ភ្នំពេញ ៖ ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សុខ ប៊ុនថា បានដឹកនាំមន្រ្តីជំនាញបច្ចេកទេសចូលរួម ធ្វើបទអន្តរាគមន៍លើអនុសាសន៍ ១៧ ៣៣ ៣៧ ៤៩ ពាក់ព័ន្ធវិស័យសង្គមកិច្ចក្នុងសិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីសង្កេតសន្និដ្ឋាននៃរបាយការណ៍លើកទី២ របស់ប្រទេសកម្ពុជាស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពជា តំណាងស្ថានទូត តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ មន្ត្រី ជំនាញបច្ចេកទេស សង្គមស៊ីវិល និងមន្រ្តីពាក់ព័ន្ធ សរុបចំនួន ១០៥នាក់ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់។
ថ្លែងក្នុងពិធីនោះឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើង ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់រដ្ឋ៖ ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល, ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត, ទី៣៖ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឱ្យទៅជាកម្មវិធីជាតិរឹងមាំ, ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ, ទី៥៖ ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបាននូវការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ និងទី៦៖ រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ៕