតពិនិត្យ ដើម្បីតាមដាន ឱ្យបានទៀងទាត់នៅកន្លែងឃុំឃាំងនានា អំពីស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព ដែលនេះក៏ជាមធ្យោបាយមួយ ដើម្បីពង្រឹងកិច្ចការពារ បង្ការទប់ស្កាត់ និងប្រឆាំងទារុណកម្មផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ គណៈកម្មាធិការប្រឆាំងទារុណកម្ម គប្បីបន្តផ្តល់ អនុសាសន៍ដល់ប្រតិបត្តិករក្រោមអាណាព្យាបាល ក្នុងការអង្កេត ស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម និងការអង្កេតស្រាវជ្រាវតាមផែនការកំណត់។ តែទោះយ៉ាងណា លោកបានសង្កាត់ធ្ងន់ថា រាល់តួអង្គអង្កេតស្រាវជ្រាវករណីទារុណកម្មត្រូវស្គាល់តួនាទីភារកិច្ច ពិសេសសិទ្ធិអំណាច ពោលគឺព្រំដែនកំណត់ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដើម្បីចៀសវាងការប៉ះពាល់ដល់សិទ្ធិអំណាចរបស់ភាគីដែលរងការអង្កេតស្រាវជ្រាវ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានជំរុញដល់គណៈកម្មាធិការប្រឆាំងទណ្ឌកម្មបន្តចុះពិនិត្យតាមដាននៅតាមកន្លែងឃុំឃាំងនានាដើម្បីបានដឹងពីស្ថានភាព ពង្រឹងកិច្ចការពារបង្ការទប់ស្កាត់ និងប្រឆាំងទារុណកម្ម៕

ព័ត៌មានជាប់ទាក់ទង