ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ «ស្រមៃមើលឱកាស»

សៀមរាប៖ នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ៖ «ស្រមៃមើលឱកាស»។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាប្រសិនជាមានស្ត្រីដឹកនាំកាន់តែច្រើននោះពិភពលោកកាន់តែស្រស់បំព្រងនិងកក់ក្ដៅជាងមុន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងដោយជំរុញឲ្យមានការចូលរួមរបស់ស្ត្រីនិងក្មេងស្រីក្នុងសកម្មភាពសង្គមផ្សេងៗដើម្បីជំរុញនូវភាពក្លាហានក៏ដូចជាកិច្ចការនៅក្នុងសង្គមរបស់ស្ត្រី។

សម្ដេចមានប្រសាសន៍ថា៖ «ជាមួយនឹងការគាបសង្កត់ពីកត្តាសកម្មភាពផ្សេងៗដូចជាសង្គមប្រពៃណីសេដ្ឋកិច្ចកត្តាកង្វះការយល់ដឹង។ ស្ត្រីរាប់លាននាក់នៅលើពិភពលោកត្រូវបានរារាំងមិនឲ្យទទួលបាននូវឱកាសក្នុងការអភិវឌ្ឍន៍ ខ្លួនឯង និងចូលរួមសកម្មភាពសង្គម ក្នុងកិច្ចសហការដំបូងរបស់ខ្លួន។ សម្រាប់ខ្ញុំនេះគឺជាការបាត់បងធនធានមនុស្សដ៏រឹងមាំប្រកបដោយចីរភាពសម្រាប់សង្គមជាតិប្រសិនបើពួកគាត់បាត់ឱកាសនេះ»។

សម្ដេចថា អាស្រ័យដូចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្រ្តីគឺជាស្នូល។

សម្ដេចបានបញ្ជាក់ពីជំហរកម្ពុជា ក្នុងការគាំទ្រទៅដល់សមាគមកាយរិទ្ធនារីពិភពលោក និងអាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសសមាគមកាយរិទ្ធនារីកម្ពុជា ក្នុងសកម្មភាពជួយទៅដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជាដើម្បីឲ្យពួកគេទទួលបានអនាគតល្អ និងក្លាយទៅជាធនធានដ៏ចាំបាច់សម្រាប់ជាតិទៅថ្ងៃខាងមុខទៀត៕

ព័ត៌មានជាប់ទាក់ទង