ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថារដ្ឋាភិបាលកម្ពុជាមិនមែនធ្វើការតែពេលល្អនោះទេ តែនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈដោយថាមិនដែលទុកប្រជាជនចោលនោះទេ។ សម្ដេចថ្លែងបែបនេះក្នុងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន» ព្រឹកថ្ងៃអង្គារ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថាជាង ៤០ឆ្នាំមកនេះរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយបក្សប្រជាជនគឺតែងតែងនៅជាមួយពលរដ្ឋគ្រប់ពេលចាប់តាំងពីរំដោះពីរបបប្រល័យពូជសាសន៍ បញ្ហាគ្រោះធម្មជាតិ វិបត្តិសេដ្ឋកិច្ចសាកល និងជំងឺកូវី-១៩ ជាដើម ដែលបញ្ហាទាំងនេះបានធ្វើឱ្យរដ្ឋាភិបាលរៀបចំនៅគោលនយោបាយនិងវិធីសាស្ត្រផ្សេងៗដើម្បីជួយទៅដល់ប្រជាពលរដ្ឋ។
សម្ដេចថា៖ «រាជរដ្ឋាភិបាលយើងមិនមែនធ្វើសកម្មភាពតែពេលល្អ ពេលលំបាកទុកប្រជាពលរដ្ឋចោលនោះទេ។ ប៉ុន្ដែជារដ្ឋាភិបាលមួយដែលបុរេសកម្ម ក្នុងរយៈពេល ៤០ឆ្នាំនេះប្រវត្តិនៃការតស៊ូរំដោះប្រទេសបង្រួបង្រួមជាតិនិងការជួយទៅដល់ប្រជាពលរដ្ឋ»។
សម្ដេចបន្ថែមថា រដ្ឋាភិបាលអាណត្កិទី៧នឹងបន្តនូវគោលការណ៍ធ្វើយ៉ាងណាឱ្យប្រព័ន្ធនៃការគាំពារដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ជា សុមេធី បានថ្លែងថាការប្រកាសដាក់អនុវត្តន៍គោលការណ៍កម្មវិធីជាតិចំនួន២ នៅថ្ងៃនេះ គឺធ្វើឡើងស្របតាមគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងផ្អែកតាមបទពិសោធន៍នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមកន្លងមក។ ការដាក់ជាកម្មវិធីនេះនឹងត្រូវរួមបញ្ចូលកម្មវិធីជាតិជំនួយសង្គមដែលមានស្រាប់មួយចំនួនទៅក្នុងកមុ្មវិធីថ្មី។
ឯកឧត្តមថា៖ «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា ខ្ញុំបាទ សូមប្ដេជ្ញាចិត្តបំពេញបេសកកម្មនេះដោយស្មារតីម្ចាស់ការ ច្នៃប្រឌិត ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់ដើម្បីធានាការអនុវត្តក្របខណ្ឌទាំង២នេះទទួលបានជោគជ័យ»។
ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមចំនួន២ ដែលនាដាក់អនុវត្តន៍នាថ្ងៃនេះរួមមាន គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលសំដៅជួយដល់គ្រួសារដែលងាយរងគ្រោះឱ្យទទួលបាននូវការគាំពារសង្គមដ៏រឹងមាំមួយ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើបតបនឹងគ្រោះអាសន្ន ដែលនឹងផ្ដល់ការគាំពារមានលក្ខណៈជាប្រព័ន្ធដល់ពលរដ្ឋដែលរងគ្រោះពីហានិភ័យនានាដូចជាគ្រោះធម្មជាតិ វិបត្តិសេដ្ឋកិច្ច និងសុខភាពសាធារណៈជាដើម។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពចាំបាច់ក្នុងការដាក់ជាកញ្ចប់បែបនេះគឺដើម្បីធ្វើឱ្យមានភាពងាយស្រួល មានអង្គភាពទទួលខុសត្រូវច្បាស់លាស់ ធានាលក្ខណៈរយៈពេលវែង ភាពធន់ លើកកម្ពស់ការចូលរួមនិងទទួលផលដោយគ្មានការរើសអើង និងគ្រប់ដណ្ដប់ឱ្យបានច្រើននៅទូទាំងប្រទេស។
គួរឱ្យដឹងផងដែរថាចាប់តាំងពីអនុវត្តន៍កម្មវិធីជំនួយសង្គមដែលរួមមានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ជួយដល់គ្រួសារក្រីក្រនិងរងគ្រោះពីជំងឺកូវីដ-១៩ គ្រោះធម្មជាតិ និងអតិផរណាចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ប្រមាណជា ១ ៣០០លានដុល្លារ៕