មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចដឹកនាំមន្ត្រីជំនាញទាំង២៥រាជធានីខេត្តប្រជុំស្វែងរកដំណោះស្រាយជនមានពិការភាពច្រៀងតាមទីសាធាណៈ និងជនអនាថា


ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋមន្ត្រី ឯកឧត្តម ឯម ច័ន្ទមករា រៀបចំកិច្ចប្រជុំមួយនារសៀលថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងដើម្បីស្វែងរកដំណោះស្រាយ ករណីជនមានពិការភាពច្រៀងតាមទីសាធារណៈ និងអ្នកលក់ដូរទំនិញផ្សេងៗ នៅតាមស្តុបនីមួយៗ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត មានចំនួន ៧០រូប ស្រី ១២រូប នាថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសង្គមកិច្ច។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានបញ្ជាក់ថាករណីជនអនាថា និងជនមានពិការភាពច្រៀងតាមស្ដុបនានាគឺជាការព្រួយបារម្ភពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ផ្ទាល់តែម្ដង។ 

ក្នុងកិច្ចប្រជុំនេះមានការផ្ដល់ធាតុចូលច្រើនពីថ្នាក់ដឹកនាំក្រសួង និងមន្ទីររាជធានីខេត្តទាក់ទងនឹងបញ្ហានេះ។ 

សហប្រធាននៃអង្គប្រជុំឯកឧត្ដមរដ្ឋលេខាធិការ ញឹក វណ្ណារ៉ា ក៏បានលើកឡើងថាផងដែរថាការងារនេះត្រូវការមានកិច្ចសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីសម្របសម្រួលជាមួយជនមានពិការភាពដែលច្រៀងនៅតាមស្តុប និងបានស្នើឱ្យកិច្ចសហការគ្នារកមធ្យោបាយដោះស្រាយបញ្ហាទាំងនេះ។ ឯកឧត្តមក៏បានស្នើឱ្យមានការសិក្សាពីការដោះស្រាយបញ្ហាទាំងនេះនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានលើកឡើងផងដែរថាបញ្ហាពិការភាព និងជនអនាថាគឺជាកិច្ចការពហុវិស័យដែលទាមទារឱ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធក៏ដូចជាអាជ្ញាធរដែនដីក្នុងការដោះស្រាយ។ 

ឯកឧត្តមន្ថែមថា៖ «កន្លងមកទាំងអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ និងនាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានរឯកឧត្តម ជា សុមេធី ជាសេនាធិការ គឺបានយកចិត្តទុកដាក់ណាស់ដើម្បីដោះស្រាយបញ្ហាជនអនាថា ជនច្រៀងតាមផ្លូវ អ្នកញៀនគ្រឿងញៀនអីហ្នឹងគឺធ្វើយ៉ាងណាកុំឱ្យគាត់ទទួលរងផលប៉ះពាល់ ធ្វើយ៉ាងណាឱ្យជីវិតពួកគាត់មានភាពប្រសើរឡើង»។ 

ជាមួយគ្នានេះ ឯកឧត្តម ឯម ច័ន្ទមករា បានមានមតិថា គួររករូបមន្តណា ដើម្បីអាចជួយជនមានពិការភាពខាងលើឱ្យបានសមស្រប និង រៀបចំគោលនយោបាយឱ្យបានច្បាស់លាស់។ លោកក៏គាំទ្រមតិនៃការរៀបចំច្បាប់ អនុក្រឹត្យ និងគោលនយោបាយ។

ជាចុងក្រោយ អង្គប្រជុំបានឯកភាពគ្នាក្នុងការរៀបចំរបាយការណ៍ជូនរដ្ឋមន្ត្រីដើម្បីស្នើរៀបចំនូវលិខិតបទដ្ឋានគតិយុត្តិបន្ថែមដើម្បីគ្រប់គ្រងជនមានពិការភាពច្រៀងតាមផ្លូវ និងជនអនាថា ខណៈអង្គប្រជុំនឹងធ្វើការប្រជុំជាមួយអនុគណៈកម្មការដោះស្រាយបញ្ហាជនអនាថាបន្តទៀតនាពេលខាងមុខ៕ 

ព័ត៌មានជាប់ទាក់ទង