ឯកឧត្តម ចាប តូ៖ កតញ្ញូគឺជាជំហានទីមួយនៃធម៌មនុស្ស

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ចាប តូ បានដឹកនាំជនមានពិការភាពចំនួន ៥០នាក់ចូលរួមក្នុងកម្មវិធី “មួយម៉ឺនអាល័យលើកទី៧ និងមហោស្រពអាហារបួស” ដើម្បីអបអរសាទរខួប៧០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ និងអបអរសាទរព្រះរាជសម្ភព គម្រប់៧០ព្រះវស្សា នៃសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្រោមអធិបតីភាពរដ្ឋលេខាធិការ និងក្រុមការងារពិការភាពក្រសួងកិច្ចការនារីលោកជំទាវ ញ៉ែម មរកត និងការចូលរួមពី សិស្ស និស្សិត សិល្បៈករ សិល្បៈការិនី ជនមានពិការភាព ប្រមាណ ២០០នាក់។

ក្នុងនាមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ជា សុមេធី ឯកឧត្តមអនុរដ្ឋលេខាធិការ ចាប តូ បានលើកឡើងថា កម្មវិធីនេះគឺជាស្មារតីគំរូមួយដែលជំរុញទឹកចិត្តដល់យុវជនខ្មែរគួរនាំគ្នាសិក្សាស្វែងយល់ពីគុណតម្លៃនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានខិតខំលះបង់ដើម្បីការពារ ថែរក្សាព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជាប្រទេសមួយប្រកបដោយអត្តសញ្ញាណ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រ មានអរិយធម៌ភាសាផ្ទាល់ខ្លួននិងល្បីរន្ទឺនៅលើពិភពលោក គោលបំណងមួយទៀតនៃក្រុមយុវជនស្ម័ត្រចិត្ត គឺលើកកម្ពស់ធម៌កតញ្ញូ ជំរុញទទួលទានអាហារបួស។

ឯកឧត្តមបានបញ្ជាក់ថា៖ «កតញ្ញូគឺជាជំហានទីមួយនៃធម៌មនុស្ស! សូត្រគម្ពីរធម៌គឺជាការរៀន និងស្រាវជ្រាវអំពីសច្ចៈពិត»។

ឯកឧត្តមបានកោតសសើរ និងសង្ឃឹមថា ក្រុមព្រះសុរិយា នឹងបន្តប្រព្រឹត្កកម្មវិធីមួយម៉ឺនអាល័យឱ្យបានទៀងទាត់ ទូលំទូលាយ និងទុកជាកេរិ៍តមរតកសម្រាប់យុវជនជំនាន់ក្រោយឱ្យបន្តរួមចំណែកថែរក្សាវិស័យសិល្បៈទី៧នេះ ក៏ដូចជាស្នាព្រះហស្ថដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីរំលឹកដល់ព្រះឧបក្ការៈគុណ ព្រះមហាករុណាទិគុណដ៏ធំធេងនៃព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបិតាសិល្បៈវប្បធម៌ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

កម្មវិធី “មួយម៉ឺនអាល័យលើកទី៧” នៅឆ្នាំនេះក៏មានមានការបញ្ចាំងភាពយន្តខ្មែរស្នាព្រះហស្ថ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ភាពយន្តដែលជាស្នាដៃរបស់ផលិតករខ្មែរមុនរបបខ្មែរក្រហម ការសម្តែងរបាំព្រះរាជទ្រព្យដោយក្លឹបសិល្បៈវប្បធម៌យុវណ្ណ សមាគមន៍ចាប៉ី ការសម្តែងក្បាច់គុនតេក្វាន់-ដូ ITF ការតាំងពិព័រណ៍ព្រះរាជសកម្មភាព មហោស្រពអាហារបួស និងផ្សារសិប្បកម្មផលិតផលខ្មែរផងដែរ។

ដោយឡែក ក្រុមយុវជនស្ម័គ្រចិត្តនៃព្រះវិហាហុងទ័រ និង ក្រុមព្រះសុរិយាក៏បានរៀបចំអាហារបួស ដោយអញ្ជើញជនមានពិការភាពភ្នែក កាយសម្បទា មកទទួលទានអាហារបួសចំនួន ៥០នាក់ ដើម្បីថ្វាយព្រះមហារាជកុសលដល់ព្រះរាជវិញ្ញាណក្ខន្ធ ព្រះបិតាឯករាជ្យជាតិខ្មែរ និងថ្វាយព្រះពរមហាប្រសើរថ្វាយព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់៧០ ព្រះវស្សា៕

ព័ត៌មានជាប់ទាក់ទង