ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្ទីរសង្គមកិច្ចខេត្តកំពង់ចាមរៀបចំវេទិកាសាធារណៈឱ្យជនមានពិការភាពលើកអំពីបញ្ហាប្រឈម និងសំណូមពរ

mosvy
20 ខែ​តុលា 2023

កំពង់ចាម៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ចាម បានសហការជាមួយអង្គការជនពិការជួយខ្លួនឯងស្រុកបាធាយរៀបចំ «វេទិកាសាធារណៈរវាងជនមានពិការភាព» ជាមួយនឹងអាជ្ញាធរមូលដ្ឋាន រោងចក្រ សហគ្រាស និងវិស័យឯកជននាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសឱ្យជនមានពិការភាពក្នុងស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ បានបញ្ចេញមតិយោបល់ លើកឡើងពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរនានា ទៅកាន់អាជ្ញាធរមូលដ្ឋាន រោងចក្រ សហគ្រាស និងអ្នកពាក់ព័ន្ធទាំងអស់។

វេទិកានេះ មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តកំពង់ចាម លោកស្រី ប៉ាង ដានី អភិបាលស្រុកជើងព្រៃ លោក លោកស្រីតំណាងមន្ទីរ អង្គភាព ពាក់ព័ន្ធ លោក លោកស្រីអភិបាលរងស្រុកទាំងបី គឺព្រៃឈរ ជើងព្រៃ និងស្រុកបាធាយ លោកប្រធានអង្គការជនពិការជួយខ្លួនឯងស្រុកបាធាយ អង្គការ Voice លោក លោកស្រីតំណាងរោងចក្រចំនួន ០៩ និងជនមានពិការភាពចំនួន ៦០នាក់ សរុបអ្នកចូលរួមចំនួន ៩៦នាក់។

វេទិកានេះរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់ជនមានពិការភាពចំនួន ៦០នាក់ ក្នុងស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ បានបញ្ចេញមតិយោបល់ លើកឡើងពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរនានា ទៅកាន់អាជ្ញាធរមូលដ្ឋាន រោងចក្រ សហគ្រាស និងអ្នកពាក់ព័ន្ធទាំងអស់ដោយផ្ទាល់។

ជាលទ្ធផល ជនមានពិការភាពចំនួន ៣២នាក់ បានលើកឡើងនូវសំណូមពរ និងបញ្ហាពាក់ព័ន្ធ ដូចជាការស្នើសុំការងារធ្វើនៅតាមរោងចក្រ សហគ្រាស សម្ភារនិងទុនសម្រាប់ប្រកបមុខរបរខ្នាតតូច ពូជសត្វ អណ្តូងទឹក បន្ទប់ទឹក បង្គន់ និងប័ណ្ណសមធម៌ ជាដើម។

ដើម្បីដោះស្រាយនូវរាល់សំណូមពរខាងលើ លោកអភិបាលរងខេត្តកំពង់ចាម បានផ្ដល់អនុសាសន៍ ដល់អាជ្ញាធរស្រុកទាំង៣ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវពិនិត្យ ដោះស្រាយតាមស្ថានភាពជាក់ស្ដែង តាមជំនាញរៀងខ្លួន (ត្រូវមានការឆ្លើយតបមកក្រុមការងារវិញ ដោះស្រាយបាន ឬមិនបាន ដើម្បីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត។

លោកស្រីបានស្នើឱ្យរោងចក្រសហគ្រាស ទាំង៩ និងមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពេលដែលជ្រើសរើសបុគ្គលិក សូមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យព័ត៌មានបានដឹងដល់បងប្អូនមានពិការភាព និងចាត់ទុកជនមានពិការភាពជាបេក្ខជនអាទិភាពក្នុងការជ្រើសរើស។

ជាមួយគ្នានេះលោកស្រីបានស្នើឱ្យជនមានពិការភាពទាំងអស់ខិតខំរៀន ឱ្យមានចំណេះជំនាញ តាមរយៈ វិទ្យាស្ថានពហុបច្ចេកវិទ្យា (TVET) ខេត្ត ដើម្បីបង្កើនសមត្ថភាពងាយស្រួលស្វែងរកការងារធ្វើ៕

ព័ត៌មានជាប់ទាក់ទង

  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026