សៀមរាប÷ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សួង ម៉េងឡុង រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីជា សុមេធី បានអញ្ជើញចូលរួមក្នុពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីនេះ សម្តេចធិបតី បានលើកឡើងថា ព្រលានយន្តហោះដែលមានលក្ខណៈទំនើបអាចទទួលបានជើងយន្តហោះច្រើនជាសមិទ្ធផលមួយ មិនមែនសម្រាប់តែបច្ចុប្បន្នកាល ការឆ្លើយតបតម្រូវការបច្ចប្បន្នកាល ប៉ុន្តែវាជាការត្រៀមលក្ខណៈសម្បត្តិ សម្រាប់អនាគត។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជំរុញឲ្យមានការគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ធ្វើយ៉ាងណាឲ្យក្លាយទៅជាកន្លែងទទួលបដិសណ្ឋារកិច្ចដ៏ល្អមួយ ដើម្បីឱ្យភ្ញៀវទេសចរណ៍ ទទួលបានអនុស្សាវរីយ៍ដ៏ល្អជាដំបូង។
សម្តេចថ្លែងថា៖ «ត្រូវធ្វើយ៉ាងណាឱ្យការងារទាំងអស់រួមទាំងការងារបដិសណ្ឋារកិច្ច ការងារផ្តល់សេវាផ្សេងៗ ទាំងសេវានៅខាងក្រៅ និងខាងក្នុង យើងធ្វើឱ្យទៅជាកន្លែងមួយដែលថាអ្នកដំណើរឆ្លងកាត់មានអនុស្សាវរីយ៍ល្អ ហើយជាព្រលានយន្តហោះមួយ ដែលមានទទួល និងផ្តល់សេវាដោយភាពកក់ក្តៅ»។
គួរឱ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន៕