ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

លទ្ធផលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ នៅសាធារណរដ្ឋសិង្ហបុរីរបស់ឯកឧត្តម ជា សុមេធី

mosvy
7 ខែ​វិច្ឆិកា 2024

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារ អាស៊ីលើកទី៤ ឆ្នាំ២០២៤ ក្រោមប្រធានបទ “គ្រួសារអាស៊ីដែលមានភាពរឹងមាំ និងភាពធន់៖ បញ្ហាប្រឈម និងកាលានុវត្តភាព” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរនោះ ឯកឧត្តមបានបំពេញការ ងារដូចខាងក្រោម៖

(១) សម្រាប់កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម ឯកឧត្តម រដ្ឋមន្ត្រី ជា សុមេធី បានអញ្ជើញថ្លែងសុន្ទរកថា ដោយបានលើកឡើងពីការដឹកនាំប្រទេសប្រកប ដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានបន្តការយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធគាំពារសង្គម និងបានរំលេចអំពី កម្មវិធីជាតិជំនួយសង្គម ដែលកម្ពុជាបាន និងកំពុងអនុវត្តចាប់តាំងពីឆ្នាំ២០១៩ ដើម្បីជួយគាំទ្រ ដល់ក្រុមគ្រួសាររងគ្រោះ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារ ងាយរងហានិភ័យ តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងក្រោមក្របខណ្ឌ កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គម ទាំងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវ គុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ ការលើកស្ទួយកម្រិតជីវភាពរស់នៅ និងការធានាសុខុមាលភាពរបស់ប្រជាជនគ្រប់រូប។

(២) សម្រាប់សន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានដឹក នាំប្រតិភូចូលរួមក្នុងសន្និសីទនេះ ដែលជាវេទិកាថ្នាក់តំបន់ ដើម្បីពង្រឹងការអនុវត្តការស្រាវជ្រាវ គោលនយោបាយទាក់ទងនឹងការពង្រឹងគ្រួសារអាស៊ី តាមរយៈការស្វែងរកវិធានគន្លឹះ និងការ ស្រាវជ្រាវពីគ្រួសារដែលមានភាពធន់ វិធីសាស្ត្រផ្តោតលើគុណតម្លៃគ្រួសារចំពោះបញ្ហាសង្គម និងការបង្កើតបណ្តាញសម្រាប់អ្នកអនុវត្តទាំងអស់ក្នុងតំបន់អាស៊ីទាំងមូល។

ក្រៅពីការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និង សន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រីក៏មានជំនួបទ្វេភាគីជាមួយ ឯកឧត្តម Masagos Zulkifli រដ្ឋមន្ត្រីអភិវឌ្ឍន៍សង្គម និងគ្រួសារ នៃសាធារណរដ្ឋសិង្ហបុរី ដើម្បី ពិភាក្សាលើគំនិតផ្តួចផ្តើម ស្តីពីកិច្ចសហការប្រតិបត្តិការលើការពង្រឹងកិច្ចការគ្រួសាររវាងក្រសួងទាំងពីរ។ ជំនួបដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael Gorge នៃរាជវង្សអង់គ្លេស និង លោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Care for Children ដោយក្នុងជំនួបកិច្ចពិភាក្សានោះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ និង លោកនាយកប្រតិបត្តិអង្គការ ដែលបានសហការក្នុងការបំពេញបេសកកម្មរបស់ខ្លួន តាមរយៈ ការអនុវត្តគម្រោងថែទាំកុមារនៅកម្ពុជា ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ៕

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026