ភ្នំពេញ៖ តាមរយៈសារជូនពរចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមសម្តែងអំណរសាទរប្រកបដោយសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ជូនចំពោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសដ៏សិរីមង្គលនៃខួបចម្រើនជន្មាយុ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ។
ក្នុងសារជូនពរនោះ ឯកឧត្តម ជា សុមេធី បានបញ្ជាក់ថា «ក្នុងទិវាដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង និងការ ប្តេជ្ញាចិត្តដ៏មោះមុត ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ដែលតែងយកចិត្តទុកដាក់ អស់ពីកម្លាំងកាយ និងប្រាជ្ញាស្មារតី បម្រើក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន » ។
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានបន្ថែមទៀតថា ជាក់ស្ដែងក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គោលនយោបាយអាទិភាពគន្លឹះត្រូវដាក់ចេញ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រសូត្រចេញពីការគិតគូរយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយក្នុងគោលដៅបន្តនិរន្តរភាពនៃសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីធានាដល់មូលដ្ឋានគ្រឹះសម្រាប់ដំណើរការអភិវឌ្ឍសង្គមជាតិ ជាពិសេសការលើកកម្ពស់សុខុមាលភាព និង ជីវភាពរបស់មន្ត្រីរាជការ កម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅក្នុងសង្គម ឲ្យកាន់តែប្រសើរឡើងជាលំដាប់ ។ ទន្ទឹមនេះ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្ដេចមហាបវរធិបតី បានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ព្រមទាំងបាននាំមកនូវសមិទ្ធផលផ្លែផ្កាជាច្រើន បម្រើដល់ឧត្តម ប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសការជំរុញដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព ។
ជាមួយនឹងអំណរសាទរក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្កសិទ្ធទាំងឡាយក្នុង លោកសូមតាមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវមហាប្រសើរជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ
នៅក្នុងឱកាសដ៏សិរីមង្គលលាភិរម្យប្រសើរថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី នាឱកាសដ៏មហោនក្ខត្តឫក្សនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ ជា ផល្គុន ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យសិរីមង្គលវិបុលសុខ មហាប្រសើរ ជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់ មានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុប្រទេសឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសំបូរសប្បាយជានិច្ចនិរន្តរ៍៕