ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសង្គមកិច្ចរម្លឹកពីគោលនយោបាយចំនួន ៦ចំណុចរបស់រដ្ឋាភិបាលដល់មន្ទីរសង្គមកិច្ចខេត្តព្រះសីហនុ

mosvy
25 ខែ​កញ្ញា 2023

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា ឯកឧត្តម ជា សុមេធី បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា លោក សម សុភា បានលើកឡើងថា ដោយមានការគាំទ្រពីក្រសួងសង្គមកចិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រួមជាមួយអង្គការដៃគូនានាបានបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការល្អលើការផ្តល់សេវាសង្គមកិច្ច និងការអនុវត្តកម្មវិធីជំនួយសង្គមនានា ក្នុងក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមប្រកបដោយភាពជោគជ័យដល់ជនរងគ្រោះ និងងាយរងគ្រោះក្នុងខេត្តព្រះសីហនុ ដោយមានអ្នកទទួលផលប្រមាណសរុប ១១ ៤៦៧នាក់។

លោក សម សុភា បានគូសបញ្ជាក់ថា ទិសដៅបន្តរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទាគ្រោងបង្កើតទីតាំងមណ្ឌលសំចតដើម្បីបន្តដោះស្រាយបញ្ហាជនអនាថាដោយនឹងបង្កើតកិច្ចសហការរជាមួយអង្គការដៃគូដើម្បីផ្តល់សេវាចាំបាច់ជូនជនរងគ្រោះ និងភាពច្បាស់លាស់លើការគ្រប់គ្រងមន្ត្រីដែលកំពុងបម្រើការងារនៅសាខាមូលនិធិជាតិជំនួយសង្គម។ ពង្រឹងសមត្ថភាពកំលាំងសេវាសង្គម បង្កើនអន្តរាគមន៍ និងពង្រឹងលើការគ្រប់គ្រងករណីជនរងគ្រោះ និង បង្កើនសកម្មភាពផ្សព្វផ្សាយ យុទ្ធនាការគ្រួសាររឹងមាំ សំដៅទប់ស្កាត់ និងបង្ការអំពើហឹង្សាក្នុងគ្រួសារផងដែរ។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ឯកឧត្តម ជា សុមេធី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធ ដែលចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុប្រកបដោយភាពជោគជ័យ។

ទន្ទឹមនោះឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងពីការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្តមុនបំណាច់ឆ្នាំ២០២៣ ដែលជាក្តីសង្ឃឹមរបស់រាជរដ្ឋាភិបាលរួមមាន ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេល មានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែលថា យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយឥតបង់ប្រាក់ ថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។ ការផ្ដល់កម្មវិធីជាតិជំនួយសង្គមដល់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ព្រមទាំងអ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។

ចំពោះប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម)។ រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។

ក្នុងគោលនយោបាយទាំង៦នេះមានពីរចំណុចដែលសំខាន់ទាក់ទងនឹងការងារសង្គមកិច្ចគឺ កម្មវិធីទី២ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគោលនយោបាយទី៣ ការជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពីហានិភ័យ វិបិត្តិសេដ្ឋកិច្ច និងគ្រោះអាសន្ន។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរសង្គមកិច្ចខេត្តព្រះសីហនុត្រូវបន្តការអនុវត្តភារកិច្ច និងការទទួលខុសត្រូវ ត្រូវរក្សាសមិទ្ធផលដែលកម្ពុជាសម្រេចបាន ពង្រឹងសាមគ្គីភាព កៀរគរធនធានបច្ចេកទេស និងហិរញ្ញវត្ថុពីសប្បុរសជននានា ម្ចាស់ជំនួយដើម្បីជំរុញអនុវត្តការងារឱ្យបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ ទប់ស្កាត់ និងឆ្លើយតប ពិសេសពង្រឹងការងារបណ្ដុះបណ្ដាលមន្ត្រី និងត្រូវយកចិត្តទុកដាក់បើកផ្ដល់របបសន្ដិសុខសង្គមដល់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន (ទទួលមរណភាព) ដែលនៅសេសសល់ឱ្យបានទាន់ពេលវេលា។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី បានគូសបញ្ជាក់ថា ឯកឧត្តមនឹងបន្តចុះជួបពិនិត្យវឌ្ឍនភាពមន្ទីរសង្គមកិច្ចតាមបណ្តាខេត្តផ្សេងៗទៀត ខណៈទីតាំងខ្លះត្រូវការអភិវឌ្ឍបន្ថែម ជាពិសេសទទួលដឹងនូវបញ្ហាប្រឈមដែលតាមមន្ទីរបានជួបប្រទះ ដើម្បីពិនិត្យដោះស្រាយ និងបណ្តុះបណ្តាលធនធានមន្រ្តីបន្ថែមទៀតដើម្បីភាពល្អប្រសើរ៕

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026